ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល​៖​ពលរដ្ឋ​កុំ​ប្រើ​ឧបករណ៍​ធ្វើតេស្តរ​កកូ​វីដ​១៩​ដោយ​ខ្លួនឯង ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​
29, Mar 2020 , 3:59 pm        
រូបភាព
លោក ម៉ុម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ុម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ហាម​ពលរដ្ឋ​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​ប្រភេទ Rapid test រក​ជំងឺ​កូ​វីដ​-១៩ ដោយ​ខ្លួនឯង តាម​ការផ្សព្វផ្សាយ​ពី​ជន​ឆបោក​។ បើតាម​ក្រសួងសុខាភិបាល ឧបករណ៍ Rapid test​នេះ មិនមាន​ការបញ្ជា​ក់ទ​ទួល​ស្គា​ល់ពី​អង្គការ​សុខភាព​ពិភពលោក​ទេ​។​

 
«​សូមកុំ​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វីដ​១៩ (Rapid test) ជា​មធ្យោបាយ​ក្នុង​ការរក​វីរុស​កូ​វីដ​១៩ ដោយ​ខ្លួនឯង​ឱ្យសោះ​»​។ នេះ​ជាការ​អំពាវនាវ​របស់​ក្រសួងសុខាភិបាល ដែល​បាន​បន្ថែមថា ប្រសិទ្ធភាព​នៃ​ការធ្វើ​តេស្ត​រហ័ស​របស់​ឧបករណ៍​នេះ នៅមានកម្រិត​ទាប ដែល​ធ្វើឱ្យមាន​ភាពមិនច្បាស់លាស់​ទៅវិញ​ទេ (​អ្នក​ដែល​មិនមាន​វីរុស​កូ​វី​ឌ​១៩ បែរ​ជាមាន​លទ្ធផល​វិជ្ជមាន រីឯ​អ្នក​ដែលមាន​វីរុស​កូ​វីដ​១៩ បែរ​ជាមាន​លទ្ធផល​មិនមាន​វីរុស​កូ​វីដ​១៩) ។​
 
​បច្ចុប្បន្ននេះ មានការ​ផលិត​ឧ​បរ​កណ៍​ធ្វើតេស្ត​រហ័ស​ច្រើន រក​វីរុស​COVID-19 ប៉ុន្តែ​មិនទាន់មាន​ឧបករណ៍​ណាមួយ ដែលមាន​ការបញ្ជា​ក់ទ​ទួល​ស្គា​ល់ពី​អង្គការ​សុខភាព​ពិភពលោក នូវ​ភាពត្រឹមត្រូវ និង​ប្រសិទ្ធភាព​នៃ​ការធ្វើ​តេស្ត​នៅឡើយ​ទេ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល ដែល​ព្រមាន​ចាត់វិធានការ​ចំពោះ​អ្នក​ដែល​បាន​ផ្សព្វផ្សាយ និង​ឃោសនា​ផ្តេសផ្តាស​អំពី​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ នេះ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ចូលរួម​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត ចំពោះ​បុគ្គល​ឬ​ក្រុមហ៊ុន​ណា ដែល​ផ្សព្វផ្សាយ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វីដ​១៩ ដោយ​មិនមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​»​។​
 
​ត្រង់ចំណុច​នេះ​ក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់ថា ការធ្វើ​តេស្តរ​កវី​រុស​COVID-19​នេះ គឺ​មានតែ​ស្ថាប័ន​ពីរ​ប៉ុណ្ណោះ ដែល​អាច​ផ្ដល់​ជំនឿ​ចិត្ត​ដល់​ពលរដ្ឋ ក្នុងនោះ​គឺ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ និង​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​កម្ពុជា  ដែលមាន​បច្ចេកទេស និង​គោលការណ៍​ប្រតិបត្តិការ តាម​ស្ដង់ដារ​អង្គការ​សុខភាព​ពិភពលោក ដោយមាន​ការទទួលស្គាល់​ត្រឹមត្រូវ​ពី​អន្តរជាតិ​។​
 
​មកដល់​ថ្ងៃទី​២៩ ខែមីនា​នេះ កម្ពុ​ជាមាន​អ្នកជា​សះស្បើយ​ចំនួន​២១​នាក់​ហើយ ខណៈ​អ្នកជំងឺ​COVID-19 មាន​ចំនួន​១០៣​នាក់​។ បច្ចុប្បន្ន មាន​អ្នកជំងឺ​COVID-19 កំពុង​សម្រាល​ព្យាបាល​៨២​នាក់​៕

Tag:
 COVID-19
 ​ ឧបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com