COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ លើកពេលអូឡាំពិក ជប៉ុននឹងត្រូវចំណាយក្បែរ៣ពាន់លានដុល្លារទៀត
× ការផ្លាស់ប្តូរពេលប្រកួតកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ នឹងធ្វើឲ្យជប៉ុនកើនការចំណាយបន្ថែមយ៉ាងច្រើនសន្ទឹក។ បន្ទាប់ពីយល់ព្រមពន្យារពេលការប្រកួត នៅថ្ងៃទី២៦ ខែមីនានេះ ម្ចាស់ផ្ទះជប៉ុនបានកោះហៅក្រុមការងារដើម្បីចាប់ផ្តើមធ្វើការងារដែលស្មុគស្មាញបំផុតមិនធ្លាប់ជួបពីមុនមក។
ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅបានសម្រេចពន្យាពេលទៅឆ្នាំក្រោយ ដោយសារឥទ្ធិពលដ៏ខ្លាំងក្លានៃការរីករាលដាលនៃជំងឺឆ្លង COVID-19។ អ្នករៀបចំការប្រកួត បង្ហាញភាពស្មុគស្មាញ និងឈឺក្បាលក្រោយពេលផ្លាស់ប្តូរព្រឹត្តិការណ៍ដ៏ធំសម្បើមទៅឆ្នាំបន្ទាប់ដោយគ្មានកាលបរិច្ឆេទច្បាស់លាស់។
«ពីមួយជំហានទៅមួយជំហាន យើងត្រូវធានាឲ្យបានច្បាស់ថារាល់បញ្ហាគឺយើងត្រូវតែអាចដោះស្រាយបាន»។ នាយកប្រតិបត្តិកីឡាអូឡាំពិកក្រុងតូក្យូលោក Toshiro Muto ថ្លែងបែបនេះក្នុងកិច្ចប្រជុំដំបូងជាមួយក្រុមការងារ ដោយលោកសង្កត់ធ្ងន់លើកការចំណាយបន្ថែមគឺពិតជាច្រើនលើសលុប។
យ៉ាងណាលោក Muto មិនទាន់អាចប៉ាន់ស្មានថាដំណើរការនៃការពន្យារពេលការប្រកួតអូឡាំពិក និងប៉ារ៉ាឡាំពិកនឹងអាចចំណាយបន្ថែមអស់ប៉ុន្មាននៅឡើយនោះទេ។
បើយោងតាមសារព័ត៌មានជប៉ុន Nikkei daily អ្នករៀបចំបានប៉ាន់ស្មានថានឹងត្រូវចំណាយប្រាក់បន្ថែមចំនួន ២,៧ ពាន់លានដុល្លារអាមេរិកទៀត រួមទាំងការជួលអគារ ការកក់សណ្ឋាគារ និងការបង់ប្រាក់បន្ថែមសម្រាប់បុគ្គលិក និងសន្តិសុខផង។ ប៉ុន្តែ ការចំណាយនេះអាចធ្លាក់ចុះវិញមួយចំនួនអាស្រ័យលើការចរចារ។
ការផ្លាស់ប្តូរព្រឹត្តិការណ៍ដ៏ធំមួយ គឺមិនមែនប្ដូរតែការប្រកួតនោះទេ។ ផ្ទាំងផ្សព្វផ្សាយជាច្រើនត្រូវកែតម្រូវឡើយវិញ រួមទាំងការងារបច្ចេកទេសជាច្រើនទៀត ហើយទាំងអស់នេះសុទ្ធតែត្រូវការលុយ។
ដោយឡែក មិនទាន់មានពេលវេលាកំណត់ណាមួយអំពីការរៀបចំព្រឹត្តិការណ៍ឡើងវិញនៅថ្ងៃណា ខែណានៅឡើយទេដោយគ្រាន់តែដឹងថានៅឆ្នាំ ២០២១ ប៉ុណ្ណោះ។ ជុំវិញករណីនេះ អ្នករៀបចំធានាថាការសម្រេចចិត្តនឹងត្រូវធ្វើឡើងយ៉ាងឆាប់រហ័សបំផុតតាមតែអាចធ្វើទៅបាន។ លោក Muto រំពឹងថាការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនឹងអាចដំណើរការបាននៅឆ្នាំ ២០២១៕
© រក្សាសិទ្ធិដោយ thmeythmey.com