COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​កំពូល​អាល្លឺម៉ង់​៤ បរិច្ចាគ​២២​លាន​ដុល្លារ ជួយ​ក្លិប​ក្នុងស្រុក​រងគ្រោះ​ដោយ COVID-19
27, Mar 2020 , 8:19 pm        
រូបភាព
​ក្លិប​ក្នុង​ក្របខណ្ឌ Bundesliga ចំនួន​បួន​ដែល​លេង​នៅ Champions League រដូវ​កាល​នេះ សន្យា​រួមគ្នា​ផ្តល់ប្រាក់​ចំនួន ២០ លាន​អឺរ៉ូ (២២,៤៣ លាន​ដុល្លារ​អាមេរិក​) ដើម្បី​សម្រួល​ដល់​ក្លិប​នៅ​អាល្លឺម៉ង់​ដ៏ទៃទៀត​ដែល​ជួប​បញ្ហា​ហិរញ្ញវត្ថុ​អំឡុងពេល​មាន​វិបត្តិ COVID-19​។​


 
​ក្លិប​ទាំង​៤ ដែល​រួមមាន Bayern Munich, Borussia Dortmund, RB Leipzig និង Bayer Leverkusen នឹង​យកប្រាក់​ចំណូល​របស់​ពួកគេ​ដែល​រកបាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ បូករួម​ជាមួយ​ប្រាក់​ផ្ទាល់ខ្លួន​សម្រាប់​ការបរិច្ចាគ​នេះ​។​
 
​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFL) នឹង​សម្រេច​ថា ប្រាក់​ដែល​បរិច្ចាគ នឹងត្រូវ​ចែកចាយ​ដោយរ​បែបណា​នោះ​។​
 
«​យើង​ចង់បង្ហាញ​សញ្ញា​នៃ​សាមគ្គីភាព​ទៅកាន់​ក្លិប​ទាំងអស់​នៅក្នុង​ក្របខណ្ឌ Bundesliga និង Bundesliga 2 ។ នាយក​ប្រតិបត្តិ​ក្លិប Bayern Munich លោក Karl-Heinz Rummenigge លើកឡើង​ដូច្នេះ ដោយ​លោក​បាន​មើលឃើញថា អាច​នឹងមាន​ក្លិប​មួយចំនួន​ប៉ះពាល់​ផ្នែក​ហិរញ្ញ​វត្ថ​ក្រោយ​ការផ្អាក​ប្រកួត​រយៈពេល​វែង​។​
 
​ការប្រកួត​ចុងក្រោយ​នៅ Bundesliga គឺ​នៅ​ថ្ងៃទី​១១ ខែមីនា ហើយ​លី​គ​កីឡាបាល់ទាត់​កំពូល​របស់​អាល្លឺម៉ង់​មួយ​នេះ​ត្រូវ​បន្ត​ផ្អាក​ចាប់ពី​ថ្ងៃទី​១៣ ខែមីនា​តទៅ ដោយសារតែ Covid-19 រាតត្បាត​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​។​
 
​ចំណែក​នាយក​ប្រតិបត្តិ​ក្លិប Dortmund លោក Hans-Joachim Watzke ក៏បានរ​រៀបរាប់​ជុំវិញ​ការ​រួមគ្នា​បរិច្ចាគ​នេះដែ​រថា​៖« យើង​តែងតែ​និយាយថា​យើង​នឹង​បង្ហាញ​សាមគ្គីភាព​ប្រសិនបើ​ក្លិប​នានា​ជួប​ការលំបាក ហើយ​ពួកគេ​មិន​អាចជួយ​ខ្លួនឯងបាន​»​។​
 
​ក្លិប​យក្ស​នៅ​នៅ​អាល្លឺម៉ង់​នេះ មើល​ពី​ផល​លំបាក ខណៈ COVID-19 កំពុង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​គ្រប់​វិស័យ​កីឡា និង​សង្គម​។ ពួកគេ​អះអាងថា​បាន​ត្រៀម​ជួយ​ក្លិប​បាល់ទាត់​អាជីព​ផ្សេងទៀត​ប្រសិនបើ​វា​ជា​បញ្ហា​ហិរញ្ញវត្ថុ​។​
 
​ក្រៅពី​ក្លិប​ទាំង​៤​ខាងលើ មាន​កីឡាករ​មួយចំនួន​ដែល​ប្រកប​អាជីព​ក្នុង​លី​គ​កំពូល​អាល្លឺម៉ង់ រួមទាំង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ផង​បាន​បរិច្ចាគ​ប្រាក់​រៀងខ្លួន​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។ កីឡាករ​ខ្លះទៀត សុខចិត្ត​កាត់​ប្រាក់ខែ​ខ្លួន ដើម្បី​សម្រួល​ដល់​បុគ្គលិក​ក្លិប ដែល​ស្ថិតក្រោម​ការចំណាយ​រប​ស់​ក្លិប ខណៈ​មិនមាន​ចំណូល​អំឡុងពេល​ផ្អាក​ការប្រកួត​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមីនា​នេះ អាល្លឺម៉ង់​មាន​ស្លាប់​ដោយសារ COVID-19 ចំនួន​២៦៧ ឆ្លង ៤៣៩៨៣​ករណី និង​សះស្បើយ ៥៦៧៣​ករ​កណី​។ រីឯ​ចំនួន​អ្នកស្លាប់​ជុំវិញ​ពិភពលោក​មាន ២៤០៨៩​នាក់ ឆ្លង ៥៣២២៣៧​ករណី និង​សះស្បើយ​វិញ​ចំនួន ១២៤៣២៦​ករណី​៕

Tag:
 COVID-19
  Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com