ក្នុងរយៈពេលចុងក្រោយនេះ សុធីរ និងសំណាង ផ្តោតសេចរឿងជុំវិញតែរឿងកូវីដ១៩មួយគត់ដោយបំភ្លេចចោលបន្តិចរឿងនយោបាយ។ ជាថ្មីម្តងទៀត នៅថ្ងៃនេះ សុធីរ និងសំណាង ជជែកគ្នាជុំវិញប្រធានបទថា តើជំនឿបន់ស្រន់ សូត្រមន្តអាគម ពិសាពងមាន់ ពិតជាអាច ដេញ ឬកំចាត់មេរោគកូវីដ១៩បានមែនឬទេ?
សំណាង៖ គេផ្អើលថា ស៊ីពងមាន់អាចកំចាត់មេរោគ កូវីដ ១៩បាន, មែនអត់ អា សុធីរ?
សុធី៖ ចុមអានេះ រៀនបានច្រើនដែរទៅជឿអីអារឿងអ៊ីចឹង! ប្រយ័ត្នគេបង្អើល ព្រោះ គេធ្វើជំនួញលើពងមាន់ ឬពងទាណា៎។
សំណាង៖ អា សុធីរ! ចុះទីងមោង វាពិតជាបណ្តេញមេរោគកូវីដ១៩ឲ្យចេញឆ្ងាយមែនឬទេ?
សុធីរ៖ នេះ គឺជាជំនឿពីបុរាណកាលមកទេតើ! វាមិនអាចបណ្តេញមេរោគឲ្យចេញបានទេ។ តែវាជាជំនឿជំនួយស្មារតីទេតើ។ ការជឿនបែបនេះ ជាលក្ខណៈបុគ្គល ម្នាក់ៗ ដូច្នេះ វាមិនអីទេ។ វាមិនខាតនរណាទេ។ តែបើគេធ្វើចលនាលក់ពងមាន់ ពងទា វាធ្វើឲ្យយើងបង់ខាតលុយ ហើយវាអត់ប្រយោជន៍(គ្មានប្រសិទ្ធិភាព)ថែមទៀត។
សំណាង៖ ចុះបើគេនាំគ្នារាប់រយនាក់ទៅបន់ស្រន់សែនអ្នកតាឲ្យជួយកំចាត់កូវីដ១៩វិញម៉េចដែរ?
សុធីរ៖ បើនាំគ្នាច្រើននាក់ទៅបន់ ទៅសែន គឺមិនល្អទេ ព្រោះ ការប្រមូលផ្តុំគ្នាជាក្រុមអាចនាំឲ្យចម្លងកូវីដទៅវិញទេ។ ការបន់ស្រន់ដែលមានមនុស្សច្រើនចូលរួមមិនត្រឹមត្រូវទេ។ ក្រែងអ្នកតាជួយមិនទាន់ ហើយបែរជាឆ្លងមេរោគកូវីដទៅវិញទៅ។ គេមិនហាមឃាត់ការជឿទេ តែត្រូវប្រយ័ត្ន។ ម្យ៉ាងទៀត ជំនឿ គួរឲ្យមានហេតុ និងផលផងវើយ។
សំណាង៖ ចុះសូត្រមន្តបណ្តេញកូវីដ១៩ អាចយ៉ាងម៉េចដែរ?
សុធីរ៖ ចេះតែធ្វើបានហើយជាលក្ខណៈបុគ្គលៗ ឬស្ថិតនៅដាច់ៗពីគ្នា គម្លាតពីគ្នា។ កុំស្ថិតនៅជុំគ្នា។ ជារួម គេអាចរៀបចំបានរាល់ជំនឿណាដែលធ្វើហើយ មិនបង្ករហានិភ័យចម្លងមេរោគកូវីដ១៩ បន្ថែមទៀត។ ជំនឿជាសិទ្ធិបុគ្គល តែចូរកុំឲ្យជឿហើយ បង្កមហន្តរាយដល់គេដល់ឯង!
សំណាង៖ ចុះអាយកភ្លើងបណ្តេញកូវីដនោះ ម៉េចដែរ?
សុធីរ៖ ធ្វើដូច្នេះ ប្រយ័ត្នកូវីដអត់ចេញ ហើយភ្លើងបែរជាទៅឆេះផ្ទះវិញ។
សំណាង៖ អានេះ និយាយឌឺអញហ្មង។
សុធីរ៖ អញអត់ឌឺទេ។ អញនិយាយមែនទែនណា៎៕