COVID-19
អន្តរជាតិ
COVID-19៖ ស្ត្រី​វ័យ​៩០​ឆ្នាំ​ស្លាប់ ក្រោយ​បដិសេធ​ពាក់​អុកស៊ីសែន ព្រោះ​ចង់ទុក​ឲ្យ​ក្មេងៗ​
28, Mar 2020 , 6:29 am        
រូបភាព
លោកយាយ Suzanne Hoylaerts ស្លាប់ដោយសារកូវីដ១៩ក្នុងវ័យ​៩០ឆ្នាំ។ រូបថត Bollen
លោកយាយ Suzanne Hoylaerts ស្លាប់ដោយសារកូវីដ១៩ក្នុងវ័យ​៩០ឆ្នាំ។ រូបថត Bollen
ដោយ: ធីតា
​ស្ត្រី​បែលហ្ស៊ិក វ័យ​៩០​ឆ្នាំ​ម្នាក់ បានទទួល​មរណភាព​កាលពី​សប្តាហ៍​មុន ដោយសារ COVID-19​។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​បែលហ្ស៊ិក Het Laatste Nieuws លោកយាយ​រូបនេះ បាន​បដិសេធ​ពាក់​ឧបករណ៍​ដកដង្ហើម (​អុកស៊ីសែន​) ដោយសារ​គាត់​ចង់ទុក​វា​សម្រាប់​អ្នកជំងឺ​ក្មេងៗ​។​



​ក្រោយ​ពិនិត្យឃើញ​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 លោកយាយ Suzanne Hoylaerts ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ស្ថានភាព​ជំងឺ​របស់គាត់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្រោម​គ្រូពេទ្យ​បានរៀបចំ​បំពាក់​អុកស៊ីសែន​សម្រាប់​គាត់ ប៉ុន្តែ​ភ្លាមៗ​នោះ ស្ត្រី​ដែល​រស់នៅ​ក្រុង Binkon រូបនេះ បាន​បដិសេធ ដោយ​អះអាងថា គាត់​បាន​រស់​យ៉ាង​ល្អជា​ច្រើន​ឆ្នាំ​ហើយ​។​

«​ទុក​វា [​ឧបករណ៍​អុកស៊ីសែន​] សម្រាប់​ក្មេងៗ​ទៅ​ចុះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​យាយ Suzanne  ទៅកាន់​ក្រុមគ្រូពេទ្យ ដោយបាន​ចាត់ទុកជា​អំណោយ​ប្រកបដោយ​ក្តី​សប្បុរស​ចុងក្រោយ​ក្នុង​ជីវិត​របស់គាត់​។​

Judith ដែលជា​កូនស្រី​របស់លោក​យាយ Suzanne បាន​អះអាងថា ម្តាយ​ខ្លួន​តែងតែ​ត្រៀមខ្លួន​ជួយ​អ្នកដទៃ​។ កើត​ក្នុង​គ្រួសារ​ដែលមាន​សមាជិក​ច្រើន លោកយាយ Suzanne ស្គាល់​ពី​ជីវិត​ដ៏​លំបាក ជាពិសេស​ភាពក្រីក្រ និង​ការឆ្លងកាត់​សម័យ​សង្គ្រាម​។

​លោកយាយ​បាន​ជួប​រឿងរ៉ាវ​ជាច្រើន​ក្នុង​ជីវិត​មុន​ឈានដល់​វ័យ​៩០​ឆ្នាំ ក្នុងនោះ​មានដូចជា​ការមើលឃើញ​ពី​មរណភាព​របស់​ស្វាមី កូនប្រុស និង​កូនប្រសារ​ស្រី​។ «​ទោះបីជា​យ៉ាងណាក៏ដោយ គាត់​បាន​ជម្នះ​ឧបសគ្គ​ទាំងពួង ដោយ​ការ​សើច​គឺជា​ថ្នាំ​ដ៏​សក្តិ​សិទ្ធ​បំផុត​សម្រាប់​គាត់​។ យើង​មិនដឹងថា គាត់​ឆ្លង COVID-19 ពី​ពេលណា និង​នៅទីណា​នោះឡើយ​»​។ នេះ​ជាការ​អះអាង​របស់ Judith​។​

​មុន​រហូតដល់​ថ្ងៃ​ទទួលមរណភាព លោកយាយ Suzanne តែងតែ​យកចិត្តទុកដាក់​ចំពោះ​ជនក្រីក្រ​ក្នុង​តំបន់ និង​ឧស្សាហ​កាត់ដេរ​ខោអាវ​យ​ក​ទៅ​បរិច្ចាគ​ដល់​អង្គការ​មួយ​។​

​គិត​មកដល់ពេលនេះ បែលហ្ស៊ិក​មាន​អ្នក​ឆ្លង COVID-19 ជាង​៧២០០​ករណី ក្នុងនោះ​ស្លាប់​ប្រមាណ​២៩០​នាក់ និង​ព្យាបាល​សះស្បើយ​ជាង​៨៥០​នាក់​៕



© រក្សាសិទ្ធិដោយ thmeythmey.com