COVID-19
អន្តរជាតិ
ពេទ្យម៉ាឡេស៊ីម្នាក់ ប្រពន្ធនិងកូន៥នាក់ឆ្លង COVID-19 តែសប្បាយចិត្តព្រោះឆ្លងការលំបាករួមគ្នា គ្រួសារម៉ាឡេស៊ីមួយដែលមានសមាជិក ៧នាក់ មានលទ្ធផលវិជ្ជមានសម្រាប់ជំងឺ COVID-19 (Facebook)
× គ្រួសារម៉ាឡេស៊ីមួយដែលមានសមាជិក ៧នាក់ មានលទ្ធផលវិជ្ជមានសម្រាប់ជំងឺ COVID-19 ទាំងអស់គ្នា ក៏ប៉ុន្តែឪពុកជាគ្រូពេទ្យ ភរិយាលោក និងកូនទាំង៥នាក់របស់ពួកគេ នៅតែមានទឹកចិត្តសប្បាយរីករាយដដែល ព្រោះពួកគេឆ្លងកាត់ការលំបាកនេះរួមគ្នា។
បងប្អូនទាំង៥នាក់ ដែលជាកូនៗរបស់គ្រូពេទ្យម៉ាឡេស៊ី បានដាក់នៅដាច់ដោយឡែកជុំគ្នានៅមន្ទីរពេទ្យរដ្ឋមួយ ក្នុងរដ្ឋ Perak ។ នៅថ្ងៃសុក្រ ២៧ ខែមីនា ម្នាក់ក្នុងចំណោមពួកគេ បានបង្ហោះវីដេអូមួយលើកម្មវិធី TikTok ហើយវីដេអូនេះ ទទួលបានជាចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម។
យុវតីអាយុ ១៧ឆ្នាំ Erika Syamim Samsu Ambia ដែលជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ បានសរសេរដូច្នេះថា៖«ទោះបីជាយើងមានផ្ទុក COVID-19 គ្រួសារយើង នឹងឆ្លងកាត់រឿងនេះរួមគ្នា។ បន្ថែមពីនេះ សុខភាពពួកយើង គឺល្អធម្មតា។ នេះគឺជាវីដេអូ TikTok ដែលយើងធ្វើឡើងដើម្បីកម្សាន្តនៅមន្ទីរពេទ្យ»។
ប្រាប់ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama យុវតី Erika អះអាងថា ឪពុកនាង លោកវេជ្ជបណ្ឌិត Samsu Ambia Ismail គឺជាវេជ្ជបណ្ឌិតឯកទេសម្នាក់ និងជាប្រធាននាយកដ្ឋានសង្គ្រោះបន្ទាន់នៅពេទ្យដែលនាងសម្រាកព្យាបាលផ្ទាល់។ នាងបន្តទៀតថា ឪពុកនាង គឺជាសមាជិកគ្រួសារដំបូងគេដែលឆ្លង COVID-19 ហើយបានដាក់នៅដាច់ដោយឡែកនៅមន្ទីរពេទ្យ រយៈពេល៦ថ្ងៃមកហើយ។
យុវតី Erika, បងប្អូន៤នាក់ផ្សេងទៀត ដែលមានអាយុចន្លោះ ៨ និង១៥នាក់ ព្រមទាំងម្ដាយ បានដាក់នៅដាច់ដោយឡែកមួយថ្ងៃបន្ទាប់ ក្រោយរកឃើញថា លោកវេជ្ជបណ្ឌិត Samsu ឆ្លងវីរុសនេះ។ បើតាម Bernama កូនច្បងប្រចាំគ្រួសារលោកគ្រូពេទ្យម៉ាឡេស៊ីរូបនេះ សង្កត់ធ្ងន់ដូច្នេះថា៖«យើងកំពុងប្រយុទ្ធតទល់នឹងវីរុសនេះដោយប្រើអង់ទីគ័ល (antibodies) យើងផ្ទាល់ ហើយសង្ឃឹមថា យើងនឹងមានសុខភាពល្អប្រសើរឡើងវិញ ក្រោយធ្វើចត្តាឡីស័ក ១៤ថ្ងៃរួច»។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសៅរ៍ ២៩ ខែមីនា ប្រទេស ម៉ាឡេស៊ី មានករណីឆ្លង COVID-19 សរុប ២៣២០ករណីហើយ ក្នុងនោះករណីឆ្លងថ្មីមាន ១៥៩នាក់។ ចំណែកអ្នកជាសះស្បើយមាន៣២០នាក់ ខណៈអ្នកស្លាប់មាន២៧នាក់។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com