COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
G20 សន្យា​ចាក់​បញ្ចូល​លុយ​៥​ទ្រី​លាន​ដុល្លារ​ទៅក្នុង​សេដ្ឋកិច្ច​សាកល​ទប់ទល់​វិបត្តិ COVID-19
28, Mar 2020 , 8:30 am        
រូបភាព
រូបភាព៖ Gary Ramage—Pool, Getty Images
រូបភាព៖ Gary Ramage—Pool, Getty Images
 ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំ​មុន​ទាំង ២០ (G20) នា​ថ្ងៃទី​២៦ ខែមីនា សន្យា​ចាក់​បញ្ចូល​ទឹកប្រាក់​ជាង ៥​ពាន់​លាន​ដុល្លារ ចូលទៅក្នុង​សេដ្ឋកិច្ចពិភពលោក ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​សកល ដែល​កំពុងតែ​ប្រឈម​ជាមួយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ ក្រុម​ប្រទេសមួយ​នេះ ក៏បាន​សន្យា​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ផងដែរ​។​


​គិត​ត្រឹម​ថ្ងៃទី​២៦ ខែមីនា COVID-19 បាន​រីក​សាយភាយ ទៅ​ប្រទេស និង​តំបន់​ជាច្រើន​លើ​ពិភពលោក និង​មាន​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​បាន​ឆ្លង និង​ស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស​។ ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​មួយ​នេះ​រដ្ឋាភិបាល​ជាច្រើន បានចាប់ផ្តើម​ចាត់វិធានការ​ជា​បន្តបន្ទាប់ ។ វិធាន​ការបិទ​ប្រទេស​ទាំងស្រុង ឬមួយ​ផ្នែក ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​មួយចំនួន​អនុវត្ត​ជា​បន្តបន្ទាប់​។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​មនុស្ស​ជា​១ ភាគ​៣ នៃ​ប្រជាជន​សកល ត្រូវ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន បូករួម​ទាំង​អត្រា​អត់​ការធ្វើ​កាន់តែ​កើន​ខ្ពស់ កន្លែង​ការងារ​មួយចំនួន ត្រូវ​បិទ ឬ​ផ្អាក​ជាដើម​។​
 
​តាមរយៈ​កិច្ចប្រជុំ​ជា Video Conference ប្រមុខ​រដ្ឋាភិបាល ប្រមុខរដ្ឋ នៃ​ក្រុម​ប្រទេស G20 បាន​ជួបគ្នា ដើម្បី​ពិភាក្សា​ពី​បញ្ហា​សេដ្ឋកិច្ច​សកល ដែល​កំពុង​ប្រឈម ដោយសារ COVID-19​។ តាមរយៈ​សេចក្តីថ្លែងការណ៍​រួម ក្រុម​ប្រទេស G20 បាន​សន្យា​ចាក់​បញ្ចូល​ទឹកប្រាក់​ជាង ៥​ទ្រី​លាន​ដុល្លារ ទៅក្នុង​សេដ្ឋកិច្ច​សកល ដើម្បី​បញ្ចៀស​វិបត្តិ​ផ្សេងៗ​។ ទឹកប្រាក់​ដ៏​ច្រើន​បែបនេះ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​សារពើពន្ធ វិធានការ​សេដ្ឋកិច្ច និង​ការធានា​លើ​ការប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ COVID-19​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បន្ថែម​ពីលើ​នេះ មេដឹកនាំ G20 ក៏បាន​សន្យា​រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ប្រយុទ្ធប្រឆាំង​COVID-19 និង​ជួយសង្គ្រោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ផងដែរ ក្នុងការ​ប្រយុទ្ធ​ជាមួយ​វីរុស​ថ្មី​នេះ​។ តាមរយៈ​កិច្ចសន្ទនា​រយៈពេល ៩០​នាទី មេដឹកនាំ​ទាំងអស់ បាន​យល់ព្រម​ថា​៖ « យើង​ប្តេជ្ញា​រួមគ្នា​ជា​ធ្លុង​មួយ ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​រួមគ្នា (COVID-19) មួយ​នេះ​»​។ 
 
​ជាមួយគ្នានេះដែរ ក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​២០ ក៏មាន​បញ្ហា​ព្រួយបារម្ភ​លើ​តំបន់​មួយចំនួន​ផងដែរ ដែល​កំពុង​តែមាន​បញ្ហា ប្រព័ន្ធ​សុខាភិបាល​ចុះខ្សោយ មាន​ប្រពន្ធ​នយោបាយ និង​សេដ្ឋកិច្ច​មិន​រឹងមាំ ដូចជា​បណ្តា​ប្រទេស​មួយចំនួន នៅ​ទ្វីបអាហ្វ្រិក​ជាដើម​។​
 
​កិច្ចប្រជុំ G20 ដែលមាន​អា​រ៉ា​ប៊ី សា​អូឌីត​ជា​ម្ចាស់ផ្ទះ ធ្វើឡើង​ក្នុងអំឡុងពេល​មតិសាធារណៈ បាន​រិះគន់ថា ក្រុម​ប្រទេស G20 មានការ​ឆ្លើយតប​យឺត ជុំវិញ​ការ​រាតត្បាត COVID-19 នៅ​ជុំវិញ​ពិភពលោក​។​
 
​សូមបញ្ជាក់ថា អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus បាន​ព្រមាន​ក្រុម​ប្រទេស​G20 ថា COVID-19 កំពុងមាន​ល្បឿន​រីកសាយ​ភាយ​យ៉ាង​លឿន ដែល​នេះ​ទាមទារ​ឲ្យ​ប្រទេស​នាំមុខ​ទាំងអស់ ព​ន្លឿ​ន​ការផលិត​សម្ភារ​វេជ្ជសាស្ត្រ សម្ភារ​ការពារ​មួយចំនួន និង​ហាម​រឹតត្បិត​ការនាំចេញ​សម្ភារ​ទាំងនេះ​ទៅ​បរទេស​៕

Tag:
 G20
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com