COVID-19
អន្តរជាតិ
ម៉ាឡេស៊ី បញ្ចេញ​កញ្ចប់​ទឹកប្រាក់​៥៨​ពាន់​លាន​ដុល្លារ​ពង្រឹង​សេដ្ឋកិច្ច​អំឡុងពេល COVID-19
27, Mar 2020 , 10:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin។ រូបភាព៖ the rakyat post
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin។ រូបភាព៖ the rakyat post
​ម៉ាឡេស៊ី នា​ថ្ងៃទី​២៧ ខែមីនា បានប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​គាំទ្រ​សេដ្ឋកិច្ច​របស់ខ្លួន​ប្រមាណ​ជា ៥៨​ពាន់​លាន​ដុល្លារ ដើម្បី​ផ្តល់ជំនួយ​ដល់​ប្រជាពលរដ្ឋ និង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។


 
​ថ្លែង​តាមរយៈ​ទូរទស្សន៍ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន (Muhyiddin Yassin) បាន​បញ្ជាក់ថា កញ្ចប់​ថវិកា​គាំទ្រ​ប្រមាណ​៥៨​ពាន់​លាន​ដុល្លារ នឹង​ផ្តល់​ទៅលើ​វិស័យ​សុខាភិបាល ជំនួយ​សេដ្ឋកិច្ច និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ បើ​គ្មាន​ការប្រែប្រួល​ទេ ម៉ាឡេស៊ី​នឹង​ចំណាយ​ថវិកា​ប្រមាណ ២៩​ពាន់​លាន​ដុល្លារ លើ​វិស័យ​សុខាភិបាល ២៣​ពាន់​លាន​ដុល្លារ ជួយ​គាំទ្រ​ជំនួញ​ក្នុងស្រុក ៥០០​លាន​ដុល្លារ​លើ​សេដ្ឋកិច្ច​។ ចំណែក​ថវិកា​ដែល​សល់​ពីនេះ នឹង​ចំណាយ​លើ​វិស័យ​ផ្សេងទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia​។  
 
​ការបញ្ចេញ​កញ្ចប់​ថវិកា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ម៉ាឡេស៊ី​បែបនេះ មាន​គោលដៅ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​របស់ខ្លួន ដែល​កំពុង​ប្រឈម​ជាមួយ​បញ្ហា COVID-19 នៅក្នុង​ប្រទេស​។ ជាមួយគ្នានេះ ការប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ធ្វើឡើង​ក្រោយ​ម៉ាឡេស៊ី ប្រកាស​បិទ​ប្រទេស​មួយរយៈ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៨ ខែមីនា ដល់​ថ្ងៃទី​១៤ ខែមេសា​។ 
 
​នា​ថ្ងៃ​២៦ ខែមីនា លោកនាយក​រដ្ឋមន្ត្រី បានលើកឡើង​ជុំវិញ​កញ្ចប់​ថវិកា​គាំទ្រ​នេះ​ថា ប្រជាជន​ទាំងអស់​របស់​ម៉ាឡេស៊ី នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កញ្ចប់​ថវិកា​នេះ មិន​ថា​អ្នកបើក Grab អ្នកបើក​តាក់ស៊ី កសិករ​នោះទេ​។  
 
​កន្លងមក អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ធ្លាប់បាន​បញ្ចេញ​កញ្ចប់​ថវិកា​គាំទ្រ​សេដ្ឋកិច្ច​របស់ខ្លួន​ម្តង​ហើយ ពោលគឺ​ប្រមាណ​ជា ៤,៥​ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​ពេលនោះ ស្ថានភាព​ម៉ាឡេស៊ី មិនទាន់មាន​ភាព​ធ្ងន់ធ្ងរ​ដូច​ពេល​នេះឡើយ​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៧ ខែមីនា ម៉ាឡេស៊ី​មាន​ករណី​COVID-19 សរុប​ចំនួន ២០៣១​ករណី អ្នកស្លាប់ ២៤​ករណី និង​អ្នកជា​សះស្បើយ ២១៥​ករណី​៕ 

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com