COVID-19
ជាតិ
សង្គមជាតិ
ជនបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយសង្ស័យផ្ទុកជំងឺCOVID-19
× ភ្នំពេញ៖ ជនបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយសង្ស័យផ្ទុកជំងឺCOVID-19។ ការចាប់ខ្លួនជនបរទេសនេះ ធ្វើឡើងក្រោយពីរូបគេ បានយកទឹកមាត់ផ្ដិតទៅលើលុយក្លែងក្លាយ ហើយដាក់ចោលលើទូATM (កន្លែងដកប្រាក់របស់ធនាគារ) នៅជិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ នេះជាការបញ្ជាក់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៧ មីនា។
តាមរយៈវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកពីសកម្មភាពជនបរទេសនោះ ដែលបានយកដៃផ្ដិតទឹកមាត់ ហើយដកយកលុយក្លែងក្លាយពីក្នុងហោប៉ាវមួយសន្លឹក ដាក់ទុកចោលលើទូ ATM ហើយបានចាកចេញទៅ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០។ ដោយមានការសង្ស័យសមត្ថកិច្ច ក៏ចាប់ខ្លួនបុរសរូបនោះ ដើម្បីយកសំណាកទៅធ្វើតេស្តរកវីរុសCOVID-19 តែម្ដង។
«កម្លាំងផែនសន្តិសុខ និងកម្លាំងខណ្ឌ ប៉ុស្តិ៍នៃអធិការខណ្ឌដូនពេញ និងអាជ្ញាធរសង្កាត់ ខណ្ឌ បានធ្វើការតាមរកឃើញ នៅចំណុចផ្លូវ ៦៣ កែង ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយបានរាយការណ៍ជូនក្រសួងសុខាភិបាលចុះមកអន្តរាគមន៍យកទៅកាន់មន្ទីរពេទ្យចាក់អង្រែ ដើម្បីយកសំណាកទៅធ្វើពិនិត្យ និងវិភាគ »។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
គិតត្រឹមថ្ងៃទី២៨ មីនានេះ កម្ពុជា មានអ្នកឆ្លងជំងឺCOVID-19 មានចំនួន១០២នាក់ ក្នុងនោះជាសះស្បើយ១៣នាក់ហើយ។ ក្នុងចំណោមអ្នកជាសះស្បើយនេះ មានជនជាតិខ្មែរ១១នាក់ អង់គ្លេស១នាក់ និងចិន១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com