COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ គ្រូ និងកីឡាករ Juventus មិនយកឈ្នួលពីក្លិប៤ខែ ស្មើ១០០លានដុល្លារ
× កីឡាករ និងលោក Maurizio Sarri អ្នកចាត់ការទូទៅរបស់ Juventus យល់ព្រមមិនយកប្រាក់ឈ្នួលរយៈពេល៤ខែ ដែលស្មើនឹងទឹកប្រាក់៩០ លានអឺរ៉ូ (១០០ លានដុល្លារអាមេរិក) ដើម្បីជួយក្លិបរបស់ពួកគេ អំឡុងពេលមានវិបត្តិដោយសារ COVID-19។
ក្រុមកីឡាកររបស់ម្ចាស់ជើងឯក Serie A ដែលរួមទាំងខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ខ្សែបម្រើ Aaron Ramsey និង Paulo Dybala ជាដើមនោះ នឹងមិនយកប្រាក់ឈ្នួលពេញទេ នៅក្នុងខែមីនា មេសា ឧសភា និងមិថុនា ឆ្នាំ២០២០នេះ។
ព្រឹត្តិការណ៍កីឡាទាំងអស់នៅអ៊ីតាលីត្រូវបានផ្អាករហូតដល់ថ្ងៃទី៣ ខែមេសា បន្ទាប់ពីជំងឺដ៏កាចសាហាវ COVID-19 រាតត្បាតខ្លាំងឡើងៗ រហូតសម្លាប់មនុស្សជាច្រើន ជាពិសេសប្រជាជនអ៊ីតាលីដល់ទៅជាងមួយម៉ឺននាក់។ មុនការផ្អាកក្របខណ្ឌលីគបាល់ទាត់កំពូលអ៊ីតាលី ក្រុមរបស់លោក Sarri ឈរនៅកំពូលតារាង Serie A ដោយនាំមុខ Lazio ចំនួន១ពិន្ទុ។
បន្ទាប់ក្រុមកីឡាករ និងអ្នកចាត់ការទូទៅលះបង់ប្រាក់ឈ្នួលយ៉ាងច្រើនសន្ធឹកបែបនេះ ក្លិប Juventus បានបង្ហាញការអរគុណដល់សមាជិកក្រុមខ្លួនចំពោះការជួយជ្រោមជ្រែងក្នុងគ្រាដ៏លំបាកនេះ។ ក្រុមរហស្សនាមសេះបង្កង់នេះ មានកីឡាករច្រើនរូបផងដែរ ដែលឆ្លងជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មីនេះ។
ដោយឡែកនៅអាល្លឺម៉ង់វិញ ក្លិបធំៗមួយចំនួនដូចជា Bayern Munich និង Borussia Dortmund កីឡាកររបស់ពួកគេបាល់ព្រមព្រៀងគ្នាកាត់បន្ថយប្រាក់ខែ ដើម្បីយកប្រាក់ទៅជួយក្លិបតូចៗផ្សេងទៀតដែលជួបវិបត្តិហិរញ្ញវត្ថុ ដោយសារកូវីដ-១៩។
រហូតមកទល់ពេលនេះ អ៊ីតាលីនៅតែជាប្រទេសនៅអឺរ៉ុបដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងគេរហូតដល់ជាងមួយម៉ឺននាក់។ ដោយឡែកអ្នកឆ្លងមានជាង៩ម៉ឺនករណី និងអ្នកសះស្បើយចំនួនជាងមួយម៉ឺននាក់ផងដែរ៕
Tag:
COVID-19
Juventus
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com