COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Covid-19៖ ទី​ម័​រ​ខាងកើត សម្រេច​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ខណៈ​ករណី​ឆ្លង​មាន​ត្រឹម​១​ករណី​
29, Mar 2020 , 4:30 pm        
រូបភាព
ប្រធានាធិបតីទីម័រខាងកើតលោក Francisco Guterres Lú Olo (រូបភាព៖ហ្វេសប៊ុកផ្លូវការរបស់ប្រធានាធិបតីទីំ័រខាងកើត)
ប្រធានាធិបតីទីម័រខាងកើតលោក Francisco Guterres Lú Olo (រូបភាព៖ហ្វេសប៊ុកផ្លូវការរបស់ប្រធានាធិបតីទីំ័រខាងកើត)
ដោយ:
 
​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត នៅ​យប់​ថ្ងៃ​២៨ មីនា បានសម្រេច​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ជា​ផ្លូវការ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​រដ្ឋាភិបាល​ចាត់វិធានការ​តាម​ការចាំបាច់​ក្នុង​កិច្ចការ​ទប់ស្កាត់ និង​ការពារ​ការរីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម Covid-19​។ សេចក្តីសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​ទី​ម័​រ​ខាងកើត រកឃើញ​មាន​ករណី​ឆ្លង Covid-19 តែមួយ​ករណី​ប៉ុណ្ណោះ​។​

 
​តាម​សំណើ​របស់លោក​ប្រធានាធិបតី Francisco Guterres Lú-Olo ដែល​ទើបតែ​អនុម័ត​ដោយ​ឯកច្ឆន្ទ​ពីស​ភា​ទី​ម័​រ​ខាងកើត ការដាក់​ប្រទេស​ក្រីក្រ​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ភាពអាសន្ន​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់ និង​ការពារ​រីក​រាលដាល​របស់​ជំងឺ Covid-19 នឹងត្រូវ​អនុវត្ត​រហូត​ដល់​ថ្ងៃទី​២៦ ខែមេសា ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Asia Pacific Report​។​
 
​គួរ​ជម្រាប​បន្តិច​ថា គិត​ត្រឹម​ថ្ងៃ​២៨ មីនា ទី​ម័​រ​ខាងកើត បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ Covid-19 តែមួយ​ករណី​ប៉ុណ្ណោះ ហើយ​ករណី​ដំបូង​នេះ គឺជា​ពលរដ្ឋ​បរទេស​នោះទេ​។ 
 
​យ៉ាងណាក៏ដោយ ការណ៍​ដែល​ទី​ម័​រ​ខាងកើត ត្រូវ​សម្រេច​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ក្នុងពេលដែល​ប្រទេស មិនទាន់មាន​ករណី​ឆ្លង​ច្រើន ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​ក៏ដោយ ក៏​ព្រោះតែ នេះ ជា​វិធានការ​ទប់ស្កាត់​ការរីក​រាល​ខ្លាំង ខណៈ​ប្រជាជន​ទី​ម័​រ​ខាងកើត ក៏​ចាប់ផ្តើម​វិល​ត្រលប់​ពី​បរទេស ដែលមាន​ករណី​ឆ្លង​ច្រើន​។​
 
​តាម​អះអាង​របស់​រដ្ឋមន្ត្រី​សុខាភិបាល​ស្តីទី​ទី​ម័​រ​ខាងកើត អាជ្ញាធរ នឹង​ប្រឹងប្រែង​គ្រប់បែបយ៉ាង​ដើម្បី​ជំរុញ​ឲ្យ​អនុវត្ត ការ​នៅ​ឆ្ងាយ​ពីគ្នា ជាពិសេស​ក្នុង​កន្លែង​សម្រាប់​ដាក់​អ្នក​ដែល​ឆ្លង ឬ​អ្នក​សង្ស័យ​ឆ្លង Covid-19​។ ក៏ប៉ុន្តែ​រដ្ឋមន្ត្រី​ស្តីទី​រូបនេះ ក៏បាន​សារភាព​ផងដែរ​ថា បច្ចុប្បន្ន​រដ្ឋាភិបាល កំពុងតែ​ខ្វះ​គ្រែ និង​បន្ទប់ សម្រាប់​អ្នក​ដែល​ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ខណៈ​ចំនួន​ប្រជាជន ដែល​កំពុង​វិល​ត្រលប់​ចូល​ស្រុក​វិញ​កាន់តែច្រើន​។​
 
​កន្លងមក​ក្នុងពេលដែល​វិបត្តិ Covid-19 ទើបតែ​ផ្ទុះឡើង នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត ក៏​ធ្លាប់​សារភាព និង​ទទួលស្គាល់ថា ប្រទេស​របស់ខ្លួន មិនទាន់មាន​ប្រព័ន្ធ​សុខាភិបាល​រឹងមាំ​នៅឡើយ​នោះទេ ដែល​ពេលនោះ ទី​ម័​រ​ខាងកើត ក៏បាន​ស្នើ​ជំនួយ​ពី​ឥណ្ឌូណេស៊ី ដើម្បី​ជួយ​គាំពារ ដល់​ពលរដ្ឋ​របស់ខ្លួន ដែល​ទើប​ត្រលប់​ពី​ចិន​ផងដែរ​៕ 
 

Tag:
 ទី​ម័​រ​ខាងកើត​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com