ភ្នំពេញ៖ ការឆ្លងរាលដាលនៃមេរោគកូវីដ១៩(COVID-19) នៅកម្ពុជា បានធ្វើឲ្យម្ចាស់អាជីវកម្មឬ អ្នកប្រកបមុខរបរតូច-ធំមួយចំនួន បង្ខំចិត្តផ្អាកដំណើរការរកស៊ីខ្លួន ព្រោះតែឥទ្ធិពលនៃការឆ្លងមេរោគនេះ។ សម្រាប់អ្នកដែលរកចំណូលបានមួយថ្ងៃសម្រាប់ចាយតែមួយថ្ងៃ កំពុងព្រួយបារម្ភជាខ្លាំង នូវការដាច់ស្បៀងអាហារប្រចាំថ្ងៃ ដោយសារបាត់ចំណូលទាំងស្រុង ខណៈទំនិញឡើងថ្លៃ លើសទ្វេដងទៀត។ ពួកគេកំពុងបារម្ភខ្លាចដាច់ពោះស្លាប់ ជាងកូវីដ១៩។
អ្នកស្រី ជួន ហៀត ជាអ្នកពិការភ្នែកម្នាក់ប្រកបមុខរបរម៉ាស្សាមួយកន្លែង នៅខេត្តបាត់ដំបង បានបិទអាជីវកម្មរបស់ខ្លួនអស់រយៈពេលមួយសប្តាហ៍មកហើយ ដោយសារតែឥទ្ធិពលរាតត្បាតខ្លាំងនៃមេរោគកូវីដ១៩ បានធ្វើឲ្យអតិថិជនមិនហ៊ានរកសេវាម៉ាស្សានេះ។ បើតាមអ្នកស្រី ហៀត ក្រៅពីរកចំណូលប្រចាំថ្ងៃ តាមរយៈមុខរបរម៉ាស្សានេះ គឺគ្មានប្រភពចំណូលអ្វីទៀតឡើយ សម្រាប់ផ្គត់ផ្គងជីវភាពគ្រួសារ ដែលមានស្វាមីជាជនពិការភ្នែកទាំងគូដូចគ្នា និងកូនស្រី២នាក់អាយុក្រោម១០ឆ្នាំក្នុងបន្ទុក។
ស្ត្រីពិការភ្នែករូបនេះ បានរៀបរាប់ថា កន្លងមកមុខរបរម៉ាស្សានេះ អ្នកស្រីរកប្រាក់បានមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាពបានគ្រប់មួយថ្ងៃ ដោយគ្មានសល់ប្រាក់អ្វីច្រើនសម្រាប់ទុកចំណាយប្រចាំថ្ងៃ ខណៈសមាជិកគ្រួសារនៅផ្ទះ មិនអាចរកអ្វីបាន។ ដកដង្ហើមធំអស់មួយសន្ទុះ អ្នកស្រី ជួន ហៀត និយាយប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)ថា ចាប់តាំងពីផ្អាកដំណើរការនូវមុខរបរម៉ាស្សាមកដល់ពេលនេះ គ្រួសារអ្នកស្រីទាំងមូលគ្មានរកចំណូលអ្វីបានសូម្បីតែមួយរៀល។
អ្នកស្រី ជន ហៀត បានបន្តដូច្នេះថា៖« ខ្ញុំពិបាក! យើងរកបានមួយថ្ងៃ ផ្គត់ផ្គង់មួយថ្ងៃ។ ដល់ពេលយើងរកអត់បានចឹង មានតែរកខ្ចី(ប្រាក់) ពីបងប្អូន អ្នកជិតខាង សម្រាប់ចាយសិន ទម្រាំតែយើងរកប្រាក់បានវិញ»។ បើតាមសម្តីរបស់ស្ត្រីវ័យ៣០ឆ្នាំរូបនេះ បងប្អូនអ្នកស្រីក៏មិនមានលទ្ធភាពធូរធារប៉ុន្មានដែរ។
អ្នកស្រី ជួន ហៀត ដែលកំពុងព្រួយបារម្ភពីបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារខ្លួននេះ ក៏គ្មានចម្ការឬស្រែសម្រាប់ដាំដំណាំផ្សេងៗផងដែរ។ រាល់ថ្ងៃអ្នកស្រីដេកពិបាកចិត្តព្រោះគ្មានលទ្ធភាពរកស្បៀងអាហារគ្រប់គ្រាន់ចិញ្ចឹមគ្រួសារ ក្នុងរយៈពេលអ្នកស្រី និងសាមី បាត់បង់មុខរបរ ដោយសារតែការរាតត្បាតនៃមេរោគកូវីដ១៩។
«ខ្ញុំខ្លាចសមាជិកក្នុងគ្រួសារពិសេសកូនស្រីទាំង២របស់ខ្លួន អត់មានអាហារបរិភោគគ្រប់គ្រាន់ ធ្វើឲ្យរាងកាយ និងសុខភាពទន់ខ្សោយ ងាយនឹងមានជំងឺ និងមាននឹងឆ្លងមេរោគផ្សេងៗ»។ នេះជាការបញ្ជាក់របស់អ្នកស្រី ជួន ហៀត ដែលមានបំណងចង់ខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ជីវភាពរបស់គ្រួសារ។
ជាមួយគ្នានេះ មុខរបរអ្នករត់ម៉ូតូកង់បី ក៏កំពុងប្រឈមខ្លាំងនៃកត្តាជីវភាពប្រចាំថ្ងៃផងដែរ។ បច្ចុប្បន្នកញ្ញា ម៉ានី បានក្លាយជាមនុស្សអត់ប្រាក់ចំណូលប្រចាំថ្ងៃ និងប្រចាំខែ ដោយសារតែកញ្ញាផ្អាកមុខរបស់ខ្លួនបណ្តោះអាសន្ន ព្រោះតែមេរោគកូវីដ១៩ ដែលធ្វើឲ្យកញ្ញាខ្លាចឆ្លងមេរោគនេះ ពីអ្នកដំណើរណាម្នាក់ដោយមិនដឹងខ្លួន។
មុនកញ្ញា ម៉ានី មិនទាន់ផ្អាកដំណើរមុខរបរនេះ នាងអាចមានលទ្ធភាពរកចំណូលជាមធ្យមបានត្រឹម១ទៅ២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះតាមរយៈមុខរបរមួយនេះ ម៉ានី គ្មានសេសសល់ប្រាក់បម្រុងទុក សម្រាប់ចាយពេលផ្អាកការរកស៊ីឡើយ ។ ស្ត្រីវ័យជាង៣០ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ពីរបររត់ម៉ូតូកង់បី មុនពេលដែលកញ្ញាសម្រេចចិត្តផ្អាកដូច្នេះថា ៖«ក្នុងមួយសប្តាហ៍ រកប្រាក់បានតែ២ឬ៣ថ្ងៃប៉ុណ្ណោះ ដោយថ្ងៃខ្លះបាន១ម៉ឺនរៀល ថ្ងៃខ្លះរកបាន៤ម៉ឺនរៀល ព្រោះតែកញ្ញាផ្តោតលើការជួយសង្គម។ ចំពោះអ្នកជំងឺ ព្រះសង្ឃ លោកតាលោកយាយដែលទៅវត្ត និងមនុស្សចាស់ជរា... គឺខ្ញុំដឹកមិនយកប្រាក់ពីគាត់ឡើយ»។
ជាអ្នកប្រកបមុខរបររកចំណូលបានមួយថ្ងៃសម្រាប់តែរស់មួយថ្ងៃ កញ្ញា ម៉ានី គ្មានសេសសល់ប្រាក់អ្វីសម្រាប់ចំណាយប្រចាំលើអាហារបីពេល បង់ថ្លៃទឹក និងបន្ទប់ជួលប្រចាំនោះទេ ។ ម៉ានី មានតែសម្រេចចិត្តខ្ចីប្រាក់ពីម្តាយ មិត្តភក្តិ និងសុំម្ចាស់ផ្ទះពន្យារបង់ថ្លៃបន្ទប់ស្នាក់នៅ ដើម្បីដោះទាល់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងគ្រាប្រទេសជាតិ ក៏ដូចប្រទេសនានាក្នុងពិភពលោកកំពុងជួបវិបត្តិនៃមេរោគកូវីដ១៩នេះ។
នារីវ័យ៣៣ឆ្នាំរូបនេះ មានសុខភាពទន់ខ្សោយ ដោយសារជំងឺប្រចាំកាយ(គ្រួសតម្រុងនោម) រស់នៅតែម្នាក់ឯងក្នុងបន្ទប់ជួល នៅរាជធានីភ្នំពេញ កំពុងបារម្ភខ្លាចដាច់បាយ ជាងមេរោគកូវីដ១៩ទៀត។ « មេរោគនេះទាំងខ្ញុំ ទាំងគេ គឺខ្លាចឆ្លងណាស់ ប៉ុន្តែជីវិតប្រចាំក៏ខ្ញុំបារម្ភខ្លាំងផងដែរ។បើយើងខ្វះខាតអស់អីហូប យើងអាចរកគេដើម្បីដោះទាល់មួយគ្រាៗ។ តែយើងក៏មិនអាចរកគេបានរហូតនោះទេ»។ នេះជាការបញ្ជាក់របស់កញ្ញា ម៉ានី ដែលបានបន្ថែមថា ទោះផ្អាករត់ម៉ូតូកង់បីព្រោះមេរោគកូវីដ១៩ក្តី តែកញ្ញក៏មិនបណ្តោយជីវិតឲ្យរស់នៅទាំងវេទនាដែរ ។ ស្ត្រីរាងស្គមរូបនេះ កំពុងព្យាយាមដាក់ពាក្យរកការងារធ្វើនៅកន្លែងផ្សេងៗ ដើម្បីទទួលបានចំណូលសម្រាប់ចំណាយ និងទ្រទ្រង់ជវិតរបស់ប្រចាំថ្ងៃខ្លួន។
ក្រៅពីអ្នកប្រកបមុខរបរខាងលើនេះ អ្នករត់ម៉ូតូឌុប កម្មករសំណង់ និងអ្នករកចំណូលបានមួយថ្ងៃ សម្រាប់មួយឯទៀតក៏ប្រឈមនឹងដាច់ស្បៀងប្រចាំថ្ងៃ ព្រោះបាត់បង់ចំណូល ក្នុងសម័យកាលឆ្លងមេរោគកូវីដ១៩ ពេញពិភពលោកនេះផងដែរ។
ពិភពលោកកំពុងជួបវិបត្តិ និងបញ្ហាប្រឈមនឹងវីរុសCOVID-19 នេះ។ បណ្ដាប្រទេសទាំងនោះ កំពុងចាត់វិធានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ វីរុសCOVID-19នេះ មិនត្រឹមតែធ្វើឱ្យបាត់បង់ជីវិតមនុស្សទេ វាថែមទាំងធ្វើឱ្យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវភាពរស់នៅ រងផលប៉ះពាល់ទៀតផង។
គិតត្រឹមព្រឹកថ្ងៃទី២៩មីនា ឆ្នាំ២០២០ ករណីឆ្លងមេរោគកូវីដ១៩ សរុបនៅទូទាំងពិភពលោក បានឡើងដល់ជាង៦០ម៉ឺនករណី ហើយ ខណៈអ្នកស្លាប់ជាង៣ម៉ឺននាក់ និងអ្នកជាសះស្បើយជាង ១៤ម៉ឺននាក់។ ក្នុងនោះកម្ពុជាមានអ្នកឆ្លងមេរោគ១០៣ករណី ខណៈអ្នកជាសះស្បើយ២១នាក់។
កម្ពុជា កំពុងសិក្សាលើវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ បើសិនជាករណីជំងឺCOVID-19 កាន់តែរាតត្បាតធ្ងន់ធ្ងរនៅកម្ពុជា។សម្រាប់ការដាក់ប្រទេសនៅក្នុងគ្រាអាសន្ន អាចមាន២កម្រិត ដោយអាស្រ័យលើស្ថានភាពធ្ងន់ និងស្រាល របស់ប្រទេស។ ហើយបើដាក់ប្រទេសក្នុងគ្រាមានអាសន្នហើយ សិទ្ធិស៊ីវិល ត្រូវបានប៉ះពាល់ទាំងអស់ ដូចជាហាមប្រមូលផ្តុំ ហាមជួបជុំ ហាមចេញពីផ្ទះ និងបម្រាមផ្សេងទៀត។ នេះជាការបញ្ជាក់របស់មេដឹកនាំកម្ពុជា ដែលកំពុងឱ្យអ្នកច្បាប់សិក្សាលើបញ្ហានេះ៕