COVID-19
ជាតិ
អ្នកជំងឺកូវីដ១៩នៅកម្ពុជាកើនដល់៩៨ នាក់ ក្រោយឃើញ២ករណីដែលជាជនជាតិឥណ្ឌូណេស៊ីនៅសៀមរាប
× ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី២៦ ខែមីនា នេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន២នាក់បន្ថែមដែលជាជនជាតិឥណ្ឌូណេស៊ីនៅសៀមរាប ។ សរុបមកដល់ពេលនេះ អ្នកឆ្លងកូវីដ១៩នៅកម្ពុជា មាន៩៨នាក់ហើយ ក្នុងនោះជាសះស្បើយមាន១នាក់ទៀត ដែលធ្វើឲ្យអ្នកជាសរុបឡើងដល់១១នាក់។
តាមក្រសួងសុខាភិបាល បុរសឥណ្ឌូណេស៊ីទាំងពីរអាយុ៤១ឆ្នាំ និង៤៥ឆ្នាំ បានតេស្តឃើញវិជ្ជមាននៅមន្ទីរពេទ្យផាយ៉ាថៃ ក្រុងបាងកក តែដោយសារអត់ថវិកាទើបនាំគ្នាធ្វើដំណើរមកកម្ពុជា។ បច្ចុប្បន្ន ពួកគេត្រូវដាក់ឲ្យព្យាបាលនៅសៀមរាប។
ជាមួយគ្នានេះ ដំណឹងល្អមួយនៅកោះកុង ដោយអ្នកជំងឺវ័យ៥៧ឆ្នាំ បានជាសះស្បើយក្រោយលទ្ធផលអវិជ្ជមានពីរដង។
ក្រសួងក៏បានលើកឡើងពីករណីជនជាតិស៊ុយអែតម្នាក់នៅភ្នំពេញ ដែលមិនមានរោគសញ្ញា ហើយបានសុំវិញ្ញាបនបត្របញ្ជាក់សុខភាព ហើយមុនចេញលទ្ធផលនៅប៉ាស្ទ័រ គាត់បានទៅប្រទេសថៃ នាយប់ថ្ងៃ២៥ ខែមីនា តែលទ្ធផលបញ្ជាក់ថា គាត់វិជ្ជមាន COVID-19។ ករណីនេះ មិនត្រូវបានរាប់បញ្ចូលក្នុងដែនកម្ពុជាឡើយ។
នៅសៀមរាប ក្រសួងក៏បានរកឃើញបុគ្គល៣៤០នាក់ ដែលប៉ះពាល់ដោយប្រយោលជាមួយទេសចរបារាំងមួយក្រុមនៅខេត្តព្រះសីហនុផងដែរ ដោយពួកគេត្រូវបានដាក់នៅដាច់ដោយឡែក១៤ថ្ងៃ។
អ្នកកើតកូវីដ-១៩ ចំនួន ៩៨នាក់ ក្នុងនោះមាននៅព្រះសីហនុ ៣៦ករណី (បារាំង៣១ ខែ្មរ២, ចិន១) ភ្នំពេញ ១៣ករណី (ខ្មែរ៨, បារាំង៣, បែលហ្ស៊ិក ១, កាណាដា១), កំពង់ចាម១៥ករណី (ម៉ាឡេស៊ី៧, អង់គ្លេស៣,អាមេរិកាំង២,អង់គ្លេស២, ខ្មែរ១), បាត់ដំបង៨ករណី (ខ្មែរ៨), ត្បូងឃ្មុំ ៤ (ខ្មែរ៤), កែប ៤ (ម៉ាឡេស៊ី៣, ខ្មែរ១), កំពង់ឆ្នាំង ៣ (ខ្មែរ៣), បន្ទាយមានជ័យ ២ករណី (ខ្មែរ២), ព្រះវិហារ ២ករណី (ខ្មែរ២), កំពត ២ករណី (ម៉ាឡេស៊ី២), សៀមរាប ៥ករណី (ខ្មែរ៣, ឥណ្ឌូណេស៊ី២),កោះកុង២ករណី (ខ្មែរ២), កណ្តាល ២ករណី (ខ្មែរ២)។ អ្នកជាសះស្បើយសរុប១១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com