COVID-19
ជាតិ
អន្តរជាតិ
វៀតណាម ផ្ដល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​តម្លៃ​២០​ម៉ឺន​ដុល្លារ​ឲ្យ​កម្ពុជា​និង​ឡាវ​
27, Mar 2020 , 4:18 pm        
រូបភាព
នាយករដ្ឋមន្រ្តីកម្ពុជា វៀតណាម និងឡាវ ចាប់ដៃគ្នានាជំនួបនៅវៀតណាមនាពេលកន្លងមក។ រូបភាព AFP
នាយករដ្ឋមន្រ្តីកម្ពុជា វៀតណាម និងឡាវ ចាប់ដៃគ្នានាជំនួបនៅវៀតណាមនាពេលកន្លងមក។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក នៅ​ថ្ងៃទី​២៦ ខែមីនា ប្រកាសថា រដ្ឋាភិបាល​វៀតណាម​សម្រេចចិត្ត​ផ្ដល់ជំនួយ​វេជ្ជសាស្ត្រ​តម្លៃ​២០​ម៉ឺន​ដុល្លារ​ឲ្យ​កម្ពុជា និង​ឡាវ​។ បើតាម​កាសែត​រដ្ឋាភិបាល​វៀតណាម ជំនួយ​នេះ មាន​គោលដៅ​ជួយ​អ្នកជិតខាង​ទាំងពីរ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ កម្ពុជា វៀតណាម និង​ឡាវ សុទ្ធ​តែមាន​ករណី​ឆ្លង​ដូចគ្នា ដោយ​វៀតណាម​មាន​ច្រើនជាងគេ បន្ទាប់មក​កម្ពុជា និង​ចុងក្រោយ​ឡាវ​។​

 
​លោក ង្វៀន ស៊ួ​ន​ហ្វុ​ក ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម បាន​ជូនដំណឹង​ពី​ការ​ផ្ដល់ជំនួយ​វេជ្ជសាស្ត្រ​តម្លៃ​២០​ម៉ឺន​ដុល្លារ​នេះ​ទៅកាន់​សម​ភាគី​កម្ពុជា សម្ដេច ហ៊ុន សែន និង​សម​ភាគី​ឡាវ លោក ថង​លួ​ន ស៊ី​សូលី​ត រួចហើយ​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ដោយឡែក​ពីរ​នៅ​ថ្ងៃទី​២៦ ខែមីនា​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​អន​ឡាញ​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម VGP ។ 
 
​បើតាម​កាសែត​រដ្ឋាភិបាល​ដដែល លោក ហ្វុ​ក ក៏​បញ្ជាក់​ពី​ការត្រៀមខ្លួន​របស់​វៀត​ណា​ម​ក្នុង​ការបញ្ជូន​អ្នកជំនាញ​សុខាភិបាល​វៀតណាម​មកកាន់​កម្ពុជា​ដើម្បី​ជួយ​ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19 ។ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម ក៏​ចង់ឃើញ​ប្រទេស​ទាំងបី​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ក្នុង​ក្របខណ្ឌ​អាស៊ាន ដោយ​ស្របតាម​គោលការណ៍​រួបរួមគ្នា និង​សាមគ្គីភាព​ដូចដែល​បានប្រកាស​ក្នុង​សេចក្ដីថ្លែងការណ៍​ប្រធាន​អាស៊ាន​នាពេល​កន្លងមក​។​
 
​ដោយឡែក​ក្នុងការ​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម្ដេច ហ៊ុន សែន លោក ហ្វុ​ក បាន​សរសើរ​វិធានកា​រ​របស់​កម្ពុជា​ក្នុងការ​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ COVID-19 និង​បានបញ្ជាក់​ពី​ភាពចាំបាច់​ដែល​ប្រទេស​នានា​ត្រូវ​ពួតដៃគ្នា​តទល់​នឹង​ជំងឺ​រាតត្បាត​នេះ​។ នាយករដ្ឋមន្ត្រី​វៀតណាម ក៏​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​បង្កើត​លក្ខខណ្ឌ​អំណោយផល​ដើម្បី​សម្រួល​ក្រុមការងារ​ប្រទេស​ទាំងពីរ​ក្នុង​ការធ្វើ​មាតុភូមិ​និវត្ត​ប្រជាជន​ទាំងសងខាង​។ 
 
«​លោកនាយក​រដ្ឋមន្ត្រី ហ្វុ​ក ក៏​បញ្ជាក់ដែរថា វៀតណាម​ត្រៀម​ជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ប្រជាជន​កម្ពុជា​ដែល​ត្រូវដាក់​នៅ​ដោយឡែក ហើយ​ចង់​ត្រឡប់​ទៅ​កម្ពុជា​វិញ​។​» នេះ​ជាការ​ផ្សាយ​របស់​កាសែត​អន​ឡាញ​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម VGP ដែល​បន្តថា សម្ដេច ហ៊ុន សែន ក៏បាន​សរសើរ​វិធាន​ការ​វៀតណាម និង​អរគុណ​វៀតណាម​ដែល​ឆ្លើយតប​នឹង​សំណើ​កម្ពុជា​។ 
 
​ដោយឡែក​ក្នុងការ​សន្ទនា​ជាមួយ​លោក ថង​លួ​ន វិញ លោក ហ្វុ​ក ក៏បាន​ប្រកាស​ជំហរ​របស់​វៀតណាម​ដែល​នឹង​បន្ត​ជួយ​ឡាវ និង​ឈរ​ជាមួយ​ឡាវ​ដើម្បី​ដោះស្រាយ​បញ្ហា COVID-19 នេះ​ឲ្យ​បាន​ចប់​។ នាយករដ្ឋមន្ត្រី​វៀតណាម ក៏​ឆ្លៀត​ស្នើ​ឲ្យ​ឡាវ​សម្រួល​ដល់​សហគមន៍​វៀតណាម​ដើម្បី​ពួកគេ​អាច​ការពារ​ខ្លួនឯង​ពី​ជំងឺ COVID-19 នេះ​៕

Tag:
 COVID-19
  វៀតណាម​
  កម្ពុជា​
  ឡាវ​
  សម្ដេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com