ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍៖ ការគ្រប់គ្រងបញ្ជីស្នាក់នៅផ្នែកទេសចរណ៍ ត្រូវប្រើប្រព័ន្ធអនឡាញ
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសម្រេចឲ្យម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ត្រូវប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ចុះបញ្ជីស្នាក់នៅទេសចរណ៍ ដើម្បីជាការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) នាពេលបច្ចុប្បន្ន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ម្ចាស់អាជីវកម្មដែលបម្រើសេវាកម្មទេសចរណ៍ ត្រូវប្រើប្រាស់ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍ តាមប្រព័ន្ធអនឡាញដែលមានគេហទំព័រផ្លូវការ
www.accommodationregistar.net។
វិធានការនេះ គឺដើម្បីគ្រប់គ្រងលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ហើយក៏ជាការឆ្លើយតបទៅនឹងសភាពការណ៍ក្នុងពេលបច្ចុប្បន្ននៃការចម្លងជំងឺកូវីដ-១៩ ពីមជ្ឈដ្ឋានខាងក្រៅមកក្នុងប្រទេសកម្ពុជា
ក្រសួង សង្ឃឹមថា ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ នឹងអនុវត្ត ដោយមានទំនួលខុសត្រូវខ្ពស់។ ក្រៅពីសេវាកម្មទេសចរណ៍ ប្រជាជនទាំងអស់ក៏ត្រូវរក្សាអនាម័យឲ្យបានល្អ កាត់បន្ថយការជួបជុំតាមទីសាធារណៈ និងការប៉ះពាល់ស្និទ្ធស្នាលជាមួយអ្នកជំងឹផងដែរ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍ អាចទំនាក់ទំនងទៅក្រសួងទេសចរណ៍ តាមរយៈលោក គឹម សេរីរដ្ឋ (០៨៩ ៧៦៧ ៦៦៤) លោក ឌួង បញ្ញាវឌ្ឍន៍ (០១៧ ៣៦៥ ៣៩៥) ឬ លោក អ៊ឹម វិមល (០១២ ៦៨ ៦៨ ០៩)៕
© រក្សាសិទ្ធិដោយ thmeythmey.com