អន្តរជាតិ
បច្ចេកវិទ្យា
តើ«Bluetooth»មានន័យដូចម្តេច? នរណាជាអ្នកបង្កើតវា?
× នៅក្នុងសម័យបច្ចុប្បន្ននេះ សឹងតែគ្រប់ឧបករណ៍អេឡិចត្រូនិចទាំងឡាយសុទ្ធតែបង្កប់នូវបច្ចេកវិទ្យា Bluetooth ដោយមិនថាឧបករណ៍នោះជាទូរសព្ទដៃ ប្រដាប់បំពងសម្លេង កាសដាក់ត្រចៀក កំព្យូទ័រ ឬអេក្រង់នៅក្នុងរថយន្តមួយចំនួនឡើយ។ វាជាបច្ចេកវិទ្យាមួយដែលមានការប្រើប្រាស់យ៉ាងទូលំទូលាយជុំវិញពិភពលោកដោយសារតែភាពសាមញ្ញ និងងាយស្រួល។ តើបច្ចេកវិទ្យាមួយនេះមានដើមកំណើតមកពីណា? តាំងពីពេលណាមក? ហើយសញ្ញារបស់ Bluetooth ដែលអ្នកឃើញជាញឹកញាប់នោះមានន័យដូចម្តេច?
គេហទំព័រ thoughtco.com បានសង្ខេបយ៉ាងខ្លីថា ឫសគល់នៃលំនាំបច្ចេកវិទ្យាដែលប្រព័ន្ធ Bluetooth ប្រើប្រាស់មានដើមកំណើតតាំងពីសម័យសង្គ្រាមលោកលើកទីពីរមកម្ល៉េះ។ គួរឲ្យបញ្ជាក់ផងដែរថា សម័យសង្គ្រាមលោកទាំងពីរលើក ទោះបីជាបានបំផ្លិចបំផ្លាញរឿងរ៉ាវជាច្រើនមែន តែសង្គ្រាមទាំងពីរនេះក៏បានបង្កើតបច្ចេកវិទ្យាថ្មីទំនើបៗជាច្រើនដែលមនុស្សសព្វថ្ងៃប្រើប្រាស់ជាប្រចាំផងដែរ។
នៅក្នុងអំឡុងទសវត្សរ៍នៃឆ្នាំ១៩៤០ អ្នកស្រី Hedy Lamarr ជនជាតិអូទ្រីស និងលោក George Antheil បានបង្កើតបច្ចេកវិទ្យាវិទ្យុម្យ៉ាងដែលអាចការពាររលកវិទ្យុរបស់ខ្លួនពីការរារាំងរំខានរបស់ខ្មាំងសត្រូវ។ ការការពារការរារាំងនេះត្រូវបានធ្វើឡើងដើម្បីធានាទំនាក់ទំនងច្បាស់ល្អរវាងទីតាំងផ្សេងៗនៅក្នុងពេលធ្វើសង្គ្រាម។ បច្ចេកវិទ្យាវិទ្យុនេះត្រូវបានគេឲ្យឈ្មោះថា «Spread-Spectrum Radio» ។
វាជាបច្ចេកវិទ្យា ដែលក្រោយមក ត្រូវបានប្រើប្រាស់ដោយប្រព័ន្ធ Bluetooth ។ រយៈប្រមាណជា៤០ឆ្នាំក្រោយ ពោលគឺនៅក្នុងឆ្នាំ១៩៨៩ ក្រុមអ្នកស្រាវជ្រាវខាងបច្ចេកវិទ្យាមួយក្រុម របស់ក្រុមហ៊ុន Ericsson នៃប្រទេសស្វីដង់ ក្នុងនោះមានលោក Jaap Haartsen និងលោក Sven Mattisson បានបង្កើតឧបករណ៍មួយដែលដំណើរការយ៉ាងរលូននៅក្នុងរយៈចម្ងាយខ្លី សម្រាប់ការភ្ជាប់រវាងកំព្យូទ័រ និងកាសដាក់ត្រចៀកមិនប្រើប្រាស់ខ្សែ (Wireless) ។
នៅក្នុងឆ្នាំ១៩៩០ លោក Haartsen បានទទួលពានរង្វាន់សម្រាប់អ្នកបង្កើតថ្មីពីសហគមន៍អឺរ៉ុប ជាមួយនឹងបច្ចេកវិទ្យាមួយនេះ។ មូលហេតុដែល Bluetooth មានប្រជាប្រិយក៏ពីព្រោះតែវាអាចភ្ជាប់ឧបករណ៍រហូតទៅដល់ចំនួន៨គ្រឿងក្នុងពេលតែមួយ មិនងាយទទួលការរំខានពីរលកវិទ្យុខាងក្រៅ និងចំណាយថាមពលតិចក្នុងការដំណើរការ។
ឈ្មោះ Bluetooth មានដើមកំណើត (ដោយមកប្រែពីភាសាដើមមកជាភាសាអង់គ្លេស) មកពីស្តេចបុរាណម្នាក់មានឈ្មោះថា «Harald Blåtand» ដែលបានគ្រប់គ្រងប្រទេសដាណឺម៉ាក និងប្រទេសណ័រវ៉េនៅក្នុងឆ្នាំ៩៥៨ក្រោយគ្រឹស្តសករាជ។ គាត់គឺជាស្តេចដែលបានផ្សារភ្ជាប់ប្រទេសណ័រវ៉េ និងដាណឺម៉ាកជាមួយគ្នា។
ហេតុដូចនេះហើយទើបអ្នកបង្កើតប្រព័ន្ធមួយនេះគិតថាគេបានផ្សារភ្ជាប់ទំនាក់ទំនងរវាងកុំព្យូទ័រជាមួយនឹងប្រព័ន្ធអេឡិចត្រូនិចដទៃទៀត។ សញ្ញា Bluetooth គឺជាការលាយបញ្ចូលគ្នារវាងតួរអក្សរបុរាណមានឈ្មោះថាអក្សរ «Rune» ក្នុងនោះមានអក្សរ «H» តំណាងឲ្យឈ្មោះខាងដើម និង «B» តំណាងឲ្យឈ្មោះខាងចុងរបស់ស្តេចដែលបានរៀបរាប់ខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com