COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ FA បញ្ចប់​លី​គ​ចំនួន​៣ នា​រដូវ​កាល​នេះ ដោយ​គ្មាន​ការ​កាត់ចោល​ក្រុម​
28, Mar 2020 , 12:23 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) បាន​បញ្ជាក់ថា រាល់​ការប្រកួត​បាល់ទាត់​នៅ​អង់គ្លេស​ដែល​ស្ថិតក្រោម​ការ​គ្រប់​របស់​លី​គ​អង់គ្លេស​ចំនួន​៣​កម្រិត​នឹងត្រូវ​បញ្ចប់ ហើយ​រាល់​លទ្ធផល​ទាំងអស់​នឹងត្រូវ​ទុកជា​អសារ​បង់​។ ដោយឡែក ពានរង្វាន់ FA Cup រដូវ​កាល​នេះ​ក៏​កំពុង​ពិភាក្សា​ដើម្បី​បញ្ចប់​ការប្រកួត​ផងដែរ ដោយសារ​ការ​រាតត្បាត​របស់ COVID-19​។​


​ការសម្រេច​លុបចោល​នេះ មានន័យថា​នឹងមិន​មាន​ក្រុម​ណា​នៅ​លី​គ​ក្រោម​ឈានទៅ​លី​គ​បន្ទាប់ ឬ​ការ​កាត់ចោល​ទៅ​លី​គ​ក្រោម​នោះឡើយ​។ សម្រាប់​ការប្រកួត​របស់​ក្រុម​ស្ត្រី​ក្រោម​កម្រិត Super League និង Championship ត្រូវ​លុបចោល​ដូចគ្នា​។​
 
​លើសពីនេះ FA លើកឡើងថា​ស្ថាប័ន​ខ្លួន​ក៏​កំបុង​ពិនិត្យឡើងវិញ​នូវ​ជម្រើស​ណាមួយ ក្នុង​ការបញ្ចប់​ការប្រកួត FA Cup របស់​ក្រុម​បុរស​ដែល​បាន​ឈានដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ និង​ការប្រកួត​ពាន​កម្រិត​ផ្សេងៗ​ទៀត​។​
 
​សម្រាប់​ការប្រកួត​លី​គ​កំពូល Premier League និង Championship ស្ថិតក្នុង​ការផ្អាក​បណ្តោះ​អាសន្ន​នៅឡើយ ពោលគឺ​ត្រូវ​ពន្យារពេល​រហូតដល់​ចុងខែ​មេសា​។ ប្រសិនបើ COVID-19 នៅតែ​បន្ត​ឥទ្ធិពល​លី​គ​ធំៗ​នៅ​អឺរ៉ុប​ទំនងជា​ត្រូវ​បង្ខំចិត្ត​លុបចោល​ដូចគ្នា​។​
 
​ការសម្រេច​របស់ FA បែបនេះ កើតឡើង​បន្ទាប់ពី​ជំងឺឆ្លង COVID-19 បង្កើន​ការចម្លង និង​សម្លាប់​មនុស្ស​កាន់តែច្រើន​ឡើង​ជុំវិញ​ពិភពលោក​។ មិន​ត្រឹមតែ​កីឡាបាល់ទាត់​ទេ​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​នេះ ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​ផ្សេងៗ​ទៀត រួមទាំង​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០​ផង សុទ្ធតែ​ប៉ះពាល់​ទាំងអស់​។​
 
FA បន្ថែមថា នេះ​ជា​កាលៈទេសៈ​ដែល​ត្រូវ​គិតគូ​ពី​ផលប៉ះពាល់​ហិរញ្ញវត្ថុ​សម្រាប់​បាល់ទាត់​អង់គ្លេស ហើយ​រាល់​ការសម្រេចចិត្ត​ទាំងអស់ គឺ​ស្ថិតក្នុង​ផលប្រយោជន៍​រួម​ទាំងអស់គ្នា​៕

Tag:
 COVID-19
  FA
© រក្សាសិទ្ធិដោយ thmeythmey.com