COVID-19
អន្តរជាតិ
Zoom បណ្តាញ​ណាត់ជួប​តាម​វីដេអូ​ពេញនិយម​ជាងគេ​នា​សម័យ COVID-19
29, Mar 2020 , 4:14 pm        
រូបភាព
សារព័ត៌មានថ្មីៗ ណែនាំបុគ្គលិកពីការប្រើប្រាស់ Zoom ជាមធ្យោបាយទំនាក់ទំនង។ រូបថត លាង ដឺលុច
សារព័ត៌មានថ្មីៗ ណែនាំបុគ្គលិកពីការប្រើប្រាស់ Zoom ជាមធ្យោបាយទំនាក់ទំនង។ រូបថត លាង ដឺលុច
ដោយ: ធីតា
​បង្កើតឡើង​កាលពី​ឆ្នាំ​២០១១ Zoom ទើបតែ​ត្រូវបាន​គេ​ស្គាល់​កាន់តែច្រើន បើ​គិត​ចាប់តាំងពី​ការ​រាតត្បាត​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅ​ប្រទេស​ចិន ពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​មក​។ បច្ចុប្បន្ន Zoom  ក្លាយជា​បណ្តាញ​នៃ​ទំនាក់ទំនង​តាម​វីដេអូ (video-conference) នាំមុខគេ សម្រាប់​បណ្តា​សាលារៀន ក្រុមហ៊ុន និង​ក្រុមគ្រួសារ ខណៈ​ពួកគេ​ត្រូវ​នៅ​ដាច់ដោយឡែក​ពីគ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង COVID-19​។​



​យោងតាម​ការផ្សាយ​រប​ស់ Forbes ការទាញយក (​ដោ​ន​ឡូត​) Zoom Cloud Meeting ទៅប្រើ​ប្រាស់​កើនឡើង​ដល់​ទៅ​៦៧​ភាគរយ បើ​គិត​ចាប់តាំងពី​ដើមឆ្នាំ រហូតដល់​ពាក់កណ្តាល​ខែមីនា​។ ការប្រើប្រាស់ Zoom ជា​មធ្យោបាយ​នៃ Video-conference មាន​កម្រិត​ខ្ពស់ជាង Google Hangouts, Houseparty, FaceTime, Skype, Facebook Messenger និង​បណ្តាញ​សង្គម​ដទៃទៀត​។​

លោក Eric Yuan ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Zoom​

គេ​អាច​ប្រើប្រាស់ Zoom បាន​តាមរយៈ​ការទាញយក App ពី iOS, Android និង​តម្លើង​ដាក់​កុំព្យូទ័រ បាន​ផងដែរ​។ Zoom មាន​គុណភាព​វីដេអូ និង​សំឡេង​ស្តង់ដា ហើយ​ថែមទាំង​មានមុខ​ងារ​ដ៏​មាន​ប្រយោជន៍​ជាច្រើន​ទៀត​សម្រាប់​ទំនាក់ទំនង​គ្នា​ពី​ចម្ងាយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ Zoom កំណត់​រយៈពេល​តែ​៤០​នាទី​ប៉ុណ្ណោះ សម្រាប់​ទំនាក់ទំនង​គ្នា​ដែល​មិន​បង់ថ្លៃ ប៉ុន្តែ​សម្រាប់​ការ​ជាវ អ្នកប្រើប្រាស់​បញ្ចូល​អ្នក​ចូលរួម​ច្រើនជាង​១០០​នាក់ ជាមួយនឹង​ពេលវេលា​ដែល​មិន​កំណត់​។ សម្រាប់​ការ​ណាត់ជួប អ្នករៀបចំ​ត្រូវ​ផ្តល់ Meeting ID ផ្ទាល់ខ្លួន ដែលមាន​១០​តួលេខ ឬ​ឲ្យ​តំណ​ភ្ជាប់​របស់ Zoom ទៅ​បុគ្គល​ដែល​ត្រូវ​ចូលរួម​ពី​ពិភាក្សា​។​

Zoom Video Communications ជា​ក្រុមហ៊ុន​អាមេរិក ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ក្រុង San Jose រដ្ឋកា​លី​ហ្វ​នីញ៉ា ប៉ុន្តែ​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន គឺ​លោក Eric Yuan ដែលជា​មហាសេដ្ឋី​ជនជាតិ​ចិន​។ បើតាម CNBC លោក Yuan មាន​ភាគហ៊ុន​នៅ Zoom ប្រមាណ​៥.៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​



នៅ​ចិន ក្រុមហ៊ុន Tencent និង Alibaba ក៏​ព្យាយាម​ពង្រីក​សក្តានុពល​ខ្លួន​ផងដែរ ដើម្បី​ប្រកួតប្រជែង​ជាមួយ Microsoft, Google និង Zoom​។ កាលពី​ខែធ្នូ ឆ្នាំ​២០១៩ Tencent Cloud បានដាក់​ដំណើរការ​កម្មវិធី Tencent Meeting (Voov) ដោយ​ភ្ជាប់​ជាមួយ WeChat រីឯ Alibaba ពង្រីក​កម្មវិធី Dingtalk ជាដើម​។​

​ទោះបីជា​នៅ​ចិន ការប្រើប្រាស់ Zoom មិនត្រូវ​បានអនុញ្ញាត​ជា​ផ្លូវការ​ក៏ដោយ ក៏​បណ្តា​និស្សិត​ចិន​នៅតែ​ព្យាយាម​ទាញយក Zoom ទៅប្រើ​ប្រាស់​ដើម្បី​ពង្រីក​ទំនាក់ទំនង​របស់ខ្លួន​នៅក្រៅ​ប្រទេស​។ នា​អំឡុង​នៃ​ការ​រាលដាល COVID-19 នេះ​ផងដែរ លោក Yuan បាន​ជួយ​សម្រួល​ច្រើន​ដល់​កម្មវិធីសិក្សា​របស់​សិស្ស ជាពិសេស​នៅ​ជប៉ុន អ៊ីតាលី និង​សហរដ្ឋអាមេរិក​៕



© រក្សាសិទ្ធិដោយ thmeythmey.com