ពីនេះ ពីនោះ
សង្គមជាតិ
អត្ថបទ​ស្រាវជ្រាវ​៖ ឥទ្ធិពល​នៃ​ជម្រក និង​កត្តា​អាកាសធាតុ​ទៅលើ​របាយ​នៃ​ប្រភេទ​ត្រី​នៅ​បឹង​ទន្លេសាប​
29, Mar 2020 , 3:19 pm        
រូបភាព
​ទិដ្ឋភាព​ពីលើ​អាកាស​ក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក្នុង​បឹង​ទន្លេសាប​។  រូបភាព​៖ ឈុត ឈា​ណា អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
​ទិដ្ឋភាព​ពីលើ​អាកាស​ក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក្នុង​បឹង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
ដោយ: ថ្មីៗ
​បឹង​ទន្លេសាប គឺជា​ស្ថានប្រព័ន្ធ​ដែលមាន​ផលិតភាព​ខ្ពស់ និង​នានាភាព ឬ ភាព​ចម្រុះ​នៃ​ប្រភេទ​ត្រី​ជាច្រើន ដែលជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ការផ្គត់ផ្គង់​ប្រូតេអ៊ីន ដល់​ប្រជាជន​កម្ពុជា ប្រមាណ​ជាង​១៥ លាន​នាក់​។ យ៉ាងណា​ម៉ិ​ញ ព័ត៌មាន​អំពី​អេកូឡូស៊ី និង​កត្តា​នានា ដែលមាន​ឥទ្ធិពល​ទៅលើ​របាយ​នៃ​ប្រភេទ​ត្រី ទៅតាម​តំបន់​នៅក្នុង​បឹង​ទន្លេសាប​នេះ នៅមាន​តិចតួច​នៅឡើយ​។


​យោងតាម​ការសិក្សា​ស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ ដោយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​ផ្តល់ព័ត៌មាន​អំពី​របាយ​ទៅតាម​តំបន់​នៃ​ប្រភេទ​ត្រី ដែលមាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ចំនួន ៨ ប្រភេទ រួមមាន​៖ ត្រី​ឆ្តោ ត្រី​រ៉ស់ ត្រី​កំភ្លាញ ត្រី​ឆ្កោក ត្រី​ឆ្ពិន​ប្រាក់ ត្រី​ប្រា​ធំ ត្រី​កេស និង​ត្រី​រៀល​គ្រប់​ប្រភេទ ព្រមទាំង​បង្ហាញ​អំពី ឥទ្ធិពល​នៃ​កត្តាបរិស្ថាន ទៅលើ​របាយ​នៃ​ត្រី​ទាំង ៨ ប្រភេទ ទៅតាម​តំបន់​នៅក្នុង​បឹង​ទន្លេសាប ដោយ​ប្រើប្រាស់​ទិន្នន័យ​ផល​ចាប់​របស់​ឡូ​តិ៍​នេសាទ ក្នុង​រដូវ​បើក​នេសាទ  ចន្លោះ​ពី​ឆ្នាំ​១៩៩៤/១៩៩៥ ទៅ​ឆ្នាំ​១៩៩៩/ ២០០០ និង​ទិន្នន័យ​កត្តាបរិស្ថាន (​ប្រភេទ​គម្រប​ដី និង​កត្តា​អាកាសធាតុ​) ផងដែរ​។
 
​លទ្ធផល​បាន​បង្ហាញថា ជីវម៉ាស់​ត្រី មានការ​ប្រែប្រួល​ខ្លាំង រវាង​តំបន់​នានា និង​រវាង​ប្រភេទ​ត្រី​នានា​។ ត្រី​ឆ្តោ​មាន​វត្តមាន​ច្រើនជាងគេ នៅ​ប៉ែក​ខាងត្បូង និង​ប៉ែក​ខាងជើង​បឹង​ទន្លេសាប​។ ត្រី​រ៉ស់ និង​ត្រី​កំភ្លាញ មាន​វត្តមាន​ច្រើន​នៅ​ប៉ែក​ខាងជើង​បឹង​ទន្លេសាប​។ ត្រី​ឆ្កោក ត្រី​ឆ្ពិន​ប្រាក់ ត្រី​ប្រា​ធំ និង​ត្រី​រៀល​គ្រប់​ប្រភេទ មាន​វត្តមាន​ច្រើន​នៅ​ប៉ែក​ខាងត្បូង​បឹង​ទន្លេសាប​។ ចំណែកឯ​ត្រី​កេស មាន​វត្តមាន​ច្រើន នៅ​តំបន់​មួយចំនួន នៅ​ប៉ែក​ខាងជើង និង​ខាងត្បូង​នៃ​បឹង​ទន្លេសាប​។ 


​ព្រៃ​លិច​ទឹក មាន​ទំនាក់ទំនង​វិជ្ជមាន ទៅលើ​របាយ​ជីវម៉ាស់ នៃ​ត្រី​ប្រា​ធំ ត្រី​រ៉ស់ ត្រី​ឆ្កោក និង​ត្រី​កេស​។ ដូចគ្នានេះដែរ លំហ​ទឹក​បឹង​ទន្លេសាប មាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​របាយ​ជីវម៉ាស់ នៃ​ប្រភេទ​ត្រី​ប្រា​ធំ ត្រី​ឆ្កោក និង​ត្រី​កេស​។ រីឯ​ដី​កសិកម្ម មាន​ឥទ្ធិពល​អវិជ្ជមាន ទៅលើ​របាយ​ជីវម៉ាស់​នៃ​ប្រភេទ​ត្រី​រៀល​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ បាន​បង្ហាញថា តំបន់​មួយចំនួន​មាន​កម្រិត​ជីវម៉ាស់​ត្រី​ខ្ពស់ ឧទាហរណ៍ ឡូ​តិ៍​នេសាទ​លេខ​២ ក្នុង​ខេត្តកំពង់ធំ ឡូ​តិ៍​នេសាទ​លេខ​៦ ក្នុង​ខេត្តពោធិ៍សាត់ និង​ឡូ​តិ៍​នេសាទ​លេខ​២ ក្នុង​ខេត្តបាត់ដំបង​)​។​ល​។ ដូច្នេះ ការធ្វើផែនការ​អភិរក្ស និង​ការគ្រប់គ្រង​ជលផល គួរតែ​ផ្តោត​ការយកចិត្តទុកដាក់ នៅក្នុង​តំបន់​ទាំងអស់នោះ ដោយ​ពិចារណា​កំណត់​តំបន់​ទាំងនោះ ជា​តំបន់​ជម្រក​ត្រី​សំខាន់ និង​ក៏​ជា​កន្លែង​នេសាទ​ដ៏​សំខាន់​ផងដែរ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អាន​៖ https://www.mdpi.com/2073-4441/12/3/786 (Chan, B.; Brosse, S.; Hogan, Z.S.; Ngor, P.B.; Lek, S. Influence of Local Habitat and Climatic Factors on the Distribution of Fish Species in the Tonle Sap Lake. Water 2020, 12, 786.)

ដោយ៖ Chan Bunyeth / USAID Wonders of the Mekong
 

© រក្សាសិទ្ធិដោយ thmeythmey.com