ពីនេះ ពីនោះ
កង​ស្ម័គ្រ​អាវ ស​!
29, Mar 2020 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ជាប់​ទង​

​ទ័ព​អាវ​ស ល្អ​ទាំង​ចិត្ត ឥត​រួញរា​
​ស្ម័គ្រ​ការពារ ជា​ទ័ព​ច្បាំង តាំង​ជួរមុខ​
​វីរុស​ថ្មី ល្បី​ថា​កាច អាច​ផ្តល់​ទុក្ខ​
​តាម​វាយលុក រុក​រួប​រឹប ពិត​រអា​។​


 
​ទោះ​ប្រឈម ព្រម​លះបង់ ចង់​ជួយ​ជាតិ​
​គ្រួសារ​ឃ្លាត ញាតិ​ខ្លះ​ខ្លាច អាច​ខ្លះ​ថា​
​ពុក​ម៉ែ​យំ ពុំ​ចង់​បែក ស្រែ​តវ៉ា​
​កូន​ស្តាប់​បា ថា​កុំទៅ នៅ​ឲ្យ​នឹង​។​
 
​យុវជន ធនធាន​មាស ពាស​ពារ​ពាំង​
​ធ្វើ​រនាំង រាំង​ការពារ ជា​រំពឹង​
​ដល់​ប្រជា គ្រា​លំបាក យ៉ាក​បែប​ហ្នឹង​
​រដ្ឋ​រាស្ត្រ​ពឹង ទ្រឹង​ច្បាស់​ធ្លោយ រោយ​មុន​ស្លាប់​។​
 
​ជា​និស្សិត ឥត​សុខ​បាន ប្រាណ​ក្តៅ​ងំ​
​រឿង​ជាតិ​ធំ ពុំ​អាច​ប្រៀប រៀប​លំដាប់​
​វីរុស​ដល់ ខ្វល់​គ្រប់គ្នា គ្រានេះ​យ៉ាប់​
​ជួយ​បាន​ឆាប់ ចាប់​កម្ចាត់ កាត់​កម្ចាយ​។​
 
​លា​ម៉ែ​ពុក ទុក​ស្នេហា​ ការពា​រាស្ត្រ​
​ឈរ​ពាំង​ពាស រាស្ត្រ​ស្ងប់​សុខ ស្រុក​ស្រស់ស្រាយ​
​ត្រូវ​យកឈ្នះ ឈ្នះ​មេរោគ ជោគ​សប្បាយ​
​ឈឺ​មិន​ស្តាយ ចាយ​ជីវិត ពិត​មានន័យ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com