ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា នឹង​ប្រជុំអនុម័ត​សមាសភាព​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៣០ មីនា​
27, Mar 2020 , 10:47 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋសភា បានសម្រេច​ប្រជុំ​វិសាមញ្ញ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​ការស្នើសុំ​រុះរើ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៣០ មីនា​។ នេះ​បើតាម​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សំណើ​រដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​២៧ មីនា​។​



​សម្ដេចនាយក​រដ្ឋមន្ត្រី បានសម្រេច​កែសម្រួល​ស​មាស​ភាព​រាជរដ្ឋាភិបាល ក្រោយពី​សម្ដេច សង្កេតឃើញ​រដ្ឋមន្ត្រីក្រសួង​ខ្លះ​បំពេញការងារ​យឺតយ៉ាវ មិន​ឆ្លើយតប​តាម​គោលនយោបាយ​រដ្ឋាភិបាល​។​មុខ​រដ្ឋាភិបាល ធ្លាប់​ប្រកាស​កាលពី​ថ្ងៃទី​២៤ កុម្ភៈ​ថា​៖«​វា​មិន​ដល់​ថ្នាក់​រំលាយ​រដ្ឋាភិបាល​ទេ យើង​គ្រាន់តែ​ឃើញ​ភាពស្ពឹក​ស្រពន់​នៅ​កន្លែង​ខ្លះ ហើយ​កន្លែង​ខ្លះ​ប្រសិទ្ធភាព​វា​តិច ដែល​មិនទាន់​ឆ្លើយតប​តាម​ការចង់បាន​របស់​យើង​»​។​

​កន្លងមក​អ្នកវិភាគ ក៏​ធ្លាប់​ស្នើឱ្យ​រដ្ឋាភិបាល ជម្រុះ​មន្ត្រី​ចាស់​ណា ដែល​បំពេញការងារ​គ្មាន​ប្រសិទ្ធភាព ហើយ​ចាក់​បញ្ចូល​មន្ត្រី​ថ្មី ដែល​ពោរពេញ​ទៅដោយ​គុណភាព និង​គំនិត​ច្នៃប្រឌិត​ថ្មី ក្នុង​ការបម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ពិតប្រាកដ​។ មិនតែប៉ុណ្ណោះ​ពួកគេ ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល បង្រួម​ក្រសួង​មួយចំនួន​វិញ​ផងដែរ ដោយសារតែ​ក្រសួង​ខ្លះ បំពេញការងារ​ជាន់គ្នា ហើយ​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ​។​ ក្នុងនោះរួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ , ក្រសួង​ធនធានទឹក​, ក្រសួង​អភិវឌ្ឍន៍ជនបទ​ជាដើម​។ ចំណែក​ក្រសួង​រ៉ែ និង​ថាមពល ,​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម (​បច្ចុប្បន្ន​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​)​ក៏​រួមបញ្ចូល​គ្នា​វិញ​ដែរ​។​

អត្ថបទទាក់ទង


​បច្ចុប្បន្ននេះ កម្ពុជា មាន​ក្រសួង និង​ស្ថាប័ន​ធំៗ ចំនួន​២៨ ដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី​, ក្រសួងមហាផ្ទៃ ,​ក្រសួងការពារជាតិ​, ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ,​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ,​ក្រសួង​អភិវឌ្ឍន៍ជនបទ , ក្រសួងពាណិជ្ជកម្ម ,​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ,​ក្រសួងផែនការ ,​ក្រសួង​អប់រំ យុវជន និង​កីឡា ,​ក្រសួង​សង្គមកិច្ច និង​យុវនីតិសម្បទា ,​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ,​ក្រសួងបរិស្ថាន ,​ក្រសួង​ធនធានទឹក និង​ឧតុនិយម ,​ក្រសួង​ព័ត៌មាន ,​ក្រសួងយុត្តិធម៌ ,​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ,​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ,​ក្រសួងសុខាភិបាល ,​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ,​ក្រសួងទេសចរណ៍ ,​ក្រសួង​ធម្មការ និង​សាសនា ,​ក្រសួង​កិច្ចការនារី , ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួងព្រះបរមរាជវាំង​៕

Tag:
 គណៈរដ្ឋមន្រ្តី
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com