COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បកស្រាយ​រឿង​មិន​បិទ​សាលារៀន​ទោះ COVID-19 វាយលុក​ខ្លាំង​
27, Mar 2020 , 9:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី។ រូបភាពកាត់ពីវីដេអូបង្ហោះដោយទូរទស្សន៍ Channel News Asia
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី។ រូបភាពកាត់ពីវីដេអូបង្ហោះដោយទូរទស្សន៍ Channel News Asia
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃទី​២៧ ខែមីនា បាន​បកស្រាយ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​លោក​ដែល​មិន​បិទ​សាលារៀន ទោះជា​ជំងឺ COVID-19 វាយលុក​ខ្លាំង​នៅ​សិង្ហ​បុរី​ក្ដី​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Channel NewsAsia លោក លី លើកឡើងថា នៅ​សាលារៀន សិស្ស​អាចមាន​សុវត្ថិភាព​ជាង​កន្លែង​ដទៃទៀត ហើយ​ម្យ៉ាង​សាលា ជាទី​ដែល​កូនសិស្ស​សិង្ហ​បុរី​ក្រប​ជញ្ជក់​ចំណេះដឹង​ផ្សេង​ដែល​សំខាន់​សម្រាប់​ជីវិត​ពួកគេ​។​

 
«​បិទ​សាលារៀន ក៏​មិនមែន​មិនមាន​បញ្ហា​ដែរ​។​» នាយករដ្ឋមន្ត្រី លី សៀន​ឡុង និយាយ​បែបនេះ​ទាក់ទង​នឹង​វិធានការ​បន្ត​បើក​សាលារៀន​ឲ្យ​ដំណើរការ​ធម្មតា ស្រប​ពេលដែល​ជំងឺ COVID-19 កំពុង​រាលដាល​ខ្លាំង​។ នៅ​សិង្ហ​បុរី គេ​ក៏​ឃើញ​មានការ​រាយការណ៍​ពី​ករណី​ឆ្លង​ក្នុង​សាលារៀន ដែល​ចម្លង​ដល់​គ្រូពេទ្យ និង​មាតាបិតា​សិស្ស​មួយចំនួន​ផង​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សិង្ហ​បុរី​នៅ​ថ្ងៃទី​២៧ ខែមីនា លោក លី លើកឡើងថា ក្នុងករណី​បិទ​ទីក្រុង សិស្ស​មកពី​គ្រួសារ​កម្រិត​ទាប​រងគ្រោះ​ខ្លាំងជាងគេ​។ លោក​ពន្យល់ថា សាលារៀន មិន​មែនមាន​ត្រឹម​ការ​ទៅ​សាលារៀន​ឡើយ ព្រោះ​សាលា​ជាទី​ដែល​សិស្ស​ត្រូវ​ចូល​សង្គម​ចម្រុះ គ្រូបង្រៀន​នាំ​ផ្លូវ​សិស្ស និង​ក្រេបជញ្ជក់​ចំណេះដឹង ហើយ​នោះ​ជា​របៀប​ដែល​រដ្ឋាភិបាល​ជួយ​សិស្ស​ពង្រឹងសមត្ថភាព និង​ផ្ដល់ឱកាស​ឲ្យ​ឆ្ពោះទៅមុខ​។​
 
«...​ប្រសិនបើ​គ្រូ​មិនអាច​ជួយ​សិស្ស​របស់ខ្លួន ហើយ​ឪពុកម្ដាយ​មិន​អាចជួយ​បំពេញ​កិច្ចការ​នេះ​នៅផ្ទះ ក្មេងៗ​នឹង​ជួប​បញ្ហា​។​» នេះ​ជាការ​បញ្ជាក់​របស់លោក លី ដែល​បន្តថា នេះ​ក៏​ជា​មូល​ហេតុដែល​រដ្ឋាភិបាល​មិន​បិទ​សាលារៀន​ដូច​ប្រទេស​មួយចំនួន​បានធ្វើ​ដូចជា​ជប៉ុន​ជាដើម​។ ក្នុង​កិច្ច​សម្ភាស​ដដែល លោក លី បន្តថា មាន​សិស្សស្រី​ម្នាក់​ក៏បាន​សរសេរ​សំបុត្រ​សួរ​លោក​ពី​មូល​ហេតុដែល​សាលារៀន​នៅតែ​បន្តដំណើរ​ការធម្មតា​។​
 
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បញ្ជក់​ថា​៖ «​ខ្ញុំ​បាន​សរសេរ​តប​វិញ​ថា មូលហេតុ គឺ​សាលារៀន អាចជា​កន្លែង​មាន​សុវត្ថិភាព ហើយ​សាលារៀន​អាច​ផ្ដល់​សេវាកម្ម​សំខាន់បំផុត​ដែល​ជួយ​សិស្ស និង​ឪពុកម្ដាយ​។ បើ​មិន​បិទ​សាលារៀន ក៏​មិន​មានន័យថា បញ្ហា​រសាត់​ទៅ​ឆ្ងាយ​ដែរ ព្រោះ​តើ​កូនៗ​ទៅលេង​ឯណា​? អ្នកមាន​ឪពុកម្ដាយ អាច​ទទួលបាន​ការមើល​ថែ​ដូចជា អង្គុយ​នៅផ្ទះ ធ្វើ​លំ​ហាត់ និង​មិន​លេង​ហ្គេម​កុំព្យូទ័រ​។ អ្នក​គ្មាន​ឪពុកម្ដាយ អាច​ទៅលេង​វីដេអូ​ហ្គេម ឬ​ទៅ​ផ្សារ ឬ​ទៅ​ដើរលេង ដែល​ប្រ​ឈ​មុខ​ហានិភ័យ​ជាង​នៅ​សាលារៀន​ដែលមាន​ការគ្រប់គ្រង​។​»
 
​ខណៈ​មាន​ករណី​ឆ្លង COVID-19 នៅ​សាលារៀន​ខ្លះ ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​រូបនេះ ស្នើ​ឲ្យ​ប្រជាជន​មើលទៅ​កាន់​សាលារៀន​មួយៗ ជាជាង​មើល​ពី​ប្រព័ន្ធ​អប់រំ​ទាំងមូល ហើយ​មើល​កន្លែងធ្វើការ​មួយ​ជាជាង​ប្រព័ន្ធ​ទាំងមូល​។ ត្រង់ចំណុច​នេះ លោក លី បកស្រាយ​ថា បើ​កន្លែង​ណា​មាន​បញ្ហា អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ហា​នៅ​ទីនោះ មិនមែន​បិទ​ប្រព័ន្ធ​ទាំងមូល​ឡើយ​៕  

Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com