COVID-19
អន្តរជាតិ
រុស្ស៊ី អរគុណ ជេ​ក ម៉ា ដែល​ផ្តល់​ម៉ាស់​១​លាន​សន្លឹក​
27, Mar 2020 , 7:19 pm        
រូបភាព
ដោយ:
​ក្រសួងការពារជាតិ​រុ​ស្ស៉ី នៅ​ថ្ងៃទី ២៦ មីនា ប្រកាសថា រុ​ស្ស៉ី​បានទទួល​ម៉ាស់​១​លាន​សន្លឹក និង​ឧបករណ៍​ធ្វើតេស្ត​២​សែន​សម្រាប់​ពី​មហាសេដ្ឋី​ចិន ជេ​ក ម៉ា ។ រុស្ស៊ី អរគុណ​មហាសេដ្ឋី​ចិន​ចំពោះ​ទឹកចិត្ត​នេះ​។

 
​បើតាម​មូលនិធិ ជេ​ក ម៉ា និង Alibaba សម្ភារ​វេជ្ជសាស្ត្រ​ទាំងអស់នោះ បា​នប​ញ្ជួ​ន​ទៅ​រុ​ស្ស៉ី​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ ចំណែកឯ​ក្រសួងការពារជាតិ​រុស្ស៊ី​វិញ​បាន​ឲ្យ​ដឹងថា​សម្ភារ​វេជ្ជសាស្ត្រ​ទាំងអស់នេះ​ត្រូវបាន​បញ្ជូន​តាម​យន្តហោះ ពី​ចិន​។​
 
​ក្នុង​សេចក្តី​ថ្លែង​ការ​របស់ខ្លួន ក្រសួងការពារជាតិ បាន​ហៅ ជេ​ក ម៉ា ជា « មិត្ត​ពិតប្រាកដ​»​។ តាមរយៈ​ជំនួប​ទូរ​សព្ទ​ជាមួយ រដ្ឋមន្ត្រី​ការពារជាតិ​រុស្សី Sergei Shoigu  លោក ជេ​ក ម៉ា និយាយថា លោក​រំជួលចិត្ត​ចំពោះ​ជំនួយ​របស់​រុស្ស៊ី​ដែល​បាន​ជួយ​ចិន​កាលពី​លើក​មុនៗ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័​ត៍​មាន Reuters  លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្សី សង្ឃឹមថា នឹង​កម្ចាត់​ជំងឺ COVID-19 ក្នុង​រយៈពេល​២ ទៅ ៣​ខែ បើសិនជា​ដាក់ចេញ​នូវ​វិធានការ​តឹងរឹង​ដូចជា​ការបិទ​ជើងហោះហើរ​អន្តរជាតិ បិទ​ហាង​ទាំងឡាយ​ក្នុង​រដ្ឋធានី​មូ​ស្គូ និង​ផ្អាក​កម្មវិធី​សាសនា​ទាំងឡាយ​។​
 
​កាលពី​ថ្ងៃទី​២៥ ខែមីនា រដ្ឋាភិបាល​រុស្ស៊ី​កាល​បានដាក់​ស្នើ សេចក្តីព្រៀងច្បាប់​ដើម្បី​ឲ្យ​សភា​ពិនិត្យ ដើម្បី​ផ្តល់​អំណាច​ឲ្យ​រដ្ឋាភិបាល​ដាក់​ប្រទេស​ទាំងស្រុង ឫ​ផ្នែក​ណាមួយ​ក្នុង​អាសន្ន​។ ក្នុងន័យ​ត្រៀម​ទប់ទល់​នឹង​ជំងឺ ក្រសួងការពារជាតិ​រុស្ស៊ី កំពុង​សាងសង់ មជ្ឈមណ្ឌល​ជំងឺឆ្លង​ចំនួន ១៦ ដែល​ក្នុងនោះ​ចំនួន​៨ នឹងត្រូវ​រួចរាល់​នៅ​ថ្ងៃទី​៣០ ខែមេសា និង ៨​ទៀត​នៅ​ថ្ងៃទី​១៦ ខែឧសភា​។  
 
​ថ្ងៃទី ២៦ ខែមីនា រុស្ស៊ី​រកឃើញ​ករណី​ឆ្លង​ចំនួន ១៨២​ដែលជា​ករណី​ឆ្លង​ដ៏​ច្រើន​បំផុត​ក្នុង​មួយថ្ងៃ បណ្តាល​ឲ្យ​ករណី​ឆ្លង​សរុប​កើន​ឡើងដល់​៨៤០​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com