COVID-19
ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ៖គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ត្រូវរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រួលការលំបាកពលរដ្ឋ ព្រោះCOVID-19 លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា
× ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានណែនាំឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ រៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រួលការលំបាកប្រជាពលរដ្ឋ ដែលកំពុងប្រឈមមុខនឹងការរាតត្បតនៃជំងឺCOVID-19។ បើតាមធនាគារជាតិ លក្ខខណ្ឌមួយចំនួន ត្រូវមានការកែសម្រួលតាមរយៈឥណទានរៀបចំឡើងវិញ។ នេះបើតាមសេចក្តីណែនាំរបស់ធនាគារជាតិ កាលពីថ្ងៃទី២៧ មីនា។
«ឥណទានរៀបចំឡើងវិញ» ជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដោយផ្តល់ការអនុគ្រោះដល់អតិថិជន ដែលជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាក់ស្តែង និងបណ្តោះអាសន្ន។ នេះជាការបញ្ជាក់របស់ធនាគារជាតិ។
តាមរយៈឥណទានរៀបចំឡើងវិញនេះ ធនាគារជាតិ បានកំណត់លក្ខខណ្ឌមួយចំនួន ដើម្បីសម្រាលបន្ទុកពលរដ្ឋ ដែលប្រឈមមុខនឹងបញ្ហាជំងឺCOVID-19។ លក្ខខណ្ឌអនុគ្រោះទាំងនោះរួមមាន១៖ ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន,២៖ ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ៣៖ ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់,៤៖ ការពន្យារឥណទានប្រតិទាន,៥៖ ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន, ៦៖ ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន, ៧៖ ការលើកលែង ឬបន្ថយទ្រព្យធានា ,៨៖ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និងចុងក្រោយការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
ធនាគារជាតិ បានបញ្ជាក់ដូច្នេះថា៖«ក្នុងគោលបំណងរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលរបស់វីរុសកូវីដ១៩ ជាពិសេសដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យអនុវត្តនូវសារាចររណែនាំនេះ សំដៅធានាការរៀបចំឥណទានឡើងវិញ ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (តទៅនេះ ហៅកាត់ថា គ្រឹះស្ថាន)ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព»។
បើតាមធនាគារជាតិ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ត្រូវផ្ដល់ជូនអតិថិជនដែលការទូទាត់សងការប្រាក់ ឬ/និងប្រាក់ដើម មិនហួសកាលកំណត់សងលើសពី៣០ថ្ងៃ (ប្រភេទឥណទានដំណើរការ) និងរំពឹងថា អតិថិជនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ ហើយវាមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
«ការអនុគ្រោះសំដៅដល់លក្ខខណ្ឌពិសេសនៃកិច្ចសន្យា ដែលគ្រឹះស្ថានផ្ដល់ដល់អតិថិជន ដែលមានជួបស្ថានភាពលំបាកហិរញ្ញវត្ថុជាក់ស្ដែង អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញកាតព្វកិច្ចទូទាត់សង។ ការរៀបចំឥណទានឡើងវិញ ត្រូវធ្វើឡើងស្របតាមគោលការណ៍គ្រប់គ្រងហានិភ័យប្រុងប្រយ័ត្ន»។ នេះជាការបញ្ជាក់របស់ធនាគារជាតិ។
វិស័យចំនួន៤ ដែលកំពុងរងផលប៉ះពាល់ខ្លាំង ដោយសារការរាតត្បាតនៃជំងឺCOVID-19 នេះ រួមមាន៖ ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជ្ជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ), កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត), សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង) និងការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទីក។ ដូច្នេះគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុ ត្រូវយកចិត្តទុកដាក់ទៅលើអតិថិជននោក្នុងវិស័យទាំងនេះ។ នេះជាការបន្ថែមរបស់ធនាគារជាតិ។
នាពិធីដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី៩ មីនា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ពន្យារការបង់ និងអត់យកការប្រាក់ពីកម្មកររោងចក្រ ដែលព្យួរការងារ ដោយសាររោងចក្របិទទ្វារបណ្ដោះអាសន្ន នៅគ្រាដែលចិនជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមដ៏ធំ កំពុងប្រយុទ្ធប្រឆាំងបញ្ហាវីរុស COVID-19។ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ ជួយសម្រួល និងដោះស្រាយបញ្ហាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។
មកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺCOVID-19 ជាង១០០នាក់ហើយ ក្នុងនោះជាសះស្បើយជាង១០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com