COVID-19
ជាតិ
សម្ដេច ស ខេង​៖ បើ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន អាចមាន​២​កម្រិត​
27, Mar 2020 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ ការដាក់​ប្រទេស​នៅក្នុង​គ្រាអាសន្ន អាចមាន​២​កម្រិត ដោយ​អាស្រ័យ​លើ​ស្ថានភាព​ធ្ងន់ និង​ស្រាល របស់​ប្រទេស​នោះ​។ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកឡើង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ថ្មី ស្ដីពី​ការផាកពិន័យ​អន្ដរការណ៍ ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​២៧ មីនា​។​


 
​សម្ដេច ស ខេង បាន​បញ្ជាក់ថា កម្ពុជា កំពុង​សិក្សា​លើ​វិធាន​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ បើសិនជា​ករណី​ជំងឺ​COVID-19 កាន់តែ​រាតត្បាត​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។​
 
«​ការប្រកាស​ដាក់​ភាពអាសន្ន បើតាម​ការស្រាវជ្រាវ​ទៅ វា​អាចមាន​ពីរ​យ៉ាង កម្រិតធ្ងន់ និង​កម្រិត​ស្រាល​។ បើ​កម្រិតធ្ងន់ គឺ​ចង់​និយាយថា វា​ទាំងអស់ ទាក់ទង​នឹង​ការដើរ​ហើរ ការជួបប្រជុំ ឬ​ការទាក់ទង​នឹង​អ្វី​ហូ​ហែរ​ទៀត ប៉ុន្ដែ​មិនដឹងថា​ថៃ​ដាក់​ក្នុង​កម្រិតណា​ទេ យើង​អត់​ដឹង​ទេ​។ ប៉ុន្តែ​មួយទៀត គ្រាន់តែ​ឃុំ​នៅក្នុង​ផ្ទះ​ទេ បានន័យថា គ្រប់គ្រង​គាត់​នៅផ្ទះ ហាម​មិន​ឲ្យ​គាត់​ចេញពីផ្ទះ ហ្នឹងហើយ​យើង​បានឃើញ ដែល​គេ​ហៅថា Lock Down»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​



 
​សម្ដេច ស ខេង ក៏បាន​បញ្ជា​ទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​តាមដាន និង​វាយតម្លៃ​សភាពការណ៍ ដើម្បី​រៀបចំ​ផែនការ​បង្ការ និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​ជន​ឆ្លៀតឱកាស យក​បញ្ហា​COVID-19 មក​អុកឡុក​ស្ថានការណ៍​ប្រទេសជាតិ ដែលនាំឱ្យ​ចលាចល​កាន់តែខ្លាំង​ថែមទៀត​។​
 
​កាលពី​ថ្ងៃទី​២៥ មីនា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រលយ​ពី​បំណង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន បើសិនជា​ស្ថានភាព​រីក​រាលដាល​ជំងឺ​COVID-19  កាន់តែ​ធ្ងន់ធ្ងរ​។ «​បើ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ហើយ សិទ្ធិ​ស៊ីវិល ត្រូវបាន​ប៉ះ​... ហាម​ប្រមូលផ្តុំ ហាម​ជួបជុំ ហាម​ចេញពីផ្ទះ ហាម​ប៉ុន្មាន​ប្រភេទ វិសាលភាព មាន​ដល់​ណា ខ្ញុំ កំពុង​ឲ្យ​អ្នកច្បាប់​សិក្សា​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​កំពុង​ពិចារណា​លើ​ការសម្រេចចិត្ត​ទូលថ្វាយ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ដើម្បី​ស្នើសុំ​ព្រះរាជា​នុ​ញ្ញាតិ ដាក់​ប្រទេស​នៅក្នុង​គ្រា​មាន​អាសន្ន ។​
 
​អ្នក​ឆ្លង​ជំងឺ​COVID-19​នៅ​កម្ពុជា មាន​ចំនួន ៩៨​នាក់​ហើយ ក្នុងនោះ​មាននៅ​ព្រះសីហនុ ៣៦​ករណី (​បារាំង​៣១ ខែ្មរ​២, ចិន​១) ភ្នំពេញ ១៣​ករណី (​ខ្មែរ​៨, បារាំង​៣, បែលហ្ស៊ិក ១, កាណាដា​១), កំពង់ចាម​១៥​ករណី (​ម៉ាឡេស៊ី​៧, អង់គ្លេស​៣,​អាមេរិកាំង​២,​អង់គ្លេស​២, ខ្មែរ​១), បាត់ដំបង​៨​ករណី (​ខ្មែរ​៨), ត្បូងឃ្មុំ ៤ (​ខ្មែរ​៤), កែប ៤ (​ម៉ាឡេស៊ី​៣, ខ្មែរ​១), កំពង់ឆ្នាំង  ៣ (​ខ្មែរ​៣), បន្ទាយមានជ័យ ២​ករណី (​ខ្មែរ​២), ព្រះវិហារ ២​ករណី (​ខ្មែរ​២), កំពត ២​ករណី (​ម៉ាឡេស៊ី​២), សៀមរាប ៥​ករណី (​ខ្មែរ​៣, ឥណ្ឌូណេស៊ី​២),​កោះកុង​២​ករណី (​ខ្មែរ​២), កណ្តាល ២​ករណី (​ខ្មែរ​២)​។ អ្នកជា​សះស្បើយ​សរុប​១១​នាក់​៕

Tag:
 ស ខេង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com