ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កម្មករ​ក្នុង​វិស័យ​កាត់ដេរ បារម្ភ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ តែ​មិន​ហ៊ាន​ឈប់​
28, Mar 2020 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្មករ​ក្នុង​វិស័យ​កាត់ដេរ​មួយចំនួន បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ការឆ្លង​កូ​វីដ​-១៩ តែ​មិន​ហ៊ាន​ឈប់ ព្រោះ​ត្រូវការ​លុយ​ដើម្បី​ចំណាយ​ប្រចាំថ្ងៃ និង​សងបំណុល​។ ពួកគេ អះអាងថា បច្ចុប្បន្ន ពួកគេ​ជិះឡាន​រួមគ្នា ធ្វើការ​រួមគ្នា និង​ស្ថិតនៅ​ជិតៗ​គ្នា ដែល​ពិបាក​គេច​ផុតពី​ការឆ្លង ប្រសិនបើ​មាន​នរណាម្នាក់​មាន​ផ្ទុក​ជំងឺ​នេះ​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​សមាគមន៍​រោងចក្រ​កាត់ដេរ​កម្ពុជា ស្នើ​កុំ​ឲ្យ​មានការ​បារម្ភ​ខ្លាំង ដ្បិត​រោងចក្រ​នីមួយៗ មាន​វិធានការ​អនាម័យ​ជាប្រចាំ ដោយបាន​គិតគូរ​ជា​អាទិភាព​ពី​សុខភាព​កម្មករ​។

​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖ 

 
​អង្គុយ​ជុំគ្នា​នៅផ្ទះ​ជាមួយ​គ្រួសារ បន្ទាប់ពី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​រួចហើយនោះ កញ្ញា ខៀវ រី​យ៉ា កម្មការិនី​រោងចក្រ​មួយ​នៅ​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង បានបង្ហាញ​ការបារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ស្របពេល​ដែល​នាង​ទទួលបាន​ព័ត៌មាន​ស្ទើរ​រៀងរាល់ថ្ងៃ ថា​មាន​ពលរដ្ឋ​ខ្មែរ​ទូទៅ ឆ្លង​ជំងឺ​នេះ​ជា​បន្តបន្ទាប់​។ 
 
​បើទោះបី​រោងចក្រ​របស់​រី​យ៉ា​ធ្វើការ ផ្តល់​ម៉ាស អាល់កុល​លាងដៃ​ជាប្រចាំ តែ​នាង​នៅតែ​ភ័យខ្លាច ។ នាង​រៀបរាប់​មូលហេតុ​យ៉ាង​ដូច្នេះ​៖ 
«​នៅក្នុង​រោងចក្រ មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព តែ​ពេលចេញ​មកវិញ​មាន​អារម្មណ៍​ភ័យ ព្រោះ​ឮសូរ​ល្បី​អីចឹងៗ​។ ពេល​ជិះឡាន​មាន​មនុស្ស​ច្រើន​៥០ ទៅ​៦០​នាក់ ហើយ​មាន​អ្នកខ្លះ​ពាក់​ម៉ាស តែ​ខ្លះ​អត់​ពាក់​ទេ​។ អ្នកធ្វើការ​ជាមួយ​ខ្ញុំ ក្តៅខ្លួន​ខ្ញុំ​តឿន​គាត់​ឲ្យ​ទៅ​ពេទ្យ តែ​គាត់​អត់​ទៅ​។ ខ្ញុំ​ខ្លាច​ឆ្លង​ដែរ ពាក់​ម៉ាស​រាល់ថ្ងៃ កន្លែង​បង​លក្ខណ៍​អី​ពាក់​ម៉ាស​ទាំងអស់ តែ​កន្លែង​ខ្ញុំ​ខ្លះ​ពាក់ តែ​ខ្លះ​អត់​ទេ​»​។ 
 
​ខៀវ រី​យ៉ា ដែលមាន​អាយុ​២១​ឆ្នាំ គឺជា​កូនស្រី​ពៅ​ក្នុងចំណោម​បងប្អូន​២​នាក់​។ រស់នៅ​ជាមួយ​ម្តាយ​ទាំង​ជីវភាព​ខ្វះមុខខ្វះក្រោយ បច្ចុប្បន្ន នាង​កំពុង​ជួប​ការលំបាក​ខ្លាំង ដ្បិត​រោងចក្រ​នាង​ខ្វះ​កំណាត់ ដែល​តម្រូវ​ឲ្យ​កម្មករ​ធ្វើ​ការមិន​ទៀងទាត់ ពោល គឺ​ថ្ងៃ​ណា​មាន​កំណាត់​ទើប​ទៅធ្វើ​ការ ឯ​ថ្ងៃ​ណា​គ្មាន​កំណាត់ ក៏​សម្រាក​នៅផ្ទះ ដោយ​ទទួលបាន​ប្រាក់​៥០​ភាគរយ​។ មិន​ខុសគ្នា​ប៉ុន្មាន​ពី​កម្មករ​ផ្សេងទៀត​នោះទេ រី​យ៉ា​ទទួលបាន​ប្រាក់ខែ​តិចជាង​មុន ស្របពេល​ការចំណាយ​នៅ​ដដែល ដូចជា កាយ​ចាយវាយ​ប្រចាំថ្ងៃ និង​សងបំណុល​ធនាគារ​។ 
 
​និយាយ​ដល់​ចំណុច​នេះ រី​យ៉ា​បាន​ធ្លាក់​ទឹកមុខ​បន្តិច ដ្បិត​ឃើញ​បុគ្គលិក​ធនាគារ​ជិះ​ម៉ូតូ​ចូល​ផ្ទះ​របស់​នាង​។ រី​យ៉ា ដែល​អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ​ឈើ ដំបូល​ប្រក់​ស័​ង្គ​សី បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​កាល​មុន ថែម​ម៉ោង​ទៅបាន​ប្រាក់ខែ​៣០០​ដុល្លារ តែ​ឥឡូវ​បានតែ​២៥០​។ ខ្ញុំ​ជំពាក់​លុយ​គេ ដោយ​ក្នុង​មួយខែ​ត្រូវ​បង់​ធនាគារ​អស់​១៤០​។ បើ​នៅតែមាន​បញ្ហា ខ្ញុំ​អត់​ដឹងរ​ករបរ​អ្វី​ទេ​ក្រៅពី​រោងចក្រ​»​។​
  
​តាមពិតទៅ ការភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ មិនមែន​កើតឡើង​តែ​សម្រាប់​កម្មការិនី​រី​យ៉ា​ប៉ុណ្ណោះ​ទេ អ្នកស្រី ញឹក ធារ៉ា កម្មការិនី​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ ក៏​បង្ហាញ​ការបារម្ភ​ពី​បញ្ហា​នេះដែរ​។ ក្នុង​វ័យ​៣០​ឆ្នាំ ស្ត្រី​រូបនេះ កំពុងស្នាក់នៅ​ជាមួយ​ក្រុមគ្រួសារ​នៅ​ភ្នំពេញ ដោយបាន​ពាក់​ម៉ាស និង​អនុវត្តតាម​ការណែនាំរ​បស់​រោងចក្រ​។ ទោះបី​អ្នកស្រី​ខ្លាច​ឆ្លង​ជំងឺ​ដ៏​សហាវ​នេះ​មែន តែ​ក៏​មិន​ចង់​បាត់​បាត់​ការងារ​នោះទេ ព្រោះ​អ្នកស្រី​ត្រូវការ​ចំណូល​ទៀងទាត់ ដើម្បី​ចំណាយ​លើ​ការរស់នៅ និង​សងបំណុល​គេ​។   
 
​អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​និយាយ​រួម ធ្វើការ​៨​ម៉ោង ខ្ញុំ​ពាក់​ម៉ាស​រហូត​។ ពេល​ដោះ​ម៉ាស​ចេញ លុះត្រាតែ​ពេល​ញាំ​ទឹក​។ រោងចក្រ​ខ្ញុំ​មានការ​ចែក​ម៉ាស និង​មាន​អាល់កុល​លាងដៃ​ជាប្រចាំ​»​។ 
 
​ទាក់ទង​នឹង​ការភ័យខ្លាច​របស់​កម្ម​ករ​រោងចក្រ កាលពី​ថ្ងៃទី​២៥ ខែមីនា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មិនមាន​គម្រោង​ផ្អាក​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នោះទេ​។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន កង្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន និង​អ្នកបញ្ជា​ទិញ​ពន្យារ​ការនាំចេញ បានធ្វើ​ឲ្យ​មាន​រោងចក្រ​ចំនួន​៥៥ បាន​ផ្អាក​បណ្ដោះអាសន្ន​។ នេះ​បើតាម​លោក កាំ​ង ម៉ូ​នី​កា អ្នកនាំពាក្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC​។ 
 
​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ អ្នកនាំពាក្យ​រូបនេះ អះអាងថា បើទោះបី​រោងចក្រ​ទាំងនោះ​បាន​ផ្អាក​បណ្តោះអាសន្ន​មែន តែ​កម្មករ​នៅតែ​ទទួលបាន​ប្រាក់​ឈ្នួល​៦០​ភាគរយ នៃ​ប្រាក់​ឈ្នួល​របស់​ពួកគេ ដោយ​ក្នុងនោះ​និ​យោគ​ចេញ​៤០​ភាគរយ និង​២០​ភាគរយ​ទៀត រដ្ឋាភិបាល​ជា​អ្នកចេញ​។ 
 
​ចំណែក​ការព្រួយបារម្ភ​របស់​ក​ម្មករ ចំពោះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ លោក កាំ​ង ម៉ូ​នី​កា អះអាងថា បច្ចុប្បន្ន មិនទាន់មាន​កម្មករ​ណា​ម្នាក់​ឆ្លង​ជំងឺ​នេះ​នៅឡើយ​ទេ​។ យ៉ាងណា រោងចក្រ​កាត់ដេរ​បានគិត​គូរ​ពី​សុខភាព​កម្មករ​ជា​អាទិភាព និង​បាន​ចាត់វិធានការ ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ​ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​រួចហើយ​។ 
 
​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​ជម្រាបជូន​ថា ទោះបី​ក្នុង​កាលៈទេស​ធម្មតា​ក៏ដោយ វិធានការ​សុខភាព អនាម័យ សុវត្ថិភាព​កម្មករនិយោជិត ត្រូវបាន​យកចិត្តទុកដាក់​ជា​អាទិភាព​ហើយ ដោយ​អនុលោម​តាមច្បាប់​ការងារ តាម​បទដ្ឋាន​អន្តរជាតិ​ជាដើម​។ ក្នុងនោះ មានការ​បង្កើត​ឡើងគ​ណៈ​កម្ម​ការ​អនាម័យ សុខភាព សុវត្ថិភាព​ការងារ ដើម្បី​យកចិត្តទុកដាក់​លើ​បងប្អូន​កម្មករ​យើង​។ ដោយឡែក ចំពោះ​មាន​ករណី​កូ​វីដ​បន្ថែមទៀត គឺ​យើង​ចាត់វិធានការ​បន្ថែមទៀត​ស្របតាម​ការណែនាំ​របស់​រដ្ឋាភិបាល ជាពិសេស​ក្រសួងសុខាភិបាល​»​។  
 
​នៅ​កម្ពុ​ជាមាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ជាង​មួយ​ពាន់ ដែល​បានផ្តល់​ការងារ​ដល់ក​ម្មករ​ប្រមាណ​៨១​ម៉ឺន​នាក់​។ បើសិនជា​វិស័យ​វាយ​ន​ភណ្ឌ ដែលជា​វិស័យ​សំខាន់​មាន​បញ្ហា​នោះ ប្រាកដ​ណាស់ វា​នឹង​ប៉ះពាល់​ដល់​ជីវភាព​កម្មករ និង​គ្រួសារ​កម្មករ​សរុប​ប្រមាណ​៣​លាន​នាក់​។    
 
​ទាក់ទង​នឹង​ការបារម្ភ​របស់​កម្មក​រ​នេះ លោក អាត ធន់ ប្រធាន​សភាព​ការងារ​កម្ពុជា អះអាងថា បច្ចុប្បន្ន កម្មករ​កំពុង​មានកា​រលំ​បាក ព្រោះ​ត្រូវ​ចំណាយ​ច្រើន ដូចជា ផ្ទះជួល ទឹក​ភ្លើង មធ្យោបាយ​ធ្វើដំណើរ អាហារ​ហូបចុក សងបំណុល និង​ចិញ្ចឹម​គ្រួសារ​។ លោក​ថា រដ្ឋាភិបាល គួរតែមាន​វិធានការ​ឲ្យ​បានច្បាស់លាស់ ទាក់ទង​នឹង​បញ្ហា​នេះ​។ 
 
​លោក​ថ្លែង​បែបនេះ​ថា​៖ «​ក្នុង​កាលៈទេសៈ​នេះ​គួរតែ មាន​មធ្យោបាយ​ណា ដែល​អាចជួយ​គាត់​។ យ៉ាងហោចណាស់​ក៏បាន​៦០​ភាគរយ​ដែរ​។ ៦០​ភាគ​ហ្នឹង អ្នកខ្លះ​មិនទាន់បាន​ផង​។ យកបាន​តែ​៤០​ភាគរយ​។ ២០​ភាគរយ​ទៀត​មិនទាន់​យកបាន​ពី​ខាង​រដ្ឋាភិបាល​នៅឡើយ​ទេ​។ ដូច្នេះ គាត់​លំបាក​ណាស់​។ អ៊ីចឹង រដ្ឋ​គួរតែមាន​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ ដើម្បី​ជួយ​ដល់ក​ម្មករ អ្នក​ដែល​អត់​ការងារ​ធ្វើ​ហ្នឹង​តែម្តង ខ្ញុំ​គិតថា​វា​ជា​រឿង​ល្អ​»​។ 
 
​ទន្ទឹមនឹង​បញ្ហា​ជីវភាព​កម្មករ លោក​អំពាវនាវ​ឲ្យ​កម្មករ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​បានស្នើ​រោងចក្រ​ផ្តល់​ម៉ាស​ឲ្យ​កម្មករ និង​មាន​ឧបករណ៍​ស្ទង់កម្តៅ​នៅក្នុង​រោងចក្រ ព្រមទាំង​មាន​អាល់កុល ឬ​ជែ​ល​លាងដៃ​សម្លាប់​មេរោគ សម្រាប់​កម្មករ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩៕
 
 
  

Tag:
 COVID-19
  កម្មករ​រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com