COVID-19
អន្តរជាតិ
​អង់​តាក​ទិច ជា​ទ្វីប​ដែល COVID-19 មិនបាន​ទៅដល់​
27, Mar 2020 , 9:19 am        
រូបភាព
អ្នកទេសចរ ជិះកម្សាន្តលើទឹកនៅទ្វីបអង់តាកទិច (AFP)
អ្នកទេសចរ ជិះកម្សាន្តលើទឹកនៅទ្វីបអង់តាកទិច (AFP)
​ទោះបីជា​ព័ត៌មាន​អំពី​ករណី​ឆ្លង​ជុំវិញ​ជំងឺ​ផ្លូវដង្ហើម COVID-19 កំពុង​រីក​រាលដាល​ទូទាំង​ពិភពលោក​យ៉ាង​រហ័ស​ក៏ពិតមែន នៅមាន​ទ្វីប​មួយ​ដែល​មិនទាន់បាន​ប្រកាស​ករណី​នៃ​ការឆ្លង​វីរុស​ប្រភេទ​នេះ​នៅឡើយ​ទេ​។ វា​គឺជា​ទ្វីប​មួយ​ដែល​គ្របដណ្តប់​ដោយ​ទឹកកក ភាព​រងា និង​ងងឹត​សឹងតែ​ពេញ​កន្លះ​ឆ្នាំ​។ នេះ​គឺជា​ទ្វីប​អង់​តាក​ទិច​ដែលជា​ដែនដី​ចុងក្រោយ​នៃ​ទិស​ខាងត្បូង​។

 
​ក្នុង​រយៈពេល​ប្រមាណ​ខែ​ចុង​ក្រោយនេះ មនុស្ស​ប្រមាណ​៤០០០​នាក់ កំពុង​តាមដាន​ព័ត៌មាន​អំពី​ការឆ្លង​នៃ​វីរុស COVID-19 ពី​ចំងាយ​នៅឯ​ទ្វីប​អង់​តាក​ទិច​។ ការឆ្លង​ដែល​ចាប់ផ្តើម​ឡើង​នៅក្នុង​ទីក្រុង​វូ​ហាន បានធ្វើ​ដំណើរ​រហូត​ទៅ​ដល់​គ្រប់ទិសទី លើកលែងតែ​ទ្វីប​អង់​តាក​ទិច​មួយ​ប៉ុណ្ណោះ​។ 
 
​កាសែត​អាមេរិក The Washington Post ចុះផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែមីនា​នេះ បាន​និយាយថា ទោះបីជា​ក្នុង​កាលៈទេសៈ​ធម្មតា​ក្តី ការចេញចូល​ទ្វីប​មួយ​នេះ​គឺជា​រឿង​ដែល​តឹងតែង​បំផុត ជាមួយនឹង​ការពិនិត្យ​សុខភាព​យ៉ាង​ច្បាស់លាស់​ពី​សំណាក់​អ្នកជំនាញ​។ ត្រង់ចំណុច​នេះ លោក Della Rovere ដែលជា​អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ​ជនជាតិ​អ៊ី​តា​ល​ប្រចាំ​ទ្វីប​អង់​តាក​ទិច​បាន​និយាយថា​៖«​ក្នុង​ពេលនេះ អង់​តាក​ទិច​គឺជា​កន្លែង​ដែលមាន​សុវត្ថិភាព​ជាងគេ​នៅក្នុង​ពិភពលោក​»​។ 
 
​ជាទូទៅ អ្នកធ្វើដំណើរ​ទៅ​ទ្វីប​អង់​តាក​ទិច​គឺជា​ក្រុម​អ្នកជំនាញ ឬ​អ្នកស្រាវជ្រាវ​ដែល​ធ្វើការ​ស្នាក់​នៅក្នុង​ស្ថានីយ​ពិសោធន៍​ធំៗ​ក្នុងនោះ​មានដូចជា McMurdo Station និង Amundsen-Scott South Pole Station ។ អ្នករស់នៅ​ក្នុង​ទ្វីប​នេះ​ប្រហែលជា​មិន​ងាយ​ទទួល​ការចម្លង​ពី​វីរុស​មួយ​នេះ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​វីរុស​នេះ​បាន​ឆ្លង នោះ​ពួកគេ​នឹងមាន​ភាព​ប្រឈម​ខ្លាំង​។ អ្នកជំនាញ​ទាំងនោះ​អាច​គ្រប់គ្រង​ជំងឺ​ផ្សេងៗ​បាន តែ​ចំពោះ COVID-19 វា​មិនមែនជា​រឿង​ដែល​ងាយស្រួល​ប៉ុន្មាន​នោះទេ​។ 
 
​ទ្វីប​អង់​តាក​ទិច​គឺជា​ទ្វីប​ដែល​ពិបាក​រស់នៅ​ខ្លាំងណាស់​ជាពិសេស​នា​រដូវរងា​ខ្លាំង និង​អ្នកស្រាវជ្រាវ​ភាគច្រើន​បាន​ត្រលប់​ទៅកាន់​ប្រទេស​កំណើត​មុន​ពេលដែល​រដូវក្តៅ​ឈានចូល​មកដល់​វិញ​មកវិញ​។ បើតាម កាសែត​អាមេរិក​ដដែល​នេះ លោក Mike Brian ដែលជា​អ្នកស្រាវជ្រាវ​ម្នាក់​នៅឯ​ស្ថានីយ Rothera របស់​ប្រទេស​អង់គ្លេស​បានបញ្ជាក់​ថា ការងារ​ត្រូវបាន​គេ​អនុវត្ត​ឡើងជា​ធម្មតា បើទោះបីជា​វីរុស​នេះ​បាន​នឹង​កំពុង​បង្ក​ភាពចលាចល​នៅតាម​តំបន់​ផ្សេងៗ​ទៀត​ក៏ដោយ​។ ជីវិត​នៅទីនេះ​ពិតជា​មាន​ភាព​ឯកោ​ខ្លាំងណាស់ ឆ្ងាយ​ពី​ទីប្រជុំជន​ធំៗ​របស់​មនុស្ស ហើយ​វេជ្ជ​ប​ណ្ទិ​ត​ដែល​ប្រចាំការ​នៅ​ទីនោះ​ក៏​មិនមាន​ច្រើន​នោះដែរ ជាមួយនឹង​ការចេញចូល​មានកំណត់​តាមរយៈ​យន្តហោះ ឬ​នាវា​ក្នុង​មួយឆ្នាំៗ​។​
 
​ទ្វីប​អង់​តាក​ទិច​មិនមាន​ចំនួន​ពលរដ្ឋ​ច្បាស់លាស់​ឡើយ ប៉ុន្តែ​មាន​វត្តមាន​អ្នកលេង​ពី​១០០០​ទៅ​៥០០០​នាក់​ទៅតាម​រដូវ​កាល​។ ទោះបីជា​យ៉ាងណាក៏ដោយ ទ្វីប​នេះ មានការ​បែងចែក​ដែនដី ដែល​គ្រប់គ្រង​ដោយ អា​ហ្ស​ង់​ទីន អូស្ត្រាលី ស៊ី​លី បារាំង នូ​វែ​ល​សេ​ឡង់ ន័​រវេ​ស និង​ចក្រភព​អង់គ្លេស ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com