COVID-19
អន្តរជាតិ
ពលរដ្ឋ​សិង្ហ​បុរី​បាត់បង់​ការងារ នឹង​ទទួល​ប្រាក់ខែ​៥៦០​ដុល្លារ រយៈពេល​៣​ខែ​
27, Mar 2020 , 2:25 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី Heng Swee Keat រដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី ថ្លែងសុន្ឬរកថាក្នុងសភា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ២៦ ខែមីនា។
លោកឧបនាយករដ្ឋមន្ត្រី Heng Swee Keat រដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី ថ្លែងសុន្ឬរកថាក្នុងសភា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ២៦ ខែមីនា។
ដោយ:
​ពលរដ្ឋ​សិង្ហ​បុរី​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ដែល​បាត់បង់​ការងារ​ធ្វើ អាច​ទទួល​ប្រាក់ខែ ៥៦០​ដុល្លារ សម្រាប់​រយៈពេល​៣​ខែ ចាប់ពី​ខែឧសភា​ដល់​ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខ​។ លោក​ឧបនាយករដ្ឋមន្ត្រី Heng Swee Keat រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី បញ្ជាក់​បែបនេះ​ក្នុង​សភា កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា​។

 
​ថ្លែង​នៅមុខ​សមាជិកសភា​សិង្ហ​បុរី ដែល​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ Channel News Asia ឧបនាយករដ្ឋមន្ត្រី Heng គូសបញ្ជាក់ថា កញ្ចប់​ថវិកា​សរុប ១០០​លាន​ដុល្លារ នឹង​រៀបចំ​ទុក​សម្រាប់​កម្មវិធី​ជួយ​អ្នក​អត់​ការងារ​ធ្វើ​នេះ​។ លោក​សង្កត់ធ្ងន់ថា ប្រាក់​ជំនួយ​ទាំងនេះ​មាន​គោលដៅ​ជួយ​ពលរដ្ឋ​សិង្ហ​បុរី​ដើម្បី​ស្វែងរក​ការងារ​ថ្មី ឬ​ឆ្លងកាត់​ការ​ហ្វឹក​ហ្វា​ត់​ក្រោម​ជំនួយ​គាំទ្រ COVID-19 របស់​រដ្ឋាភិបាល​។ 
 
«​ទោះបីជា​យើង​ពុំ​អាច​បង្ការ​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច ក៏ប៉ុន្តែ​យើង​អាចជួយ​បន្ធូរបន្ថយ​ឥទ្ធិពល​វា ហើយ​អ្វីដែល​សំខាន់​នោះ​គឺ ជួយសង្គ្រោះ​ការងារ និង​គាំពារ​ជីវភាព​ពលរដ្ឋ​»​។ លោក​រដ្ឋមន្ត្រី Heng អះអាង​ដូច្នេះ ដោយ​បន្ថែមថា វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​ជួយ​ការពារ​សុខា​មាល​ភាព​ពលរដ្ឋ​សិង្ហ​បុរី គឺ​គាំទ្រ​ពួកគេ​កុំ​ឲ្យ​ធ្លាក់ខ្លួន​ជា​និកម្មជន​។ 
 
​ក្រៅពី​ជួយ​គាំទ្រ​ដល់​អ្នក​បាត់បង់​ការងារ​ធ្វើ កញ្ចប់​ថវិកា​គាំទ្រ និង​ថែទាំ (Care and Support Package) ដែល​ដំបូង​ឡើយ​ស្មើនឹង ១,១២​ពាន់​លាន​ដុល្លារ នឹង​ឡើងដល់​៣,២២​ពាន់​លាន​ដុល្លារ​។ ក្រោម​កញ្ចប់​ថវិកា​នេះ ពលរដ្ឋ​សិង្ហ​បុរី​ដែលមាន​អាយុ​ចាប់ពី​២១​ឆ្នាំ​ឡើងទៅ នឹង​ទទួល​ប្រាក់​ចាប់ពី ២១០​ដុល្លារ ដល់ ៦៣០​ដុល្លារ ដោយ​អាស្រ័យ​លើ​ប្រាក់ចំណូល​ពួកគេ​។ 
 
​ម្យ៉ាងវិញទៀត ការផ្ដល់ប្រាក់​បន្ថែមទៀត នឹងត្រូវ​ប្រគល់ជូន​ដល់​ឪពុកម្ដាយ​សិង្ហ​បុរី​ណា​ដែល​មានកូន​យ៉ាងតិច​មួយ ហើយ​កូន​នោះ​ត្រូវមាន​អាយុ​២០​ចុះក្រោម​។ ឪពុកម្ដាយ​ទាំងនោះ នឹង​ទទួល​ប្រាក់ឧបត្ថម្ភ​ចាប់ពី ៧០ ដុល្លារ រហូតដល់  ២១០​ដុល្លារ ដោយ​អាស្រ័យ​ប្រាក់ចំណូល​ពួកគេ​។ ពលរដ្ឋ​សិង្ហ​បុរី អាច​បើកប្រាក់​នេះ​បាន ចន្លោះ​ពី​ខែសីហា និង​ខែកញ្ញា ឆ្នាំនេះ​។ 
 
​ទន្ទឹមនេះ រដ្ឋាភិបាល​សិង្ហ​បុរី ក៏​ផ្អាក​ការបង់ប្រាក់​នានា​លើ​វិស័យ​សាធារណៈ ព្រមទាំង​ការប្រាក់​លើក​ម្ចី​ដែល​ពលរដ្ឋ​ខ្ចីបុល​ពី​រដ្ឋាភិបាល​សម្រាប់​ពេល​១​ឆ្នាំ​ពេញ ពោលគឺ​រហូតដល់​ថ្ងៃ ៣១ ខែមីនា ឆ្នាំ​២០២១​។ បន្ថែម​ពីនេះ រដ្ឋាភិបាល ក៏​ផ្អាក​យកការប្រាក់ និង​ការសង​ប្រាក់​ទាំងអស់​ដែល​និស្សិត​ពី​សាកលវិទ្យាល័យ និង​សាលា​ពហុបច្ចេកទេស​បាន​ខ្ចី​សម្រាប់​រៀនសូត្រ​។ ហើយ​វា​ក៏មាន​រយៈពេល​១​ឆ្នាំ​ដូចគ្នា​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ប្រាក់ឧបត្ថម្ភ​ទាំងនេះ គឺ​ស្ថិតក្នុង​កញ្ចប់​ថវិកា​ធំ​មួយ​ដែលមាន​ទំហំ​ទឹកប្រាក់​៣៣,៦៣​ពាន់​លាន​ដុល្លារ ជាមួយ​គោលដៅ​ផ្ដល់ជំនួយ​ដល់​ពលរដ្ឋ និង​អាជីវកម្ម​រងគ្រោះ ដោយសារ​ការ​រាលដាល​ជំងឺ COVID-19 ក៏ដូចជា​ផ្ដល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​ផងដែរ​។ គិត​មក​ត្រឹម​ថ្ងៃ​សុក្រ ២៧ ខែមីនា ប្រទេស សិង្ហ​បុរី មាន​ករណី​ឆ្លង COVID-19 រហូតដល់ ៦៨៣​ករណី​ហើយ ខណៈ​អ្នក​ស្លាប់មាន ២​នាក់ ហើយ​ជាសះស្បើយ​មាន ១៧២​នាក់​៕

Tag:
 សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com