COVID-19
អន្តរជាតិ
តើ​អាកាសធាតុ​ក្តៅ​ពិតជា​កាត់បន្ថយ​ការ​រាតត្បាត​នៃ COVID-19 មែនឬ​?
28, Mar 2020 , 9:30 pm        
រូបភាព
ចម្លើយ​ដែល​ខ្លី​គឺថា មកទល់​ពេល​បច្ចុប្បន្ននេះ មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ​មួយណា​អាច​បញ្ជាក់ថា COVID-19 ពិតជា​កាត់បន្ថយ​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​ដែលមាន​អាកាសធាតុ​ក្តៅ​នោះទេ​។ នេះ​គឺ​ដោយសារតែ​វីរុស​មួយចំនួន​មិនមាន​លក្ខណៈ​ចម្លង​ដូចគ្នា​ទៅនឹង​ជំងឺ​ដែល​ឧស្សាហ៍​កើតឡើង​តាម​រដូវ​កាលនោះ​ឡើយ​។

 
COVID-19 បានចាប់ផ្តើម​ខ្លាំង​នៅក្នុង​អំឡុង​ខែធ្នូ ដែលជា​រដូវរងា ហើយ​ទីតាំង​ធំៗ​ដែល​វីរុស​បាន​ឆ្លង​គឺ​ភាគច្រើន​កើតមាន​នៅតាម​តំបន់​ត្រជាក់​បង្គួរ​។ ដោយហេតុនេះ មនុស្ស​មួយចំនួន​បាន​សន្និដ្ឋានថា COVID-19 នឹងមាន​ភាព​ធូរស្បើយ​ឡើងវិញ​នា​រដូវក្តៅ​ខាងមុខនេះ​។ 
 
​ការបកស្រាយ​របស់​ទូ​រទស្ស​ន៍​អង់គ្លេស BBC បាន​បញ្ជាក់ថា ទោះបីជា​មានមតិ​លើកឡើង​យ៉ាងដូច​ច្នេះ​មែន អ្នកជំនាញ​នៅតែ​មិនអាច​ទុកចិត្ត​ទាំងស្រុង​លើ​ការ​សន្ម​ត់​ខាងលើ​តែមួយ​នោះទេ​។ នេះ​គឺ​ដោយសារតែ​ពួកគេ​មិនមាន​ទិន្នន័យ​ស្រង់​ច្បាស់លាស់​អំពី​ការចុះ​ខ្សោយ​នៃ​វីរុស​នេះ​នា​រដូវក្តៅ ឬ​ក្នុង​តំបន់​ដែលមាន​អាកាសធាតុ​ក្តៅ​។​
 
 វីរុស SARS (​ស្រដៀង​គ្នា​នឹង COVID-19) ដែល​បាន​រីក​រាលដាល​ក្នុង​ឆ្នាំ​២០០៣ ត្រូវបាន​គេ​ទប់ស្កាត់​ទាន់ពេលវេលា​មុន​ពេលដែល​អ្នកជំនាញ​អាច​សិក្សា​ពី​លក្ខណៈ​ឆ្លង​របស់​វា​នា​រដូវ​ផ្សេងៗ​។ ការសិក្សា​របស់​អ្នកជំនាញ​មួយ​ទៅលើ​ប្រភេទ​ស្រដៀង​គ្នា​ផ្សេងៗ​ទាំង​៣​ទៀត​នៃ​វីរុស​កូ​រ៉ូ​ណា​បាន​បញ្ជាក់ថា វីរុស​ទាំងនោះ​ពិតជា​មាន​ឥទ្ធិពល​ក្នុង​រដូវ​ត្រជាក់ ជាពិសេស​រវាង​ខែធ្នូ និង​មេសា​។ 
 
​ក៏ប៉ុន្តែ ចំណែកឯ​ប្រភេទ​ខ្លះទៀត​មិនបាន​គោរព​តាម​លក្ខណៈ​ចម្លង​បែប​នោះទេ​។ នេះ​មានន័យថា ប្រភេទ​ខ្លះ​អាច​ចម្លង​ក្នុងពេល​វេលា​មិន​ច្បាស់លាស់​។ បន្ថែម​ជាមួយនឹង​អាកាសធាតុ​ក្តៅ កត្តា​ផ្សេងៗ​ទៀត​ក៏បាន​ចូលរួមចំណែក​ផងដែរ មានដូចជា ល្បឿន​ខ្យល់​បក ឬ​សំណើម​អាកាស​ដែលមាន​នៅក្នុង​ខ្យល់​។ ប៉ុន្តែ​ទាំងអស់នេះ​គឺ​គ្រាន់តែ​ជាការ​សន្ម​ត់​តែប៉ុណ្ណោះ ដោយសារតែ​ទិន្នន័យ​អំពី​ការឆ្លង​វីរុស​នៅក្នុង​រដូវ​ផ្សេងៗ​មិនទាន់​អាច​ត្រូវបាន​គេ​ស្រង់​ជា​លក្ខណៈ​ជាក់លាក់​នៅឡើយ​នោះទេ​។ 
 
​ដោយឡែក ការស្រាវជ្រាវ​ផ្សេងៗ​ទៀត​បាន​ពន្យល់ថា ដោយសារតែ​វីរុស​ត្រូវបាន​គ្របដណ្តប់​ដោយ​ស្រទាប់​«​លីពីត​»​ឬ​ស្រទាប់​ខ្លាញ់ ជាមួយនឹង​ម៉ូលេគុល​ប្រូតេអ៊ីន​លើ​ខ្លួនប្រាណ​របស់​វា នោះ​វា​នឹង​អាច​រស់នៅ​បានយូរ​ជាមួយនឹង​អាកាសធាតុ​ត្រជាក់ ហាក់បីដូចជា​ដុំ​ខ្លាញ់​ក្នុង​អាហារ​មាន​សភា​ពរឹង​ជាប់​ល្អ​នៅក្នុង​ទូរ​ទឹកកក​ដែរ​។ ចំណែក ស្រទាប់​ខ្លាញ់​នៃ​វីរុស​នេះ​មាន​សភាព​ទន់ខ្សោយ​ជាង​មុន​នៅក្នុង​តំបន់​ក្តៅ​។ 
 
​ទោះជា​បែបនេះ​ក្តី ការសិក្សា​ផ្សេងៗ​ទៀត​មិនបាន​យល់ស្រប​ជាមួយនឹង​គំនិត​នេះ​ទេ​។ ការឆ្លង​អាច​បង្កឡើង​ពី​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា ការផ្លាស់ប្តូរ​នៃ​ទម្លាប់​ធ្វើដំណើរ​របស់​មនុស្ស ជាពិសេស​ទៅកាន់​ទីតាំង​ឆ្ងាយៗ​តាមរយៈ​ជើងហោះហើរ ការរស់នៅ​របស់​មនុស្ស​នៅតាម​ទីប្រជុំជន​មាន​លក្ខណៈ​ខុសប្លែក​ជាង​ពីមុន និង​លក្ខ​ខ​ណ្ខ​ពិសេសៗ​ជាច្រើន​ទៀត​។ 
 
​បើទោះបីជា​ចំនួន​ករណី​ឆ្លង​អាច​នឹង​ថយចុះ​ក្នុង​រយៈ​ប៉ុន្មាន​ខែ​ខាងមុខនេះ ដែលជា​រដូវក្តៅ គេ​ក៏​ពិបាក​និយាយ​ដែរ​ថា ការថយចុះ​នេះ​កើតឡើង​ដោយសារ​អាកាសធាតុ​ក្តៅ​។ ម្យ៉ាង វា​ក៏​អាច​ថយចុះ​ដោយសារ​ការអន្តរាគមន៍​ពី​រដ្ឋាភិបាល និង​អ្នកជំនាញ​នានា​ក្នុង​ពិភពលោក និង​ការ​មិនសូវ​ចេញទៅ​ក្រៅ​ផ្ទះ​ដោយ​ប្រជាជន​ទូទៅ​។ សរុបសេចក្តី​មកវិញ គេ​មិនទាន់​អាច​និយាយ​ឲ្យ​ច្បាស់លាស់​បានទេ​ថា COVID-19 នឹង​បន្ថយ​ឥ​ទ្ធឹ​ពល​របស់ខ្លួន​នៅក្នុង​តំបន់​ដែលមាន​អាកាសធាតុ​ក្តៅ​បាន​នៅឡើយ​ទេ​៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com