COVID-19
អន្តរជាតិ
COVID-19៖ ថៃ​និង​សិង្ហ​បុរី មាន​អ្នកស្លាប់​បន្ថែម​មួយ​ករណី​ថ្មី​រៀងខ្លួន
29, Mar 2020 , 3:39 pm        
រូបភាព
ដោយ:
​នា​រសៀល​ថ្ងៃអាទិត្យ ២៩ ខែមីនា ប្រទេស ថៃ និង​បុរី​រដ្ឋ​សិង្ហ​បុរី  បានប្រកាស​ពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 ចំនួន​មួយ​ករណី​ថ្មី​បន្ថែម​រៀងៗ​ខ្លួន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​សុខាភិបាល​របស់​ប្រជាជាតិ​ទាំងពីរ​។

 
​នៅ​សិង្ហ​បុរី អ្នកជំងឺ​អាយុ ៧០​ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​ម៉ោង ១២​ថ្ងៃត្រង់​។ បើតាម​ក្រសួងសុខាភិបាល បុរស​សិង្ហ​បុរី​រូបនេះ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Singapore General Hospital (SGH) កាលពី​ថ្ងៃ​២៩ កុម្ភៈ ហើយ​បាន​បញ្ជាក់ថា​មាន​ផ្ទុក COVID-19 កាលពី​ថ្ងៃ ២ មីនា​។ 
 
​ក្រោយមក លោក​បន្ត​ទទួល​ការព្យាបាល​នៅ​បន្ទប់ ICU រហូត ហើយ​បាន​វិ​វ​ត្តិ​ទៅកាន់​សភាព​ធ្ងន់ធ្ងរ​។ ចុងក្រោយ លោក​ស្លាប់​ដោយសារ​ជំងឺ​នេះ ២៧​ថ្ងៃក្រោយ​ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។ ក្រសួង​អះអាង​បែបនេះ ដោយ​បន្ថែម អ្នកស្លាប់​រូប ធ្លាប់មាន​ប្រវត្តិ​នៃ​ការ​លើស​សម្ពាធ​ឈាម​និង​លើស​ជាតិ​ខ្លាញ់​។ នេះ​បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ។​
 
​ជនជាតិ​សិង្ហ​បុរី​រូបនេះ ជា​ករណី​ស្លាប់​ទី​៣​ហើយ​ក្នុងប្រទេស​នេះ ដែល​ករណី​ទី​១​លើ​ស្ត្រី​សិង្ហ​បុរី​អាយុ ៧៥​ឆ្នាំ​ម្នាក់ និង​ម្នាក់ទៀត​គឺ​បុរស​ឥណ្ឌូណេស៊ី​អាយុ ៦៤​ឆ្នាំ​។ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ២៨ ខែមីនា ករណី COVID-19 សរុប​នៅ​សិង្ហ​បុរី​ឡើងដល់ ៨០២​ករណី ក្នុងនោះ​ករណី​រកឃើញ​ថ្មី ៧០​នាក់​។ 
 
​ដោយឡែក នៅ​ប្រទេស​ថៃ​វិញ ក៏បាន​រកឃើញ​អ្នកស្លាប់​ម្នាក់​ថ្មី​ផងដែរ ដែលជា​បុរស​ថៃ​អាយុ ៦៨​ឆ្នាំ​ម្នាក់​។ ជនរងគ្រោះ​ចុងក្រោយ​នេះ គឺជា​អ្នក​ដែល​ធ្លាប់​ចូល​ទស្សនា​ពហុ​កីឡដ្ឋាន​ប្រដាល់ Lumpinee នៅ​បាងកក ដែល​ទីតាំង​ឆ្លង​ជា​ចង្កោម​។ 
 
​ករណី​ស្លាប់​ថ្មី​នេះ បានធ្វើ​តួលេខ​អ្នកស្លាប់​សរុប​ដោយសារ COVID-19 សរុប​នៅ​ប្រទេស​នេះ​ឡើងដល់ ៧​នាក់​ហើយ​។ គិត​ត្រឹម​រសៀល​ថ្ងៃអាទិត្យ តួលេខ​ឆ្លង COVID-19 សរុប​នៅ​ថៃ ឡើងដល់​១៣៨៨ នាក់ ក្នុងនោះ​ករណី​រកឃើញ​ថ្មី​ចំនួន ១៤៣​នាក់​។ នេះ​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ ដោយ​ដកស្រង់​សម្តី​របស់​អ្នក​នាំ​ា​ពាក្យ​ក្រសួងសុខាភិបាល​ថៃ​៕
 
 
 
 

Tag:
 សិង្ហ​បុរី​
  ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com