COVID-19
ជាតិ
សង្គមជាតិ
អាជ្ញាធរ អះអាងថា គ្មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ និង​បិទ​ផ្សារ​ជម្ពូ​វ័ន​ឡើយ​
27, Mar 2020 , 10:19 pm        
រូបភាព
កម្មភាពលក់និងទិញរបស់អាជីវករនិងប្រជាពលរដ្ឋក្នុងផ្សារជម្ពូវ័ន, រូបភាពពីប្រធានគណៈកម្មការផ្សារជម្ពូវ័ន
កម្មភាពលក់និងទិញរបស់អាជីវករនិងប្រជាពលរដ្ឋក្នុងផ្សារជម្ពូវ័ន, រូបភាពពីប្រធានគណៈកម្មការផ្សារជម្ពូវ័ន
ដោយ:
​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ អះអាងថា គ្មាន​ករណី​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ផ្សារ​ជម្ពូ​វ័ន​នោះទេ ហើយក៏​គ្មាន​ការបិទ​ផ្សារ​នេះដែរ​។ ការ​ចេញមក​អះអាង​របស់​អភិបាលខណ្ឌ​រូបនេះ ធ្វើឡើង​ក្រោយ​មាន​ជនអនាមិក បាន​ផ្ញើ​សារ​ជា​សំឡេង​ដោយ​និយាយថា មាន​អ្នកលក់​ទូរ​សព្ទ​ម្នាក់​ស្លាប់​ដោយសារ​កូ​វីដ​-១៩ នៅ​ផ្សារ​ជម្ពូ​វ័ន​។

 
 
​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ហែម ដា​រិ​ទ្ធិ នៅ​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ បាន​ចេញមក​ផ្សាយ​ផ្ទាល់​លើ​ហ្វេ​ស​ប៊ុ​កថា ហើយ​ច្រានចោល​ព័ត៌មាន​នេះ​។ លោក បញ្ជាក់ថា​៖«​មាន​ជន​អគតិ​មួយចំនួន​បាន​ដើរ​និយាយ​និង​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​នានា បំពុល​ព័ត៌មាន​ថា នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ផ្សារ​ជម្ពូ​វ័ន​មាន​ករណី​អ្នកលក់​ទូរ​សព្ទ​ម្នាក់​ស្លាប់​ដោយសារ​កូ​វីដ​-១៩ ហើយ​បងប្អូន​៤-៥​នាក់ ត្រូវបាន​ដឹកយក​ទៅដោយ​ស្ងាត់ៗ​។ ចំពោះ​ករណីនេះ ខ្ញុំ​សុំ​បញ្ជាក់ថា គ្មាន​ករណីបែបនេះ​ឡើយ ហើយ​ផ្សារ​ជម្ពូ​វ័ន​របស់​យើង​នៅ​បើក​ដំណើរការ​ដូច​ធម្មតា​»​។ 
 
​ជាមួយគ្នានេះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ប្រធាន​គណៈកម្មការ​ផ្សារ​ជម្ពូ​វ័ន ក៏បាន​បង្ហោះ​សារ​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​នេះ​ផងដែរ​។ គណនី​នេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំបាទ ប្រធាន​គណៈកម្មការ​ផ្សារ​ជម្ពូ​វ័ន សូម​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ថា នៅ​ផ្សារ​ជម្ពូ​វ័ន​មាន​ករណី​អ្នកលក់​ទូរស័ព្ទ​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩ ហើយ​ផ្សារ​បិទ​ទាំងស្រុង នេះ​គឺជា​ព័ត៌មាន​មិន​ពិត មិនមាន​ករណី​ស្លាប់​ដោយ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នោះទេ ហើយ​ផ្សារ​នៅ​បើក​លក់​ជាធម្មតា​»​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ កម្ពុជា ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ លើ​មនុស្ស​៩៨​នាក់​ហើយ តែមាន​១១​នាក់ បានជា​សះស្បើយ​វិញ​៕ 
 

Tag:
 ផ្សារ​ជម្ពូ​វ័ន​
  ហែម ដា​រិ​ទ្ធិ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com