COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ ត្រៀម​៥៦០​លាន​ដុល្លារ ជួយ​ក្លិប​ជួប​វិបត្តិ​ព្រោះ COVID-19
27, Mar 2020 , 6:29 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ (RFEF) នឹង​បញ្ចេញ​ប្រាក់​បរិច្ចាគ​របស់ខ្លួន​ចំនួន ៥០០ លាន​អឺរ៉ូ (៥៦០​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ជួយ​ក្លិប​ដែល​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ COVID-19​។​


 
​ប្រាក់​ដ៏​ច្រើនសន្ធឹក​នេះ នឹង​ជួយ​ដល់​ក្លិប​ណា​ដែល​មិនអាច​ទទួលបាន​ថ្លៃ​ពី​ការទទួលបាន​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍​នានា អំឡុងពេល​ផ្អាក​ការប្រកួត​ដែល​នៅ​សេសសល់​រដូវ​កាល​នេះ​។ យ៉ាងណាក៏ដោយ ក្លិប​ទាំងអស់នោះ​នឹងត្រូវ​សង​ទៅ​ឲ្យ​សហព័ន្ធ​វិញ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​។​
 
​ក្រៅពី​ប្រាក់​ជំនួយ​សម្រាប់​ក្រុម​អាជីព RFEF ក៏បាន​សន្យា​ផ្តល់​ប្រាក់កម្ចី​ចំនួន ៤ លាន​អឺរ៉ូ (៤,៥៤​លាន​ដុល្លារ​អាមេរិក​) ដល់​ក្រុម​កីឡាករ និង​កីឡាការិនី​បាល់ទាត់​មិន​អាជីព​ផងដែរ​។​
«​យើង​ចង់​អង្គុយ​ពិភាក្សា​ជាមួយ La Liga អំពី​បញ្ហា​ដែល​ក្លិប​មួយចំនួន​អាច​នឹង​ជួប​ក្នុងពេល​មាន​វិបត្តិ​នេះ​។ សារ​របស់ខ្ញុំ​នេះ​គឺជា​ក្តីសង្ឃឹម​និង​វិន័យ​។ ក្នុង​វិស័យ​បាល់ទាត់​គ្រប់​កម្រិត​ទាំងអស់​គួរតែមាន​សាមគ្គីភាព​ជាមួយគ្នា ហើយ​យើង​នឹង​បញ្ឈប់​វីរុស​នេះ​»​។ លោក Luis Rubiales ប្រធាន RFEF លើកឡើង​ដូច្នេះ​។​
 
​ចំនួន​អ្នកស្លាប់​នៅ​អេ​ស្ប៉ា​ញ​ដោយសារ COVID-19 បាន​វ៉ា​ដាច់​ចិន​ដែលជា​ប្រភព​ជំងឺ​ក្នុង​ចំនួន ៤៣៦៥​នាក់ គិត​ត្រឹម​ថ្ងៃទី​២៧ ខែមីនា​នេះ​។ ដោយឡែក​អ្នក​ឆ្លង​មាន ៥៧៧៨៦​ករណី និង​សះស្បើយ ៧០១៥​ករណី​។ អេ​ស្ប៉ា​ញ​ជា​ប្រទេស​ទី​២​នៅ​អឺរ៉ុប ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​បន្ទាប់ពី​អ៊ីតាលី​។​
 
​ប្រធាន RFEF អះអាង​ទៀតថា នឹង​ផ្តល់​ការប្រើប្រាស់​សណ្ឋាគារ និង​បុគ្គលិក​របស់​ក្រុម​ជម្រើសជាតិ​រួមទាំង​គ្រូពេទ្យ​ព្យាបាល​រោគ​ជូន​ដល់​សេវា​សុខភាព​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ផងដែរ​៕

លោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF)


Tag:
 COVID-19
  RFEF
  Luis Rubiales
© រក្សាសិទ្ធិដោយ thmeythmey.com