COVID-19
ជាតិ
គ្រួសារអ្នកបើកឡានដឹកភ្ញៀវបារាំង និងអ្នកពាក់ព័ន្ធមួយចំនួនតេស្ដអវិជ្ជមាន COVID-19
× សៀមរាប៖ លទ្ធផលតេស្ដបានបញ្ជាក់ថា ក្រុមគ្រួសារអ្នកបើករថយន្តដឹកទេសចរជនជាតិបារាំង ពុំមានជំងឺកូវីដ១៩នោះទេ។ អ្នកបើករថយន្តទេសចរដឹកជនជាតិបារាំង៣៧នាក់ អំឡុងពេលដើរកម្សាន្តក្នុងខេត្តសៀមរាប ត្រូវបានក្រសួងសុខាភិបាលប្រកាសនៅយប់ថ្ងៃទី២៥ មីនា ថាបានឆ្លងជំងឺកូវីដ១៩។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា សមាជិកគ្រួសារបុរសអ្នកបើករថយន្តទាំង៥នាក់ ធ្វើតេស្ដអវិជ្ជមាន កូវីដ១៩។ លោកប្រាប់ថា ក្រុមគ្រួសារបានបង្ហាញអារម្មណ៍ត្រេកអរជាខ្លាំង ក្រោយទទួលបានលទ្ធផលនៅព្រឹកថ្ងៃទី២៧ មីនា។ តាមលោកប្រធានមន្ទីរសុខាភិបាល អ្នកពាក់ព័ន្ធដោយផ្ទាល់មួយចំនួនធំជាមួយក្រុមទេសចរជនជាតិបារាំង ដែលបានប្រមូលទៅធ្វើតេស្ដ សុទ្ធសឹងចេញលទ្ធផលអវិជ្ជមាន។
ក្រៅពីអ្នកប៉ះពាល់ដោយផ្ទាល់ មន្ទីរសុខាភិបាលខេត្តសៀមរាបក៏បានចុះអប់រំអ្នកប៉ះពាល់ដោយប្រយោលរាប់សិបនាក់ទៀតផងដែរ។ ពួកគេត្រូវបានណែនាំឱ្យធ្វើចត្ដាឡីស័កខ្លួនឯងនៅផ្ទះរៀងៗខ្លួន។ នេះបើតាមការបញ្ជាក់ពីលោក ក្រុស សារ៉ាត់ ហើយថាក្រុមគ្រូពេទ្យនៅបន្តតាមដានសុខភាពពួកគេទាំងនោះយ៉ាងយកចិត្តទុកដាក់។
ក្រុមទេសចរជនជាតិបារាំង៣៧នាក់ បានធ្វើដំណើរកម្សាន្ត និងស្នាក់នៅខេត្តសៀមរាបរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ មីនា ហើយត្រូវបានរកឃើញមានជំងឺកូវីដ១៩នៅក្រុងព្រះសីហនុ ដែលជាគោលដៅចុងក្រោយ បន្ទាប់ពីឆ្លងកាត់ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ លោក ក្រុស សារ៉ាត់ មិនបានបញ្ជាក់ថាមនុស្សប៉ុន្មាននាក់ដែលជាប់ពាក់ព័ន្ធករណីសង្ស័យថាឆ្លងជំងឺកូវីដ១៩ពីក្រុមទេសចរជនជាតិបារាំងទាំងនោះទេ តែថាតួលេខអាចច្រើនរយនាក់។ តែលោកបានពន្យល់ថា ករណីឆ្លងអាចមានទាបបំផុត ជារួមមកដល់ពេលនេះគឺហួសរយៈពេលនៃការឆ្លងទៅហើយ បើរាប់ចាប់ពីក្រុមទេសចរទាំងនោះស្នាក់នៅខេត្តសៀមរាបតាំងពីថ្ងៃទី១១ មីនាមក។
គួរបញ្ជាក់ថា មកដល់ពេលនេះ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន៥នាក់ ក្នុងនោះរួមមានបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ ត្រូវបានរកឃើញនៅថ្ងៃទី៧ មីនា, ទី២ បុរសជនជាតិខ្មែរត្រឡប់ពីចូលរួមបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី រកឃើញនៅថ្ងៃទី១៦ មីនា ទី៣, បុរសជនជាតិខ្មែរ ជាអ្នកបើករថយន្តដឹកទេសចរជនជាតិបារាំង រកឃើញនៅថ្ងៃទី២៥ មីនា និងទី៤ទី៥ គឺបុរសជនជាតិឥណ្ឌូណេស៊ី២នាក់ ប្រកាសនៅយប់ថ្ងៃទី២៦ មីនា ដោយធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩នៅប្រទេសថៃ តែធ្វើដំណើរតាមច្រកព្រំដែនប៉ោយប៉ែតមកសុំព្យាបាលនៅសៀមរាប ដោយលើកហេតុផលថាគ្មានប្រាក់សម្រាប់ព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com