ភ្នំពេញ៖ ក្រុមអ្នកផ្ដល់សេវារោងបុណ្យ រោងការ ចុងភៅ និងសេវាភ្លេងក្នុងពិធីបុណ្យ ខ្នាតតូចមួយចំនួនទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្ត ត្រូវខាតបង់ប្រាក់ចំណូលខ្ទង់ពាន់ ដល់ម៉ឺនដុល្លារអាមេរិក ខណៈពេលមានវិបត្តិ COVID-19។ ខាតប្រាក់ចំណូលជារឿងមួយ តែការព្រួយបារម្ភខ្លាចជីវភាពគ្រួសារមិនអាចទប់ទល់ស្ថានការណ៍នេះបាន គឺជារឿងធំសម្រាប់អ្នកប្រកបរបរខាងលើ។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
កាលពីពេលកន្លងទៅក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសឱ្យផ្អាកការជួបជុំក្នុងសាសនា ឬការជួបជុំក្នុងចំនួនមនុស្សច្រើន ការរៀបចំពិធីផ្សេងៗ បិទខេធីវី រោងភាពយន្ត ក្លិបកម្សាន្ត ការប្រគំតន្ត្រីជាសាធារណៈ សាលារៀន សារមន្ទីរ និងព្រះបរមរាជវាំងជាដើម ក្នុងដំណាក់កាលមានជំងឺអាសន្នរោគកូវីដ១៩នេះ។
ជាធម្មតានៅចន្លោះខែកុម្ភៈ រហូតដល់ខែឧសភា គឺជារដូវដែលគេធ្វើពិធីបុណ្យទាននានា ក៏ដូចជាពិធីមង្គលការច្រើន។ ក៏ប៉ុន្តែនៅឆ្នាំ២០២០ គឺស្ទើរតែពេញមួយខែនៃខែមីនានេះ ការរៀបចំពិធីផ្សេងៗ ត្រូវបានហាមឃាត់ទាំងអស់។ ការហាមឃាត់នេះ នៅមិនទាន់ដឹងថានឹងត្រូវអូសបន្លាយទៅមុខដល់ពេលណាឡើង ប្រសិនបើករណីជំងឺឆ្លងកូរ៉ូណា នៅតែមិនថយកម្លាំង។ ការណ៍នេះបានធ្វើឱ្យវិស័យជាច្រើនត្រូវជួបបញ្ហា ហើយក៏ដូចជាអ្នកប្រកបរបរផ្ដល់សេវារោងបុណ្យ រោងការ ចុងភៅ និងសេវាភ្លេងក្នុងពិធីបុណ្យខ្នាតតូចមួយចំនួន នៅភ្នំពេញនិងនៅតាមបណ្ដាខេត្ត បាត់បង់ប្រាក់ចំណូល និងអាចជួបវិបត្តិសេដ្ឋកិច្ចគ្រួសារទៀតផង។
លោក គឹម អ៊ឹង មានវ័យជាង៥០ឆ្នាំ មានមុខរបរផ្ដល់សេវារៀបចំគ្រឿងរណ្ដាប់សម្រាប់ពិធីបុណ្យផ្សេងៗ និងពិធីមង្គលការផង ត្រូវខាងស្ទើរតែទាំងស្រុង ព្រោះម្ចាស់ដើមបុណ្យបានលុបចោលការធ្វើពិធីរបស់ខ្លួន៖«រោងដែលយើងទទួលហើយហ្នឹង លុបចោលសឹងតែទាំងអស់ ខ្លះកក់ខ្លះក៏អត់ ព្រោះទុកចិត្តគ្នាអ៊ីចឹងណា។ គេគ្រាន់តែថាចាំជូនដំណឹងលើកក្រោយវិញ មិនមែនថាលុបកម្មវិធីទេ។ ហើយយើងក៏មិនយកលុយគេហ្នឹងដែរ គេថាលើកទៅក្រោយវិញក៏ទុកឱ្យគេទៅ ព្រោះយើងកំពុងតែមានបញ្ហាអ៊ីចឹងណា»។
លោក គឹម អ៊ឹង អាចារ្យមង្គល និងជាអ្នកផ្ដល់សេវារៀបចំគ្រឿងរណ្ដាប់សម្រាប់ពិធីបុណ្យនិងមង្គលការ (រូបពីហ្វេសប៊ុករបស់លោក)
មានស្រុកកំណើតនៅខេត្តព្រៃវែង លោក គឹម អ៊ឹង ដែលជាអាចារ្យមង្គលផងនោះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ពីចំនួនរោងដែលត្រូវលុបចោលនិងលើកពេល នៅចន្លោះខែកុម្ភៈរហូតដល់ខែមិថុនាដូច្នេះ៖«រោងបុណ្យរបស់ខ្ញុំមិនស្ដង់ដាដូចគេទេ អ៊ីចឹងបានត្រឹមលក្ខណៈបុណ្យល្មមៗលក្ខណៈគ្រួសារ។ ខែ២(ខែកុម្ភៈ)ហ្នឹង ប្រហែលជា៦ទៅ៧រោងដែរ ហើយខែ៣(ខែមីនា) ប្រហែលជាចូល១០រោងដែរ ប៉ុន្តែគេលុបចោលអស់ហើយ។ ខែ៣ ខែ៤ ខែ៥ និងខែ៦ លុបតែទាំងអស់ហ្នឹង»។
ដូចគ្នាដែរលោក យឹម វណ្ណា ជាមេចុងភៅដែលប្រកបរបរផ្ដល់សេវាចុងភៅសម្រាប់ពិធីបុណ្យនិងពិធីមង្គលការ ក៏ត្រូវខាតរោងជាច្រើនផងដែរ៖«ខែ៤ប្រហែល៥ទៅ៦រោងគេលើកខ្លះហើយដែរ។ ចំណែកខែ៣គេផ្អាកកម្មវិធីនៅថ្ងៃទី២០ជាង។ ឯខែ៥គេមិនទាន់និយាយថាម៉េចទេ។ ហើយខ្ញុំទទួលធ្វើឱ្យថៅកែគេផ្សេងៗហ្នឹង ប្រហែល១០ររោងដែរ។ គេផ្អាកទាំងអស់តែម្ដង ខ្លះគេលើកទៅដល់ខែ១២ឯណោះ។ យើងទិញមួយរោងអ៊ីចឹងទៅ ពេលយើងប្រើនៅសល់យើងទុកប្រើរោងបន្តបន្ទាប់ទៀត ហ្នឹងគ្រឿងក្រៀម តែបើគ្រឿងស្រស់ដល់ថ្ងៃបានយើងទិញ»។
លោក យឹម វណ្ណា អ្នកផ្ដល់សេវាចុងភៅសម្រាប់ពិធីបុណ្យនិងមង្គលការ (រូបពីហ្វសប៊ុករបស់លោក)
ចំណែកលោក យ៉ឺន វ៉ាន់យ៉ោក ជាតន្ត្រីករភ្លេង ហើយក៏ជាប្រធានក្រុមវង់ភ្លេងបុរាណមួយ ដែលបង្កើតឡើងដើម្បីផ្ដល់សេវាភ្លេងសម្រាប់ពិធីបុណ្យផងនោះ ក៏បានជួបបញ្ហាដូចបុរសទាំងពីរខាងលើដែរ៖«បើនិយាយពីលើក ប្រហែលជា១០រោង គឺចាប់ពីអាទិត្យនេះទៅ(សប្ដាហ៍ទី៣នៃខែមីនា)រហូតដល់ខែ៤។ យើងគិតថា៩០ភាគរយហើយ ដែលនឹងត្រូវរំសាយ។ មានរោងខ្លះគាត់កក់ដែរ តែរោងខ្លះយើងអាងតែស្គាល់គ្នា គឺមិនបានកក់ទេ។ កាលពីឆ្នាំមុនក្នុងខែ៣នេះ មានគេជួលច្រើនណាស់ បើនិយាយពីថ្ងៃទំនេរតិច»។
លោក យ៉ឺន វ៉ាន់យ៉ោក (រូបពីហ្វេសប៊ុកលោក)
ឆ្លៀតឆ្លើយប្រាប់ពីការយល់ឃើញរបស់អ្នកភ្លេងដូចគ្នា ពីកូវីដ១៩ លោក វ៉ាន់យ៉ោក ថាទោះបីជាយ៉ាងណា លោកនៅតែប្រយ៉ាត់ប្រយែងជានិច្ច ដោយតែងតែអនុវត្តិតាមការណែនាំរបស់ក្រសួងសុខាភិបាន ហើយលោកបញ្ជាក់បន្ថែមដូច្នេះ៖«អាជំងឺនេះភាគច្រើនមានតែក្នុងប្រទេសណាដែលមានអាកាសធាតុត្រជាក់ បើស្រុកយើងក្ដៅយ៉ាងនេះទៅខ្លាចអី។ គេថាកើតតែស្រុកជិតភ្នំពេញទេ ស្រុកខ្ញុំនេះមិនទៅកើតអីទេ អ្នកខ្លះគាត់និយាយអ៊ីចឹង។ សម្រាប់ខ្ញុំចេះតែប្រយ័ត្នទៅ។ យើងធ្លាប់ស្និទ្ធស្នាលនឹងគ្នាពីមុន ក៏នៅតែស្និទ្ធដដែលហ្នឹង ប៉ុន្តែការជួបជុំរបស់គាត់ពេលឥឡូវក៏មិនដូចមុនដែរ កាត់បន្ថយខ្លះ»។
សម្រាប់ការផ្ដល់សេវាក្នុងពិធីបុណ្យផ្សេងៗ លោក អាចារ្យ គឹម អ៊ឹង បានពន្យល់ថា៖«ខ្ញុំមានរោង មានចុងភៅ មានអាសនក្រុងពលី មានប្រដាប់ប្រដាប្រពៃណី សម្រាប់សូត្រមន្ត។ ខាតលើយើងកក់ភ្លេងគេ ដល់តែគេលើកទៅធ្វើនៅខែក្រោយឬថ្ងៃណាមួយទៅ ភ្លេងហ្នឹងគេជាប់ គេមិនបានមកយើងទេ។ អ៊ីចឹងទៅលុយកក់ហ្នឹងក៏ដាច់ បើគេទំនេរគេបានមកជាមួយយើងវិញ លុយកក់នោះក៏មិនខាតដែរ»។
ចំណែកលោក យឹម វណ្ណា មេចុងភៅដែលមានអាយុជាង៣០ឆ្នាំ មានការព្រួយបារម្ភខ្លាចប្រាក់ចាស់ដែលមាន មិនអាចទប់ទល់ស្ថានការណ៍ក្នុងដំណាក់កាលមានការរាតត្បាតពីជំងឺអាសន្តរោគនេះ៖«បើរោងធំអីយើងគ្រាន់តែទិញគ្រឿង ជាងមួយពាន់ដុល្លារទៅហើយ។ បើសរុបទាំងរោងតូចនឹងរោងធំ ប្រហែលជិតមួយម៉ឺនដុល្លារឯណោះ ដែលខាតចំណូល។ បើខ្ញុំទៅធ្វើឱ្យគេ២ថ្ងៃបាន៣០ម៉ឺនរៀលដែរ តែបើខ្ញុំមានរោងខ្លួនឯង ចំណេញទៅតាមរោងតូចឬធំ ហើយនឹងមុខម្ហូបយើងទទួលបានទៅតាមថ្លៃឬថោក។ បើរោងល្មមៗប្រហែលជា៦ទៅ៧រយដុល្លារ ហើយបើរោងធំ១ពាន់ជាងជិត២ពាន់អ៊ីចឹងណា។ ខ្ញុំព្រួយបារម្ភដែរ ខ្លាចតែលុយយើងរកមកបាន ចាយមិនគ្រប់ដល់ពេលដែលជំងឺហ្នឹងវាឈប់វិញណា»។
មិនខុសគ្នាទេ លោក គឹម អ៊ឹង ត្រូវខាតបង់ប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារអាមេរិក ក្នុងរង្វង់ប្រមាណជា៦ខែ ដែលមានការលើកឬលុបពិធីបុណ្យនេះ។ ទោះជាយ៉ាងណាលោកមិនបានបន្ទោសនរណាម្នាក់ឡើយ ដោយលោកថានេះជាវិបត្តិសង្គមក៏ដូចជាពិភពលោកទាំងមូល៖«ប្រាក់ដែលខាតច្រើនដែរ ចូល១ម៉ឺនជាងអ៊ីចឹងដែរ។ វាប៉ះពាល់គេក៏ដូចយើង ហើយយើងក៏ដូចគេ វាដូចចរន្តសរសៃឈាម ឬទឹកហូរអ៊ីចឹង កាលណាគេទប់ពីលើជាប់ ខាងក្រោមក៏មិនមានអ្វីហូរ គឺវាគាំងនៅត្រឹមហ្នឹងទាំងអស់គ្នាអ៊ីចឹង»៕