បន្ទាយមានជ័យ៖ កញ្ញា ញឹម សូរីដា កំពុងខ្នះខ្នែងផលិតផលិតផលថែរក្សាស្បែក និងព្យាបាលសក់តាមបែបធម្មជាតិ ដែលភាគច្រើនប្រើជាដើមឈើ និងរុក្ខជាតិដែលនៅជុំវិញផ្ទះ ដូចជាបណ្តូលពេជ្រ ស្លឹកក្រូចសើច ស្លឹកក្រពុលបាយ ស្លឹកវល្លិយាវ និងរុក្ខជាតិមួយចំនួនទៀត។ ផ្តើមចេញពីការផលិតសម្រាប់ប្រើប្រាស់នៅក្នុងក្រុមគ្រួសារ កញ្ញា ញឹម សូរីដា បានពង្រីកការផលិតពីប្រេងលាបសក់បំបាត់អង្កែ រហូតដល់មានផលិតផលជិត១០មុខ ក្រោមយីហោ De Lutosia និង បុរាណឃែរ ត្រឹមតែ១ឆ្នាំ ដោយសារការជំរុញពីមិត្តភក្តិ និងសំឡឹងឃើញឱកាសការផលិតក្នុងស្រុក។
បច្ចុប្បន្ន សិប្បកម្មដោយដៃ De Lutosia មានផលិតផលដូចជាសាប៊ូដុសមុខ ដុសខ្លួន សាប៊ូកក់សក់ ប្រេងលាបសក់ សេរ៉ូមលាបមុខផ្សំពីសំបុកដង្កូវនាង ឡេលាបខ្លួន ក្រែមបំបាត់អង្កែ ប្រេងព្យាបាលសក់ជ្រុះ និងទឹកអាល់កុលលាងដៃជាដើម។ កញ្ញា ញឹម សូរីដា ដែលជាម្ចាស់សិប្បកម្ម និងជាអ្នកផលិតដោយផ្ទាល់ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ចាប់ផ្តើមដំបូង ខ្ញុំគ្រាន់តែចង់ធ្វើវាសម្រាប់ប្រើប្រាស់ខ្លួនឯង នៅក្នុងក្រុមគ្រួសារ ដោយសារខ្ញុំគិតថា អត់ទៅធ្វើការ អីចឹងហោចណាស់ក៏យើងកាត់បន្ថយចំណាយបានមួយភាគធំដែរ។ ប៉ុន្តែដល់ពេលធ្វើបានហើយ ក៏ចែកទៅមិត្តភក្តិប្រើ។ គាត់ប្រើហើយវាត្រូវ។ អ្នកខ្លះដែលគាត់មានបញ្ហា មានអង្គែ ឬសក់ជ្រុះអីហ្នឹងគាត់ប្រើត្រូវ គាត់ក៏ចេះតែលើកទឹកចិត្តថា កុំឈប់ ធ្វើទៀតទៅ ព្រោះយើងកម្រមានអ្នកដែលធ្វើរឿងអស់ហ្នឹងណាស់ អីចឹងបើបានធ្វើហើយ បន្តធ្វើវាឲ្យល្អជាងមុនទៅ»។
ការផលិតរបស់ De Lutosia ចាប់ផ្តើមនៅដើមឆ្នាំ២០១៩ ដោយកញ្ញា ញឹម សូរី បានយកផ្ទះស្រុកកំណើតមួយល្វែងខាងក្រោម ធ្វើជាកន្លែងផលិត វេចខ្ចប់ និងទុកដាក់វត្ថុធាតុដើមផ្សេងៗ សម្រាប់ការផលិត។ វាជាចាប់ផ្តើមមួយដ៏ថ្មីសន្លាង សម្រាប់កញ្ញា សូរីដាដែលធ្លាប់ឆ្លងកាត់ការងារជាគ្រូបង្រៀន បុគ្គលិកអង្គការ និង៊ជាបុគ្គលិកនៅក្រុមហ៊ុនឯកជននោះ។ កញ្ញា បានរំឭកថា ការវិលមកស្រុកកំណើត ធ្វើកិច្ចការដែលជួយដល់សហគមន៍វិញ គឺជាក្តីស្រមៃតាំងតែពីតូចរបស់ខ្លួន។
សហគ្រិនវ័យ៤០ឆ្នាំរូបនេះ រៀបរាប់ថា៖«វាជាក្តីស្រមៃពីតូចមក គឺតែងតែគិតថាចង់ធ្វើស្អីមួយ នៅក្នុងស្រុកភូមិរបស់យើង។ ខ្ញុំធ្លាប់អានចំសៀវភៅមួយក្បាល គេនិយាយថា មនុស្សសំណាងជាងគេ គឺអ្នកដែលអាចមកស្លាប់នៅលើដីកេរឪពុក។ តាមពិតនៅទីនេះ មិនមែនស្រុកកំណើតរបស់ឪពុកម្តាយខ្ញុំទេ។ ប៉ាខ្ញុំអ្នកកំពង់ចាម។ ម្តាយខ្ញុំអ្នកភ្នំពេញ។ ក៏ប៉ុន្តែខ្ញុំគិតថា ខ្ញុំកើត ធំធាត់នៅហ្នឹង អីចឹងវាជារឿងល្អ ដែលយើងអាចត្រឡប់មកស្រុកភូមិរបស់យើង ជាពិសេសអភិវឌ្ឍន៍ នៅក្នុងស្រុកភូមិរបស់យើង»។ នេះជាការរៀបរាប់របស់ កញ្ញា ញឹម សូរីដា។
រំភើប និងមានមោទកភាព ដែលអាចផលិតរបស់ប្រើប្រាស់ដោយខ្លួនឯង
ការស្រាវជ្រាវ និងច្នៃបង្កើតផលិតផលមួយដោយខ្លួនឯង មិនមែនជារឿងងាយស្រួលនោះឡើង ដ្បិតកញ្ញា មិនធ្លាប់ប្រឡូកនឹងការងារផលិតកម្មដោយដៃដូច្នេះ។ កញ្ញា ចេះធ្វើផលិតផលថែរក្សាសម្ផស្សតាមរយៈវគ្គបណ្តុះបណ្តាលមួយ ដែលកញ្ញា បានរៀននៅប្រទេសថៃ និងរៀនពីមិត្តភក្តិដែលជាជនជាតិថៃ អំឡុងពេលឈប់ធ្វើការ និងវិលមករស់នៅស្រុកកំណើតវិញ។ ក្រៅពីនេះ ចំណេះដឹងអំពីការផលិត និងការច្នៃប្រឌិតផ្សេងៗទៀត គឺបានពីការអាន សិក្សាស្រាវជ្រាវបន្ថែម និងអភិវឌ្ឍន៍រូបមន្តផ្ទាល់ខ្លួន តាមប្រព័ន្ធអ៊ីនធឺណិត។
កញ្ញា ញឹម សូរីដា អះអាងដូច្នេះ៖ «ខ្ញុំរៀន តាមរយៈការអនុវត្ត។ ខ្ញុំរៀនពីកំហុស។ ខ្ញុំព្យាយាមបង្កើតកំហុស ដើម្បីឲ្យដឹងថាតើ ខ្ញុំអាចធ្វើយ៉ាងម៉េច ដើម្បីរកត្រូវ។ អីចឹងផលិតផលមួយៗ ទម្រាំចេញជាងរូបរាងហ្នឹង គឺខុសច្រើនដង។ ខ្ញុំរៀនពីគេដែរ តាមអនឡាញ ក៏ប៉ុន្តែនៅពេលដែលខ្ញុំ រៀនមូលដ្ឋានហ្នឹងហើយ ខ្ញុំអត់យកអាហ្នឹងមកធ្វើទេ។ នៅពេលដែលខ្ញុំយល់មូលដ្ឋានហើយ ខ្ញុំព្យាយាមបង្កើតរូបមន្តថ្មីរបស់សាប៊ូ ដែលមានរូបមន្តផ្សេងៗគ្នា»។
សម្រាប់កញ្ញា ញឹម សូរីដា នៅពេលដែលកញ្ញា អាចផលិតផលិតផលមួយមុខៗ បានជោគជ័យ កញ្ញា រំភើប និងមោទកភាពជាខ្លាំង។ «ចាប់ផ្តើមធ្វើផលិតផលដំបូង ខ្ញុំសប្បាយមែនទែន រំភើបខ្លាំងដែលអាចធ្វើបាន ព្រោះពេលខ្លះ យើងគិតថាយើងបានប៉ុណ្ណេះដែរ យើងធ្លាប់ធ្វើការប្រាក់ខែច្រើន ប៉ុន្តែនៅពេលយើងមកធ្វើអ្វីមួយខ្លួនឯង ចេញពីដៃខ្លួនឯង វាអារម្មណ៍ខុសគ្នា»។
ការផលិតក្នុងស្រុក មិនទាន់សម្បូរ តែកញ្ញា សូរីដា ចាត់ទុកថាវាជាឱកាសសម្រាប់បញ្ចេញថ្វីដៃ
តម្លៃ និងទីផ្សារ នៃផលិតផលក្នុងស្រុក ពិបាកប្រជែងផលិតផលនាំចូល។ នៅពេលអ្នកផលិតនៅក្នុងស្រុក នៅមានកម្រិតតិចនៅឡើយ ការចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ ក៏នៅស្តួចស្តើងដែរ។ ហើយទន្ទឹមនឹងនោះ ការផ្គត់ផ្គង់វត្ថុធាតុដើមដែលពាក់ព័ន្ធនឹងខ្សែចង្វាក់ផលិតកម្មក៏នៅខ្វះខាតច្រើន។ ទាំងអស់នេះ គឺជាបញ្ហាចម្បងមួយ ដែលអ្នកផលិតក្នុងស្រុកកំពុងជួបប្រទះ។ នេះគឺជារឿងដែលអ្នកផលិតគ្រប់រូបពិបាកប្រកែក។ កញ្ញា ញឹម សូរីដា ក៏ទទួលស្គាល់ដូច្នេះដែរ ក៏ប៉ុន្តែ កញ្ញា សូរីដា បែរជាចាត់ទុកបញ្ហាទាំងអស់ ថាជាឱកាសសម្រាប់អ្នកផលិតក្នុងស្រុក បញ្ចេញថ្វីដៃទៅវិញ។
កញ្ញារៀបរាប់ដូច្នេះ៖ «ខ្ញុំចង់ឲ្យមានការផលិតក្នុងស្រុកកាន់តែច្រើន អីចឹងបានជាពេលដែលខ្ញុំចាប់ផ្តើមធ្វើ បើសិនជាសួរថាតើខ្ញុំទៅប្រកួតប្រជែងជាមួយគេបានអត? វាប្រាកដជាមានការប្រកួតប្រជែង ប៉ុន្តែគំនិតដំបូង ដែលខ្ញុំចាប់ផ្តើមធ្វើ គឺខ្ញុំយល់ថា យើងទៅបំពេញចន្លោះទីផ្សារខ្វះខាតដែលយើងអត់ទាន់មាន។ ទី២ គឺយើងអាចជាគំរូ ទៅ ឲ្យអ្នកផ្សេងដែលគាត់ចង់ធ្វើឲ្យគាត់ធ្វើដែរ។ អីចឹងបើសិនជាអ្វីដែលយើងធ្វើ អាចឲ្យអ្នកផ្សេងគាត់ធ្វើអីចឹងដែរ អីចឹងនឹងមានអ្នកធ្វើកាន់តែច្រើន។ មានអ្នកធ្វើកាន់តែច្រើន ខ្ញុំជឿថា យើងអាចធ្វើល្អជាងមុន»។
នៅក្នុងកាលៈទេសៈនេះ កញ្ញា ញឹម សូរីដា លើកទឹកចិត្តដល់អ្នកដែលមានចំណេះដឹង និងចង់ផលិត ឬបង្កើតអ្វីមួយ ជាស្នាដៃរបស់កូនខ្មែរ ឲ្យពួកគាត់ចាប់ផ្តើមធ្វើ ដើម្បីធ្វើជាគំរូបសម្រាប់អ្នកជំនាន់ក្រោយផង និងរួមចំណែកដល់ការផលិតក្នុងស្រុក ឲ្យបានកាន់តែច្រើនផង៕