ជាតិ
សង្គមជាតិ
ហូប​ពងមាន់ តាំង​ទីងមោង ដុត​ភ្លើង សូធ្យ​មន្ត​...​កំពុង​កើតមាន​ក្នុងសង្គម​ខ្មែរ​
27, Mar 2020 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មាន​ពលរដ្ឋ​មួយចំនួន ផ្អើល​នាំគ្នា​ទិញ​ពងមាន់ ឬ​ពង​ទា ទុក​សម្រាប់​ហូប​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ​-១៩ ហើយ​នៅតាម​ភូមិ ឃុំ ស្រុក ក្នុង​ខេត្ត​ខ្លះ មានជំនឿថា ការដាក់​ទីងមោង​នៅមុខ​ផ្ទះ និង​ការប្រមូល​ផ្តុំគ្នា​ដុត​ភ្លើង ហើយ​ដើរ​តាម​ភូមិ និង​សូធ្យ​មន្ត​តាម​ផ្ទះ​នោះ អាច​នឹង​បណ្តេញ​ឧបទ្រពចង្រៃ ជាពិសេស​ជំងឺ​អាសន្នរោគ ដូចជា ជំងឺ​កូ​វីដ​-១៩ ជាដើម​។

 
​លោក ព្រាប ចាន់​ម៉ា​រ៉ា សាស្ត្រាចារ្យ​ផ្នែក​បុរាណវិទ្យា និង​ជំនឿ​សាសនា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ថា ការនាំគ្នា ទិញ​ពងមាន់​ទៅ​ហូប  ជា​ទង្វើ​ដែល​នាំ​ឲ្យ​សង្គម​មាន​ភាពចលាចល និង​នាំ​ឲ្យ​ខាតបង់​ថវិការ​ទៅវិញ​ទេ​។ ចំណែក ការដាក់​ទីងមោង​នៅមុខ​ផ្ទះ ការដុត​ភ្លើង និង ការ​សូធ្យ​មន្ត​នោះ ជា​ជំនឿ ដែល​ពលរដ្ឋ​គោរព និង​អនុវត្តតាម​ដូនតា​ពី​បុរាណ ដោយ​ជឿថា នឹងធ្វើ​ឲ្យ​ចិត្ត​មនុស្ស​ដែលមាន​ភាពភ័យខ្លាច​នោះ លែង​ជា​ភ័យព្រួយ​តទៅទៀត​។​
 
​លោក ព្រាប ចាន់​ម៉ា​រ៉ា មាន​ទស្សនៈ​បែបនេះ​ថា​៖«​រឿង​ថា​ផ្អើល​ពងមាន់ ពង​ទា​នោះ ខ្ញុំ​មិនដែល​ឮ​ទេ វា​ជា​ពាក្យ​ចចាមអារ៉ាម​ផ្តេសផ្តាស ហើយ​ម្យ៉ាងទៀត​នេះ​សម័យ​ពាណិជ្ជកម្ម ជួនកាល​ចង់​ឲ្យ​របស់ខ្លួន​លក់ដាច់​អ៊ីចឹងទៅ បាន​ផ្អើល​ហូប​ពងមាន់ ពង​ទា​។ សម្រាប់​ខ្ញុំ​មិន​ជឿ​ទេ វា​ជា​ចលនា ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្លន់ស្លោ​ដល់​សង្គម​។ ប៉ុន្តែ​អា​រឿង​ទីងមោង នៅក្នុង​ជំនឿ ខ្ញុំ​កើតមក​ធ្លាប់​ឃើញថា កាលណា​ស្រុក​យើង​កើត​ជំងឺ ដែល​រាតត្បាត​នៅក្នុង​ស្រុក ភូមិ​អី  គឺ​អ្នកស្រុក​គេ​នាំគ្នា​ធ្វើ​ទីងមោង ចង​នៅមុខ​ផ្ទះ មុខ​ខ្លោងទ្វារ ដើម្បី​ការពារ និង​បណ្តេញ​ឧបទ្រពចង្រៃ​»​។ 
 
​សាស្ត្រាចារ្យ​រូបនេះ បន្តថា​៖«​យើង​មិនអាច​ផ្តាច់​មនុស្ស​ចេញពី​ជំនឿ​បានទេ ព្រោះ​មនុស្ស​កើតមក​វា​មាន​ជំនឿ​មក​អ៊ីចឹង​មកហើយ​។ ជំនឿ​ហ្នឹង វា​មាន​យូរ​មកហើយ ហើយ​ក្នុង​លោក​ក៏មាន​ដូច​តែ​គ្នា​ដែរ ដែល​គេ​ភាគច្រើន​ធ្វើ​មុខ​កាចៗ​នៅក្នុង​សាសនា​ផ្សេងៗ ឬ​ឈរ​យាម​ទ្វារ​នៅមុខ​ព្រះ​ផ្សេងៗ​ជាដើម​។ នៅ​ស្រុក​ខ្មែរ​យើង ក៏មាន​ជំនឿ​ហ្នឹង​ដែរ ដោយ​ជឿថា ការដុត​ភ្លើង គេ​យល់ថា ពួក​អមនុស្ស​ចង្រៃ​ដែល​រាតត្បាត វា​ខ្លាច​គ្រឿង​បណ្តេញ ភ្លើង​។ ម្ល៉ោះហើយ​បាន​គេ​ធ្វើ​អ៊ីចឹង​»​។ 
 
​លោក ព្រាប ចាន់​ម៉ា​រ៉ា បន្ថែមថា ជំនឿ​ទាំងអស់នេះ មាន​ជំនឿ​ខ្លះ អាច​ឲ្យ​អប់រំ​ផ្លូវចិត្ត​របស់​ពូកគេ​ឲ្យ​រំងាប់​នូវ​ភាពភ័យខ្លាច​បាន​មួយចំណែក​ដែរ ប៉ុន្តែ​ជំនឿ​ខ្លះទៀត​មិនគួរ​អនុវត្តតាម​ឡើយ ដូចជា​ការហូប​ពង​ទា ឬ​ពងមាន់ ឬ​ការដុត​ភ្លើង​ដែល​នាំ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ និង​ធ្វើ​ឲ្យ​ទីផ្សារ​កម្ពុ​ជាមាន​ភាពចលាចល និង​មហន្តរាយ​ដល់​សង្គមជាតិ​។ តែ​យ៉ាងណា អ្វីដែល​សំខាន់​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ខាតបង់​ថវិកា ឬ​ទ្រព្យសម្បត្តិ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ លោក យល់ថា ត្រូវ​នាំគ្នា​អនុវត្ត​អនាម័យ​តាម​ការណែនាំ​របស់​ក្រ​សូង​សុខាភិបាល​។ 
 
​អ្នកជំនាញ​ផ្នែក​ជំនឿ​សាសនា​រូបនេះ  មានប្រសាសន៍ថា ទង្វើ​ដែល​ជឿ​ទៅលើ​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​មនុស្ស ជាពិសេស​បង្ហាញ​ពី​ស្មារតី​ទន់ខ្សោយ​របស់​ពលរដ្ឋ​ដែល​ខ្វះ​ចំណេះដឹង និង​ការស្រាវជ្រាវ​។ លោក​និយាយ​ដូច្នេះ​ថា​៖«​វា​ហាក់ដូចជា​បង្ហាញ​ឲ្យ​យើង​ឃើញថា គ្មាន​ការយល់ដឹង​ជ្រៅជ្រះ មិនសូវ​ទូលំទូលាយ ដែល​ធ្វើ​ឲ្យ​ក្លាយជា​មនុស្ស​ឆោត និង​ល្ងង់ ដែល​ងាយ​នឹង​ឆាប់​ជឿ​គេ​ផ្តេសផ្តាស និង​ធ្វើ​ឲ្យ​យើង​ឆ្លេឆ្លា អត់​បានគិត​ពិចារណា ថ្លឹងថ្លែង ដែល​វា​បង្ហាញ​ពី​កម្រិត​នៃ​ការយល់ដឹង​របស់​យើង​»​។ 
 
​កន្លងមក ប្រជាពលរដ្ឋ​ខ្លះ បាននាំគ្នា​ទៅ​ទិញ​អង្ករ និង​របស់​ហូបចុក យកទៅ​ស្តុក​ទុក​ក្នុងផ្ទះ ដោយ​បារម្ភ​ថា ខ្លាច​មានការ​បិទ​ផ្សារ ហើយ​ពិបាក​រក​ទិញ ហើយ​ខ្លះ មិន​ហាន​ទៅ​ផ្សារ ដោយ​បារម្ភ​ខ្លាច​ឆ្លង​វីរុស​កូ​វីដ​-១៩​។ 
 
​យ៉ាងណា ប្រមុខ​រដ្ឋាភិបាល បានប្រកាស​រួចហើយ​ថា នឹង មិន​បិទ​ផ្សាយ​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ ចេញពីផ្ទះ បើ​មិនមាន​ការចាំបាច់ ហើយ​ត្រូវ​ចេញ គឺ​ត្រូវ​ពាក់​ម៉ាស់​ឬ​ប្រើ​ក្រ​ម៉ា​។ 
 
​ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​អំពាវនាវ​ផងដែរ កុំ​ឲ្យ​ប្រជាពលរដ្ឋ ប្រើ​អ​បិ​យ​ជំនឿ ដូចជា ដុត​ភ្លើង ជាដើម ដើម្បី​បណ្តេច​វីរុស​កូ​វីដ​-១៩ តែ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ក្រុមគ្រូពេទ្យ​។ 
 
​សូម​រម្លឹកថា នៅ​កម្ពុជា រកឃើញ​មនុស្ស​៩៨​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩ តែ​បានជា​សះស្បើយ​វិញ​៕

Tag:
 ជំនឿ
© រក្សាសិទ្ធិដោយ thmeythmey.com