ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Team Lakay រំពឹង​ខ្ពស់​ក្នុង​ការរក​ជោគជ័យ​ត្រឡប់មកវិញ​
29, Mar 2020 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
​គ្រូ​បង្គោល​នៅ​ក្លិប​ប្រដាល់ Team Lakay លោក Mark Sangiao បានដាក់​ផែនការ​ធ្វើ​ឲ្យ​ក្លិប​នៅ​ក្រុង Baguio ត្រឡប់​មករក​ភាពខ្លាំង​វិញ​ដូច​អតីតកាល​។ កាល​បញ្ចប់​នៅ​ឆ្នាំ​២០១៨ Team Lakay កីឡាករ​របស់​ក្លិប​ឈ្នះ​ជើងឯក​ពិភពលោក​ចំនួន ៤ នាក់​។  បន្ទាប់មក​ពួកគេ​ចាញ់​ទាំងអស់​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ឆ្នាំមុន ហើយ​បន្សល់ទុក​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​ឆ្ងល់​ថា​ហេតុអ្វី ឬ ដើរ​ផ្លូវខុស​។


​បែបណា​ក្ដី​ជើង​ខ្លាំង​ជំនាន់​ថ្មី Joshua Pacio ឬ រហស្សនាម “The Passion” បាន​ដណ្ដើម​ខ្សែក្រវាត់ ONE Strawweight World Title ត្រលប់​មកវិញ និង ការពារ​បានសម្រេច​ពីរលើក​។ ចំណែក Danny “The King” Kingad ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់ ONE Flyweight World Grand Prix ប៉ុន្តែ​មិនអាច​គ្រង​ខ្សែក្រវាត់​បាន​នោះទេ​។ 
 
​គ្រូបង្វឹក Sangiao បាន​ថ្លែងថា​ដ៏​រាប​ណា​អ្នក​រាល់គ្នា​បន្ត​តាំងចិត្ត​រួមគ្នា  ដាក់​គោលដៅ​ហ្វឹកហាត់​ឲ្យ​ខ្លាំង និង បង្ហាញ​ឲ្យ​អស់​សមត្ថភាព​របស់ខ្លួន នោះ​គ្មាន​ហេតុផល​ណា​ដែល​មិន​ទទួលបាន​ខ្សែក្រវាត់​មកវិញ​ដូច​កាល​ឆ្នាំ ២០១៨ នោះឡើយ​។  លោក Sangiao បន្តថា​៖ «​ផែនការ​ត្រូវតែ​ឆ្ពោះទៅមុខ ផ្ដោតលើ​ការពង្រឹង​ចំណុចខ្សោយ​ហើយ​បំពេញ​ចន្លោះប្រហោង នោះ​ភាពខ្លាំង​របស់​នឹង​ត្រលប់​មកវិញ មិន​ថា​ប្រកួត​ក្នុង​ជំហរ​ឈរ ដេក ឬ ក្បាច់​ចំបាប់​នោះឡើយ​។ យើង​ចង់បាន​លទ្ធផល​ខ្ពស់បំផុត និង ទទួល​ខ្សែក្រវាត់​ជូន​ក្លិប​វិញ​»​។ 
​ការផ្ដោត​អារម្មណ៍​មិនមែន​សម្រាប់តែ​អតីត​ម្ចាស់​ជើងឯក World Champions នោះទេ ប៉ុន្តែ​ត្រូវ​ធ្វើការ​សម្រាប់​កីឡាករ​ជំនាន់​ក្រោយ​កំពុងតែ​រះ​ជាច្រើន និង​ដើម្បី​ឲ្យ​ពួកគេ​ដណ្ដើមបាន​ខ្សែក្រវាត់​។ Kingad ដែល​គេ​ទទួលស្គាល់ថា​ជា​កីឡាករ​មាន​សក្ដានុពល​ឈ្នះ​ខ្សែក្រវាត់​ពេល​ជួប​ជើង​ខ្លាំង លំដាប់​ពិភពលោក Demetrious “Mighty Mouse” Johnson នៅក្នុង​កម្មវិធី ONE: CENTURY​។ 
 
​បែបណា​ក្ដី លោក Sangiao ជឿជាក់ថា “The King” នឹង​ត្រលប់​មកកាន់​កំពូល​តារាង​វិញ​ក្នុងពេល​ឆាប់ៗ​។ គ្រូបង្វឹក​រូបនេះ​គូសបញ្ជាក់ ៖«[​អ្នក​ទាំងអស់​ខាងលើ​] យើង​ចង់​ឲ្យ Danny ឈ្នះ​ខ្សែក្រវាត់ តាមតែ​អាចធ្វើ​ទៅបាន​។ ហើយ​ខ្ញុំ​ក៏​ជួយ​ដល់ Kevin Belingon និង Eduard Folayang ដើម្បី​ឲ្យ​ពួកគេ​ឈ្នះ​ខ្សែក្រវាត់​មកវិញ​ព្រោះ​អ្វីៗ​មិនទាន់​ចប់​ត្រឹម​នេះឡើយ​»​។ 
​លោក Sangiao នឹង​បង្កើត​ក្រុម​មួយ​ដើម្បី​បន្សល់ទុក​ស្នាដៃ និង ការពារ​ខ្សែក្រវាត់​បានល្អ​ក៏ដូចជា​កសាង​ម្ចាស់​ខ្សែក្រវាត់​ជំនាន់​ថ្មី​។ គន្លឹះ​ជោគជ័យ​គឺ​ត្រូវតែ​ផ្ដល់​កម្លាំងចិត្ត និង ដាក់ចិត្ត​ដាក់​កាយ​ឲ្យ​សមាជិក​ក្រុម​ឈានដល់​កម្រិត​កំពូល​មួយ​។ 
  
​លោក Sangiao គូសបញ្ជាក់​ទៀតថា​៖«​យើង​មិនត្រូវ​ឈប់រៀន​ត្រឹមហ្នឹង និង មិនត្រូវ​ឈប់​ស្រាវជ្រាវ​បង្កើន​ក្បាច់គុន​ដែរ​។ អ្វី​ក៏ដោយ​ដែល​យើង​ទទួល គឺ​យើង​មិនត្រូវ​ឈប់​ត្រឹម​នោះទេ​។ យើង​ត្រូវ​ដើរ​ទៅមុខទៀត និង​គិត​អំពី​តម្រូវ​ការដែល​កីឡាករ​ត្រូវការ​។ យើង​ត្រូវ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​អ្វីៗ​គ្រប់យ៉ាង​ទាំង​ផ្នែក​បច្ចេកទេស និង ស្មារតី​»​។ 
 
​គ្រូបង្វឹក​ខាងលើ​សង្កត់ធ្ងន់ ៖«​ពួកគេ​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន ១០០% មុនពេល​ប្រឡូក​ចូល​សង្វៀន​ប្រកួត​។ ហេតុដូច្នេះ​ហើយ​យើង​ត្រូវធ្វើ​ការ​ជា​ក្រុម​ហើយ​វេញ​ជា​ធ្លុង​មួយ​»៕
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com