COVID-19
អន្តរជាតិ
ចិន​ផ្អាក​ជនបរទេស​ចូល​បណ្ដោះអាសន្ន ខណៈ​ករណី​ឆ្លង COVID-19 ពី​ខាងក្រៅ​កើនឡើង​
27, Mar 2020 , 11:45 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ចិន នឹង​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការចូល​មកដល់​របស់​ជនបរទេស​ដែល​កាន់​ទិ​ដ្ឋ​ការ​ចិន ឬ​លិខិតអនុញ្ញាត​ឲ្យ​រស់នៅ​ក្នុងប្រទេស​ខ្លួន ដែល​នៅមាន​សុពលភាព​គិត​ត្រឹម​ថ្ងៃ​ប្រកាស​នេះ​។ ចំណាត់ការ​នេះ នឹង​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃទី​២៨ ខែមីនា តទៅ​។

 
​ក្រសួងការបរទេស​ចិន បានបញ្ជាក់​ពី​វិធានការ​នេះ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចុះផ្សាយ​ថ្ងៃទី​២៦ ខែមីនា ដោយបាន​កត់សម្គាល់​ពី​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​ជំងឺ​ផ្លូវដង្ហើម COVID-19 នៅ​ជុំវិញ​ពិភពលោក​។ ត្រង់ចំណុច​នេះ ក្រសួងការបរទេស​ចិន អះអាង​ដូច្នេះ​ថា​៖«​ការផ្អាក​នេះ គឺជា​ចំណាត់ការ​បណ្ដោះអាសន្ន​មួយ ដែល​ចិន​ត្រូវ​បង្ខំ​ចិន​ធ្វើ​នៅ​ចំពោះមុខ​ស្ថានការណ៍​នៃ​ការ​រាតត្បាត​វីរុស​»​។ 
 
​យ៉ាងណាមិញ មន្ត្រីការទូត និង​បុគ្គលិក​អាកាសចរណ៍​អន្តរជាតិ​និង​នាវា ត្រូវបាន​លើកលែង ដោយ​ពួកគេ​នៅតែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​ប្រទេស​ចិន​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ដដែល​។ ដោយឡែក ជនបរទេស​ដែល​ចូលមកក្នុង​ប្រទេស​ចិន​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច ឬ​ពាណិជ្ជកម្ម​ចាំបាច់​, សកម្មភាព​ស្រាវជ្រាវ ឬ​បច្ចេកវិទ្យា​, និង​តម្រូវការ​មនុស្សធម៌ ជាដើម នឹងត្រូវ​ដាក់ពាក្យ​សុំ​ទិ​ដ្ឋ​ការ​នៅ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​ចិន​។ 
 
​ម្យ៉ាងវិញទៀត ជើងហោះហើរ​ចេញពី​ប្រទេស​ចិន នឹងត្រូវ​កំណត់​មក​ត្រឹម​មួយ​ជើង​ប៉ុណ្ណោះ​ក្នុង​សប្តាហ៍​ទៅកាន់​ប្រទេស​នីមួយៗ ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ហោះហើរ​ត្រឹម​មួយ​ផ្លូវ​ប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ដដែល ដោយ​បន្ថែមថា ការកំណត់​នេះ នឹង​ចូល​ជា​ធរមាន​នា​ថ្ងៃ​២៩ ខែមីនា​ខាងមុខ​។  
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន ក៏បាន​បញ្ជាក់ដែរថា អ្នកដំណើរ​លើ​ជើងហោះហើរ​ចូល​-​ចេញពី​ប្រទេស​ចិន នឹងមិន​ត្រូវ​ឲ្យ​លើស​៧៥​ភាគរយ​ឡើយ ខណៈ​ជើងហោះហើរ​អន្តរជាតិ​ដែល​ឆ្ពោះទៅកាន់​រដ្ឋធានី ប៉េកាំង នឹងត្រូវ​បង្វែរ​ទិស​ទៅ​ទៅកាន់​មជ្ឈមណ្ឌល​ប្រជុំជន​ផ្សេង​ដទៃទៀត​។ 
 
​បច្ចុប្បន្ន ទីក្រុង​ចិន ជាច្រើន ដូចជា ប៉េកាំង និង​សៀង​ហៃ បានដាក់​ឲ្យ​អ្នកដំណើរ​ពី​បរទេស​ទាំងអស់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។ ក្នុង​សប្តាហ៍​នេះ មាន​ជើងហោះហើរ​អន្តរជាតិ​ជិត​១១០០​ជើង​ដែល​គ្រោង​ហោះ​ឆ្ពោះ​មកកាន់​ប្រទេស​ចិន​។ 
 
​សូមបញ្ជាក់ថា ប្រទេស​ចិន ពុំបាន​រាយការណ៍​ករណី​ឆ្លង COVID-19 ក្នុងស្រុក​ថ្មី ពីរ​ថ្ងៃ​ជាប់​គ្នា​ហើយ ក៏ប៉ុន្តែ​មន្ត្រី​សុខាភិបាល​ចិន បានលើកឡើង​ជា​កង្វល់​ជុំវិញ​ករណី​ឆ្លង​ដែល​នាំចូល​ពី​ក្រៅប្រទេស ដែល​គិត​ត្រឹម​ពេលនេះ លើស ៥០០​ករណី​ហើយ​៕ 

Tag:
 ចិន​
  ក្រសួងការបរទេស​
  ជនបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com