COVID-19
អន្តរជាតិ
អាមេរិក​មាន​ចំនួន​អ្នក​ឆ្លង COVID-19 ច្រើនជាង​ចិន​វិញ​
27, Mar 2020 , 10:10 am        
រូបភាព
លោកប្រធានាធិបតីចិន ស៊ី ជិនភីង (ស្តាំ) និង​លោក ដូណាល់ ត្រាំ នាជំនួបទ្វេភាគី​ក្នុងកិច្ចប្រជុំ G20 នៅក្រុងអូសាកា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។ រូបថត AFP
លោកប្រធានាធិបតីចិន ស៊ី ជិនភីង (ស្តាំ) និង​លោក ដូណាល់ ត្រាំ នាជំនួបទ្វេភាគី​ក្នុងកិច្ចប្រជុំ G20 នៅក្រុងអូសាកា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។ រូបថត AFP
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមីនា អាមេរិក មាន​ករណី​សរុប នៃ​ជំងឺ​រលាក​សួត​ដែល​បង្កដោយ កូ​រ៉ូ​ណា​វីរុស​ច្រើនជាងគេបង្អស់ ពោលគឺ​ច្រើនជាង ចិន​ដែលជា​ប្រទេស​ផ្ទុះ​ដំបូង​ទៅទៀត​។ ករណី​COVID-19 សរុប​នៅ​អាមេរិក គឺមាន​រហូតដល់​ជាង ៨៥០០០​ករណី ខណៈ​ចិន​មាន​ប្រមាណ​៨​ម៉ឺន​ករណី ។​

 
​បើតាម​វេ​ប​សាយ Worldometer នា​ថ្ងៃទី​២៦ ខែមីនា អាមេរិក​បាន​រកឃើញ​អ្នក​ផ្ទុក COVID-19 រហូតដល់ ១៧១៣៣​ករណី និង​អ្នកស្លាប់ ២៦៨​នាក់​ឯណោះ​។ ការកើនឡើង​បែបនេះ​ធ្វើ​តួលេខ​សរុប​COVID-19 នៅ​អាមេរិក​មាន​រហូតដល់ ៨៥៣៤៤​ករណី ខណៈ​តួលេខ​ស្លាប់ បាន​កើន​រហូតដល់ ១២៩៥​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​នៅ​អាមេរិក មាន​១៨៦៨​ករណី​ប៉ុណ្ណោះ​។​
 
​ចាប់តាំងពី​ថ្ងៃទី​២៣ ខែមីនា​មក អាមេរិក​បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 លើសពី​១​ម៉ឺន​ករណី​ជា​រៀងរាល់ថ្ងៃ​។​
 
​ចំណែក​នៅ​ចិន ដែលជា​ចំណុច​ផ្ទុះ​ដំបូង​នៃ​COVID-19 ក្នុង​ថ្ងៃ​ដដែល​នេះ មាន​ត្រឹមតែ ៥៥​ករណី​តែប៉ុណ្ណោះ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ករណី​សរុប​COVID-19 នៅ​ចិន​មាន ៨១៣៤០​ករណី​។ ក្នុង​ចំនួន​ជាង ៨​ម៉ឺន​ករណីនេះ ចិន​មាន​អ្នកស្លាប់​ចំនួន ៣២៩២​ករណី ខណៈ​អ្នកជា​សះស្បើយ ៧៤៥៨៨​ករណី​។ 
 
​សូមបញ្ជាក់ថា កន្លងមក​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​ព្រមាន​ម្តង​រួចមកហើយ​ថា អាមេរិក​អាច​នឹង​ក្លាយជា​ទីតាំង​ផ្ទុះ​COVID-19​ថ្មី បន្ទាប់ពី​ចិន និង​អ៊ីតាលី​៕ 

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com