ភ្នំពេញ៖ ក្នុងខណៈពេលដែលជំងឺកូវីដ-១៩ កំពុងរាលដាលជុំវិញពិភពលោក និស្សិតខ្មែរដែលនៅបរទេស ក៏ព្រួយបារម្ភ ពីសុវត្ថិភាពផ្ទាល់ និងសុខទុក្ខក្រុមគ្រួសារនៅ ស្រុកកំណើតឯណេះដែរ។ ក្នុងអំឡុងពេលនេះ ពួកគេកំពុងស្ថិតនៅបន្ទប់ដោយឡែកនៅកន្លែងស្នាក់នៅរបស់ខ្លួន ស្វ័យសិក្សា។ ក្រៅពីនេះ ពួកគេធ្វើលំហាត់ប្រាណ ស្តាប់តន្ត្រី និងមើលភាពយន្ត ដើម្បីកែអផ្សុក។ ទាំងនេះគឺជាជីវិតរបស់និស្សិតខ្មែរ ដែលកំពុងស្នាក់នៅសិក្សានៅបរទេស។
យុវតី ហ៊ុល ម៉ានីល ដែលនិស្សិតខ្មែរកំពុងសិក្សា និងបម្រើការងារនៅប្រទេសថៃ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា នាងព្រួយបារម្ភណាស់ពីការរាលជំងឺកូវីដ-១៩នេះ។ ការរាលដាលយ៉ាងលឿន នៃជំងឺកូវីដ-១៩ ធ្វើឲ្យយុវតីរូបនេះ សម្រេចមិនត្រឡប់មកកម្ពុជានោះទេ សុខចិត្តនៅក្នុងបន្ទប់ស្នាក់នៅក្នុងសាលាដោយឡែកពីគេ ស្វ័យសិក្សាផង និងឆ្លៀតពេលធ្វើការផង។ និស្សិត ហ៊ុល ម៉ានីល រៀបរាប់ដូច្នេះ៖«បើខ្ញុំមកខ្មែរវិញ ខ្ញុំព្រួយបារម្ភពីការធ្វើដំណើរទៅ។ ទោះបីដល់ខ្មែរវិញ ខ្ញុំត្រូវនៅឲ្យឆ្ងាយពីក្រុមគ្រួសារខ្ញុំ១៤ថ្ងៃ ហើយពេលមកដល់ថៃវិញ ត្រូវនៅក្នុងបន្ទប់១៤ថ្ងៃដែរ។ អ៊ីចឹងវាត្រូវចំណាយពេលច្រើនមែនទែន»។
និស្សិត ហ៊ុល ម៉ានីល និស្សិតកម្ពុជាសិក្សានៅប្រទេសថៃ
ដ្បិតមិនបានត្រឡប់មករស់នៅជុំឪពុកម្តាយនៅក្នុងកាលទេសនេះមែន ប៉ុន្តែ ម៉ានីល និងគ្រួសារតែងតែ ខលរកគ្នាតាមហ្វេសប៊ុករាល់ថ្ងៃ។ និស្សិតរូបនេះរៀបរាប់ថា៖«ពួកគាត់តេមកខ្ញុំរាល់ថ្ងៃ ដោយប្រាប់ថាឲ្យខ្ញុំប្រុងប្រយ័ត្នផង ដោយសារតែគាត់ដឹងថានៅថៃនេះ មានអ្នកផ្ទុកកូវីដ-១៩ ច្រើនជាងនៅខ្មែរ គាត់ក៏បារម្ភពីខ្ញុំ។ ភាគច្រើន គាត់ចូលចិត្តផ្ញើព័ត៌មានឲ្យខ្ញុំ ដោយផ្តែផ្តាំមកខ្ញុំថា កុំដើរលេង កុំទៅកន្លែងណាដែលមានមនុស្សច្រើន និងកុំទៅប៉ះអ្វីដែលអាចនឹងងាយឆ្លងលឿន និងឲ្យពាក់ម៉ាស់ ការពារ»។
សកម្មភាពរបស់លោក ពិដោរ លីដែត និស្សិតកម្ពុជាកំពុងតែបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនវានុវត្តធុរកិច្ច និងសហគ្រិនភាពនៅចក្រភពអង់គ្លេស ដែលកំពុងតែស្វ័យសិក្សានៅក្នុងបន្ទប់
និស្សិតខ្មែរមួយរូបទៀត គឺលោក ពិដោរ លីដែត ដែលទើបតែទៅបន្តការសិក្សានៅចក្រភពអង់គ្លេស បានកន្លះឆ្នាំ ក៏កំពុងបារម្ភពីសុវត្ថិភាពរបស់ខ្លួន អំឡុងពេលនៃការរាលដាលជំងឺកូវីដ-១៩ នេះដែរ។ លីដែត ដែលមានឪពុកម្តាយវ័យចាស់ៗ ផងនោះ តែងវីដេអូខលជាប្រចាំដើម្បីសួរសុខទុក្ខគ្នា។ និស្សិត ពិដោរ លីដែត បន្ត៖«ខ្ញុំជជែកជាមួយនឹងក្រុមគ្រួសារតាមទូរសព្ទ និងវីដេអូខល ដើម្បីកាត់បន្ថយការនឹករលឹក ពីក្រុមគ្រួសារ និងជជែកជាមួយនិស្សិតដែលសិក្សាជាមួយគ្នាតាមប្រព័ន្ធអ៊ីនធឺណិត»។
លោក វណ្ណ ប៉ុនណា ជានិស្សិតកម្ពុជាម្នាក់ទៀត ដែលកំពុងសិក្សានៅឯប្រទេសឥណ្ឌា។ ប៉ុនណា រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនមានក្តីនឹករលឹកទៅក្រុមគ្រួសារជាពន់ពេក ដោយសារតែរូបគេ បានចាកចេញទៅបន្តការសិក្សារយៈពេលមួយឆ្នាំមកហើយ។ នៅពេលដែលជំងឺកូវីដ-១៩ នេះកំពុងតែរាលដាលកាន់តែខ្លាំងឡើងទៀត ក៏រឹតតែធ្វើឲ្យលោកព្រួយបារម្ភពីក្រុមគ្រួសារមួយកម្រិតទៀត។ និស្សិតរូបនេះ ថ្លែងដូច្នេះ៖«បារម្ភ ខ្ញុំចេះតែបារម្ភហើយ តែបើឲ្យភ័យខ្លាចខ្ញុំអត់សូវភ័យទេ។ ខ្ញុំភ័យទៅលើក្រុមគ្រួសារខ្ញុំ ហើយអ្នកផ្ទះក៏បារម្ភពីខ្ញុំដែរ។ ទោះបីខ្ញុំរៀនដល់ណា ក៏ពួកគាត់តែងតែបារម្ភពីខ្ញុំដែរ ហើយណាមួយដោយសារតែពួកគាត់បានស្តាប់ព័ត៌មានទាក់ទងនឹងកូវីដ-១៩ ជួនណាព័ត៌មានវាក្លែងក្លាយទៀត គឺរឹតតែធ្វើឲ្យពួកគាត់កាន់តែភ័យខ្លាំង»។
ជំងឺកូវីដ-១៩ កំពុងរីករាលដាល សាលាក៏ផ្អាកបណ្តោះអាសន្ន។ ដូច្នេះនិស្សិតខ្មែរទាំងនេះ ក៏ដូចជានិស្សិតដទៃទៀត ត្រូវតម្រូវឲ្យនៅស្នាក់នៅក្នុងបន្ទប់រៀងៗខ្លួន និងត្រូវស្វ័យសិក្សាវិញ រួមទាំងការសិក្សាតាមអនឡាញផង។
សកម្មភាពរបស់លោក វណ្ណ ប៉ុនណា និស្សិតកម្ពុជាសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនៅប្រទេសឥណ្ឌា ដែលកំពុងស្រាវជ្រាវ និងស្វ័យសិក្សានៅក្នុងបន្ទប់
សម្រាប់ និស្សិត វណ្ណ ប៉ុនណា ក្រៅពីសិក្សា ស្រាវជ្រាវមេរៀនដែលគ្រូដាក់ឲ្យ លោក ក៏ចំណាយពលេខ្លះធ្វើលំហាត់ប្រាណនៅក្នុងបន្ទប់ផងដែរ ដើម្បីបំបាត់ភាពអផ្សុកផង និងពង្រឹងសុខភាពរបស់ខ្លួន។
ដោយឡែក លីដែត វិញ ក្រៅពីសិក្សានៅក្នុងបន្ទប់ រូបគេស្តាប់តន្ត្រី និងមើលភាពយន្ត ដើម្បីបំបាត់អផ្សុក។ ជាមួយគ្នានេះ រូបគេត្រូវចេញទៅក្រៅរៀងរាល់មួយអាទិត្យម្តង ដើម្បីទិញម្ហូបអាហារ។ លីដែត ប្រាប់ដូច្នេះថា៖«នៅនេះអាចចេញទៅទិញម្ហូបបាន ដោយសារតែនៅនេះ គេបិទតែសាលារៀនទូទៅផ្សេងៗ តែនៅតាម Mart កន្លែងលក់អាហារ នៅគ្លីនិក និងមន្ទីរពេទ្យអី គឺនៅតែបើកដំណើរដដែល។ ពេលខ្ញុំចេញទៅក្រៅអី គឺខ្ញុំចេញតែទៅទិញម្ហូបទេ សម្រាប់ទុកញុំាំ៥ ទៅ៦ថ្ងៃ។ ដោយសារតែកន្លែងខ្ញុំនៅនេះ និងសាលារៀន និងកន្លែងហូបអី គឺអំណោយផល ដោយគ្រាន់តែដើរតែ១០នាទីអី គឺដល់ហើយ»។
លោក លី រតនា និស្សិតកម្ពុជាដែលកំពុងតែសិក្សានៅប្រទេសបារាំង
រីឯនិស្សិតខ្មែរម្នាក់ទៀតដែលសិក្សានៅប្រទេសបារាំង គឺលោក លី រតនា ក៏មិនខុសគ្នាពីនិស្សិតទាំង៣នាក់ខាងលើដែលមានក្តីបារម្ភពីការដើរចេញទៅក្រៅ និងព្រួយបារម្ភពីក្រុមគ្រួសារដែលនៅឆ្ងាយដែរ។ ទើបតែបន្តសិក្សានៅប្រទេសបារាំងបានតែមួយឆ្នាំ លោក លី រតនា ត្រូវមកសម្ញំខ្លួននៅក្នុងបន្ទប់តែម្នាក់ឯង ដើម្បីស្រាវជ្រាវ និងសិក្សាតាមអ៊ីនធឺណិតជារៀងរាល់ថ្ងៃអស់រយៈពេលកន្លះខែមកហើយ ដែលលោកមិនអាចដើរទៅណាឆ្ងាយក្រៅពីទៅផ្សារទិញម្ហូបសម្រាប់ទុកហូបរយៈពេលមួយសប្តាហ៍ម្តង។ លោក លី រតនាបានបញ្ជាក់ថា រាល់ដំណើរចេញចូលទាំងអស់គឺត្រូវសុំការអនុញ្ញាតពីតំបន់ដែលខ្លួនរស់នៅជាមុនសិន ទើបអាចចេញទៅក្រៅបាន។
«គេកំណត់អ្នកធ្វើដំណើររបស់យើងដែរ អ៊ីចឹងមានអារម្មណ៍ថាខ្លួនឯងដូចត្រូវបានគេឃុំឃាំងអ៊ីចឹង។ ខ្ញុំមានអារម្មណ៍ដូចខ្លួនឯងនៅក្នុងគុកអ៊ីចឹងដែរ ប៉ុន្តែវានៅតែអាចចេញទៅណាបានខ្លះដែរ ទាល់តែមានការចាំបាច់ដែរបានអាចចេញទៅកើត ហើយពេលចេញហ្នឹងក៏ត្រូវមានសរសេរលិខិតសុំការអនុញ្ញាតជាមុនសិនដែរ។ ខ្ញុំគិតថាមិនមែនតែខ្ញុំទេដែលនៅតែក្នុងបន្ទប់ ពលរដ្ឋជាច្រើនទូទាំងប្រទេសដទៃទៀតក៏អ៊ីចឹងដែរ»
គូរកត់សម្គាល់ថា កម្ពុជា បានរកឃើញអ្នកផ្ទុកកាន់តែច្រើនឡើងៗ ដែលសុទ្ធសឹងតែជាករណីនាំចូល លើកលែងតែបុរសខ្មែរម្នាក់នៅខេត្តសៀមរាប ដែលបានឆ្លងពីជនជាតិជប៉ុន។ រកឃើញអ្នកឆ្លងកើន តែអ្នកដែលបានព្យាបាលជាសះស្បើយ ក៏មានកំណើនឡើងដែរ។ ហើយនៅកម្ពុជា មិនទាន់មានករណីស្លាប់ដោយសារ ជំងឺកូវីដ-១៩នេះនៅឡើយ គិតត្រឹមថ្ងៃទី ២៨ ខែមីនានេះ៕