COVID-19
អន្តរជាតិ
នយោបាយអន្តរជាតិ
អាជ្ញាធរក្រុងហូជីមិញ សន្យាផ្ដល់៤៣ដុល្លារប្រចាំខែដល់ពលរដ្ឋបាត់បង់ការងារ បុរសវៀតណាមម្នាក់ ដើរកាត់ហាងទំនិញមួយកន្លែងដែលបិទទ្វារនៅក្រុង ហូជីមិញ កាលពីថ្ងៃ ៥ មីនា ២០២០ (VN Express)
× អាជ្ញាធរក្រុងហូជីមិញ បានសន្យាថានឹងយកលុយពាក់កណ្ដាលដែលគ្រោងប្រើសម្រាប់ដំឡើងប្រាក់បៀវត្សមន្ត្រីស៊ីវិល ទៅជួយគាំទ្រពលរដ្ឋដែលបាត់បង់ការងារធ្វើដោយសារជំងឺ COVID-19 ។
នាជំនួបមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លេខាធិការបក្សកម្មុយនីស្តប្រចាំទីក្រុង ហូជីមិញ លោក Nguyen Thien Nhan បានអះអាងថា ជំងឺរាតត្បាត COVID-19 បានបង្ខំឲ្យប្រជាជន ៦០ម៉ឺននាក់ដែលរស់នៅទីក្រុងនេះបាត់បង់ការងារធ្វើ។ ទីក្រុងហូជីមិញ មានប្រជាជនរស់នៅសរុបជិត៩លាននាក់ (ឆ្នាំ២០១៩)។
បើតាមសារព័ត៌មានអនឡាញវៀតណាម Vietnam Express ដែលផ្សាយជាភាសាអង់គ្លេស លោក Nguyen គូសបញ្ជាក់ថា អាជ្ញាធរក្រុងហូជីមិញ នឹងផ្ដល់ប្រាក់ខែជូនពួកគេក្នុងម្នាក់ ៤៣ដុល្លារ ដែលដកចេញពីលុយដែលគ្រោងប្រើប្រាស់សម្រាប់ដំឡើងប្រាក់បៀវត្សមន្ត្រី។
ត្រង់ចំណុចនេះលោក សង្កត់ធ្ងន់ដូច្នេះថា៖«ក្នុងពេលដ៏លំបាកនេះ មនុស្សរាល់គ្នា គួររួមគ្នាបញ្ឈប់ការការរីករាលដាលជំងឺនេះទៅកាន់អ្នកដទៃ ហើយក៏ជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់អ្នកជួបការលំបាកផងដែរ»។ យ៉ាងណាមិញ លោកពុំបានបញ្ជាក់អំពីពេលវេលាជាក់លាក់នៃការបើកប្រាក់ ឬចំនួនខែដែលពួកគេអាចបន្តបើកប្រាក់ទាំងនេះឡើយ។
គិតត្រឹមព្រឹកថ្ងៃអាទិត្យ ២៩ ខែមីនា ប្រទេសវៀតណាម មានករណីឆ្លង COVID-19 សរុបចំនួន ១៧៩ករណី ក្នុងនោះមាន៥ករណីថ្មី ខណៈអ្នកជាសះស្បើយ មាន២១ នាក់។ យ៉ាងណាមិញ ប្រទេសនេះ ពុំទាន់មានករណីស្លាប់ដោយសារ COVID-19 នៅឡើយ៕
Tag:
វៀតណាម
ហូជីមិញ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com