COVID-19
អន្តរជាតិ
អ្នកដំណើរ​៤​នាក់​ស្លាប់​លើ​នាវា​អាមេរិក Zaandam ដែល​ជាប់គាំង​នៅ​ប៉ា​ណា​ម៉ា​
28, Mar 2020 , 1:38 pm        
រូបភាព
នាវាទេសចរណ៍ Zaandam ដែលមានផ្ទុកមនុស្ស១៨០០នាក់  (AFP)
នាវាទេសចរណ៍ Zaandam ដែលមានផ្ទុកមនុស្ស១៨០០នាក់ (AFP)
ដោយ:
​អ្នកដំណើរ​៤​នាក់ បាន​បាត់​បង់ជីវិត​លើ​នាវា​ទេសចរណ៍​មួយ​ដែល​អណ្ដែត​តែលតោល​នៅក្បែរ​ឆ្នេរសមុទ្រ​ប្រទេស​ប៉ា​ណា​ម៉ា ខណៈ​ជាង​១០០​នាក់​ផ្សេងទៀត មាន​ចេញ​រោគសញ្ញា​ផ្លូវដង្ហើម​។ ប្រតិបត្តិការ​នាវា​ទេសចរណ៍​នេះ បញ្ជាក់​បែបនេះ នៅ​ថ្ងៃ​សុក្រ ២៧ ខែមីនា ដោយ​បន្ថែមថា ក្នុងនោះ​យ៉ាងតិច​២​នាក់​មាន​ផ្ទុក COVID-19​។​

 
​នាវា​ទេសចរណ៍ Zaandam ដែលមាន​ផ្ទុក​មនុស្ស​១៨០០​នាក់ កំពុងស្ថិត​ក្នុង​ដែនទឹក​របស់​ប្រទេស ប៉ា​ណា​ម៉ា បន្ទាប់ពី​ប្រទេសមួយ​ចំនួន​បដិសេធ​ឲ្យ​ចូល​សំចត ដោយ​បារម្ភ COVID_19 ។ ក្នុង​សេចក្តីថ្លែងការណ៍ ក្រុមហ៊ុន​អាមេរិក Holland American Line បាន​បញ្ជាក់ថា ភ្ញៀវ​វ័យ​ចំណាស់​៤​នាក់ បាន​បាត់​បង់ជីវិត​លើ​នាវា Zaandam ។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល ដែល​ដកស្រង់​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុមហ៊ុន​នេះ សង្កត់ធ្ងន់​ទៀតថា កាលពី​ថ្ងៃ​២៦ ខែមីនា អ្នកជំងឺ​មួយចំនួន​ដែលមាន​រោគសញ្ញា​ផ្លូវដង្ហើម បានធ្វើ​តេស្ត​រក COVID-19 ហើយ​លទ្ធផល​បង្ហាញថា ២​នាក់ ផ្ទុក​វីរុស​នេះ​។ 
 
​នាវា​ទេសចរណ៍ Zaandam បាន​ចាក​ចេញពី​រដ្ឋធានី Buenos Aires របស់​អា​ហ្ស​ង់​ទីន កាលពី​ថ្ងៃ​៧ ខែមីនា ហើយ​គ្រោង​ធ្វើដំណើរ​ទៅដល់​កំពង់ផែ San Antonio ប្រទេស ស៊ី​លី កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ។ យ៉ាងណាមិញ ចាប់ពី​ចូល​សំចត​នៅ​ផែ​ក្រុង Punta Arenas ក្នុងប្រទេស ស៊ី​លី កាលពី​ថ្ងៃ​១៤ មក នាវា​ទេសចរណ៍​នេះ ត្រូវបាន​បដិសេធ​ចូល​ចត​ដោយ​កំពង់ផែ​មួយចំនួន ក្រោយ​រាយការណ៍​ថា មនុស្ស​៤២​នាក់​លើ​នាវា​នោះ មាន​ចេញ​រោគសញ្ញា​ផ្លូវដង្ហើម​។ 
 
​បន្ទាប់មក នាវា​នេះ បាន​ព្យាយាម​ធ្វើដំណើរ​ឆ្ពោះទៅកាន់​រដ្ឋ Florida សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​ដើម្បី​ទៅដល់​ទីនោះ នាវា​នេះ ត្រូវ​បើក​ឆ្លងកាត់​ព្រែកជីក​ប៉ា​ណា​ម៉ា​។ នៅ​ថ្ងៃ​សុក្រ ២៧ ខែមីនា អាជ្ញាធរ​ប្រទេស​ប៉ា​ណា​ម៉ា បាន​បដិសេធ​ការឆ្លងកាត់​របស់​នាវា​នេះ​តាម​ផ្លូវទឹក​ខ្លួន​។​
 
​ខណៈ​ជាប់គាំង​នៅ​ដែនទឹក​ប៉ា​ណា​ម៉ា ក្រុមហ៊ុន​អាមេរិក Holland American បានសម្រេច​បញ្ជូន​នាវា​មួយគ្រឿង​ទៀត ឈ្មោះថា Rotterdam ដែល​ដឹក​សម្ភារ​ធ្វើតេស្ត COVID-19 និង​បុគ្គលិក​សង្គ្រោះ​ទៅ​ជួយ​នាវា Zaandam ។  តាម AFP ក្រុមហ៊ុន​នេះ បាន​បញ្ជាក់ថា ភ្ញៀវ ៥២ និង​បុគ្គលិក​បម្រើ​លើ​នាវា ៨៥​នាក់ ដែល​នៅលើ​នាវា Zaandam បាន​រាយការណ៍​ថា មាន​ចេញ​រោគសញ្ញា​ផ្លូវដង្ហើម​៕ 
 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ប៉ា​ណា​ម៉ា​
  Zaandam
© រក្សាសិទ្ធិដោយ thmeythmey.com