ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
បានចំណូលតិចមែន តែអ្នកស្រី គន្ធា បានចូលរួមយ៉ាងធំធេងរក្សាតម្បាញហូល និងក្បាច់ហូលពីបុរាណ
× តាកែវ៖ របរត្បាញសំពត់ហូល មានការលំបាក ដោយត្រូវការពេលវេលាច្រើន រួមទាំងការអត់ធ្មត់ និងការម៉ត់ចត់ជាដើម។ អ្នកស្រី អ៊ឹម គន្ធា ជាសិប្បការិនីត្បាញសំពត់ហូលជាង ២០ឆ្នាំមកហើយ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបន្តប្រកបរបរត្បាញសំពត់ហូល បើទោះបីតម្លៃសំពត់ហូលមានតម្លៃទាបជាងមុនក៏ដោយ។ ស្ត្រីវ័យជាង៥០ឆ្នាំរូបនេះ ព្រួយបារម្ភចំពោះរបរត្បាញសំពត់ហូល ដែលបច្ចុប្បន្នការត្បាញសំពត់ហូលនៅក្នុងភូមិរបស់អ្នកស្រី មានការធ្លាក់ចុះ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី អ៊ឹម គន្ធា អ្នកត្បាញសំពត់ហូលនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដូចតទៅ៖
នៅភូមិអង្គរវាយ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានប្រជាពលរដ្ឋមួយចំនួន បន្តប្រកបរបរត្បាញសំពត់ហូល ដែលជារបរតពីដូនតារបស់អ្នកភូមិនេះ។ អ្នកស្រី អ៊ឹម គន្ធា ជាសិប្បការិនីត្បាញសំពត់ហូលម្នាក់ ដែលប្រកបរបរនេះ ជាង២០ឆ្នាំមកហើយ។
ស្ថិតនៅក្រោមផ្ទះ អ្នកស្រី អ៊ឹម គន្ធា កំពុងញាប់ដៃជើង អង្គុយត្បាញសំពត់ហូលជូនអតិថិជននៅរាជធានីភ្នំពេញ ដែលតែងបញ្ជាទិញសំពត់ហូលរបស់អ្នកស្រី។ ការត្បាញសំពត់ហូលនេះ ទាមទារឲ្យមានការប្រុងប្រយ័ត្ន អត់ធ្មត់ និងការម៉ត់ចត់ជាដើម។
អ្នកស្រី គន្ធា ចេះត្បាញសំពត់ហូលតពីដូនតារបស់អ្នកស្រី ដែលប្រកបរបរនេះ។ ទោះបីការត្បាញសំពត់ហូលមានផលលំបាក ប៉ុន្តែអ្នកស្រី អ៊ឹម គន្ធា នៅតែបន្តត្បាញ។ «វាជារបស់បុរាណតពីដូនតាមក យើងខំត្បាញទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញ»។ នេះជាការលើកឡើងរបស់អ្នកស្រី អ៊ឹម គន្ធា។
ដើម្បីបានហូលមួយសំពត់ អ្នកស្រី គន្ធា ត្រូវចំណាយពេល ១៥ថ្ងៃ ទាំងការត្បាញ និងការធ្វើសរសៃសូត្រ។ តាមរយៈការត្បាញនេះ បានជួយគ្រួសារអ្នកស្រី គន្ធា ឲ្យមានជីវភាពល្អប្រសើរផងដែរ។ បើតាមអ្នកស្រី គន្ធា តម្លៃសំពត់ហូល និងកម្លាំងពលកម្មនៃការត្បាញ គឺមិនសមគ្នាទេ។ អ្នកស្រី គន្ធា បន្តយ៉ាងដូច្នេះ៖«វាពិបាកដែរ ព្រោះហូលឥឡូវគេឲ្យតម្លៃចុះ បើបានគេឲ្យតម្លៃថ្លៃតិចទៅ អ្នកត្បាញ មានកម្លាំងចិត្តត្បាញ បើហូលចុះថ្លៃអ៊ីចឹង វាពិបាកណាស់»។
ហូលខេត្តតាកែវ មានឈ្មោះល្បីល្បាញ និងពេញនិយមសម្រាប់អ្នកប្រើប្រាស់។ អ្នកស្រី គន្ធា បង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលមានការគាំទ្រច្រើន ហើយអ្នកស្រីក៏ចង់ឲ្យអតិថិជនដទៃទៀត បន្តគាំទ្រស្នាដៃខ្មែរផងដែរ។ «ការត្បាញនេះ គឺកុំឲ្យបាត់វប្បធម៌របស់ដូនតាតាំងពីដើមមក ចង់ឲ្យរក្សាក្បាច់បុរាណឲ្យនៅគង់វង្ស»។ អ្នកស្រី អ៊ឹម គន្ធា លើកឡើងបែបនេះ៕
Tag:
ត្បាញ
សំពត់
ហូល
តាកែវ
របរ
© រក្សាសិទ្ធិដោយ thmeythmey.com