COVID-19
អន្តរជាតិ
ប្រធានាធិបតី​ចិន ប្ដេជ្ញា​ជួយ​គាំទ្រ​អាមេរិក​ដោះស្រាយ​វិបត្តិ COVID-19
27, Mar 2020 , 9:59 pm        
រូបភាព
លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនភីង កាលជំនួបនាពេលកន្លងមក (AFP)
លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនភីង កាលជំនួបនាពេលកន្លងមក (AFP)
ដោយ:
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង បាន​ប្រាប់​សម​ភាគី​អាមេរិក ដូ​ណា​ល់ ត្រាំ ថា លោក​សង្ឃឹមថា ក្រុង​វ៉ាស៊ីនតោន នឹង​ផ្ដើម​យកចិត្តទុកដាក់​ពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ​។ ប្រមុខ​ដឹកនាំ​ចិន បន្តទៀតថា រដ្ឋាភិបាល​ចិន​ប្តេជ្ញា​ជួយ​គាំទ្រ​សហរដ្ឋអាមេរិក​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ COVID-19​។

 
​អំឡុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​នា​ថ្ងៃ​សុក្រ ២៧ ខែមីនា ប្រធានាធិបតី ស៊ី ជិន​ភីង បាន​ប្រា​ប់លោក ដូ​ណា​ល់ ត្រាំ ថា ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រ​ទស​ទាំងពីរ គឺ​ជម្រើស​ដ៏​ត្រឹមត្រូវ​តែមួយគត់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចិន​។​
 
​បន្ថែម​ពីនេះ លោក ស៊ី ក៏បាន​សង្កត់ធ្ងន់​ទៀតថា រដ្ឋាភិបាល​ចិន​ប្រកាស​ពី​ជំហរ​យ៉ាង​មុតមាំ​ក្នុង​ការជួយ​គាំទ្រ​សហរដ្ឋអាមេរិក​ដោះស្រាយ​វិបត្តិ COVID-19 ដែល​កំពុង​អុកឡុក​ប្រទេស​នេះ​។ ការប្រកាស​ជួយ​គាំទ្រ​ពី​សំណាក់​ក្រុង​ប៉េកាំង​នេះ ធ្វើឡើង​ចំ​ថ្ងៃ​ដែល​ករណី​ឆ្លង COVID-19 នៅ​សហរដ្ឋអាមេរិក​បាន​កើន​លើស​ប្រទេស​ណាៗ​ទាំងអស់​ទូទាំង​ពិភពលោក ជាមួយ​តួលេខ​អ្នកជំងឺ​សរុប​ជាង​៨៥០០០​ករណី​។ 
 
ម្យ៉ាងវិញទៀត ជំនួប​តាម​ទូរ​សព្ទ​រវាង​មេដឹកនាំ​ពិភពលោក​ទាំងពីរ​នេះ ធ្វើឡើង​ខណៈ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង មួយរយៈ​ចុងក្រោយ​នេះ បាន​ប៉ះ​សម្តី​គ្នា​ជុំវិញ​ជំងឺ COVID-19 ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន កាលពី​ចុង​ឆ្នាំមុន ហើយ​បាន​រីកសាយ​ភាយ​ជា​សាកល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មន្ត្រីជាន់ខ្ពស់​អាមេរិក​មួ​យ​ចំនួន បាន​ចោទប្រកាន់​ចិន​ថា ខ្វះ​តម្លាភាព​លើ​រឿង​វីរុស COVID-19 ដែល​បានសម្លាប់​មនុស្ស​ជាង​២៤០០០ ទូទាំង​ពិភពលោក​។ សម្តី​នេះ បាន​បង្ក​ជា​កំហឹង​ដល់​ប្រទេស​ចិន​។ ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធានាធិបតី ស៊ី អំឡុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ដដែល បាន​ឆ្លើយតប​ទៅ​លោក ត្រាំ ដូច្នេះ​ថា ប្រទេស​ចិន បាន​បើកចំហ និង​មាន​តម្លាភាព​លើ​រឿង COVID-19 ដែល​បាន​ឆ្លង​មនុស្ស​ជាង​៨​ម៉ឺន​នាក់​ក្នុងប្រទេស​ចិន​។ 
 
​ជាការ​ឆ្លើយតប លោក ត្រាំ តាមរយៈ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃ​សុក្រ​នេះ បាន​សរស​រថា លោក​បាន​ពិភាក្សា​អំពី​ការ​រាតត្បាត​ជំងឺ COVID-19 យ៉ាង​ល្អិតល្អន់​បំផុត​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ បាន​បញ្ឈប់​ការប្រើ​ពាក្យ​ដ៏​ចម្រូងចម្រាស «​វីរុស​ចិន​» ដែល​ពីមុន​លោក​បាន​ហៅ​ជាច្រើនលើក ដែល​សំដៅ​ទៅកាន់ COVID-19 ។ ត្រង់ចំណុច​នេះ​លោក​សរសេរ​ដូច្នេះ​ថា​៖«​ចិន​បាន​ឆ្លងកាត់​រឿង​ជាច្រើន និង​បាន​យល់ដឹង​ច្រើន​អំពី​វីរុស​នេះ​។ បច្ចុប្បន្ន​យើង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​។​»៕

Tag:
 ​ចិន​
  សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ភីង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com