ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
យុវជន រ៉​ន រិ​ទ្ធិ គេច​ចេញពី​ធ្វើ​ពលករ​ចំណាកស្រុក​ក្លាយជា​ប្រធាន​ផ្នែក​អាហារូបករណ៍​នៅ​អង្គ​ការជួយ​សិស្ស​ជនបទ​
29, Mar 2020 , 9:59 pm        
រូបភាព
​សៀមរាប​៖ ការសិក្សា​ធ្វើឱ្យ​យុវជន រ៉​ន រិ​ទ្ធិ ផ្លាស់ប្ដូរ​ឆាកជីវិត​បាន​យ៉ាង​ល្អ​។ ជីវិត​ធ្លាប់តែ​ជា​កម្មករ​ឆ្លងដែន​ទៅ​ប្រទេស​គេ ក្លាយជា​សិស្ស​ឆ្នើម និង​ជា​ប្រធាន​ផ្នែក​អាហារូបករណ៍​ក្នុង​អង្គការ​ធំ​មួយ​ដែល​ជួយ​ផ្នែក​អប់រំ​ដល់​សិស្ស​នៅតាម​ជនបទ និង​ខ្វះខាត​។ ដោយសារ​ការសម្រេចចិត្ត​ត្រឡប់មក​រៀន​បន្ត បើទោះបី​ខ្លួនឯង​អាយុ​ច្រើន និង​ត្រូវបាន​អ្នកភូមិ​មិនឱ្យ​តម្លៃក្ដី តែ​យុវជន រ៉​ន រិ​ទ្ធិ មិន​ខ្វល់​ឡើយ ចុងក្រោយ​ការអប់រំ​នេះ​បាន​កែប្រែ​ឆាកជីវិត​យុវជន​អ្នក​ខេត្តកំពង់ធំ​នេះ មាន​ភាព​ត្រ​ចេះ​ត្រចង់​។ 

 
​ចង់ដឹងថា ឆាកជីវិត​របស់​យុវជន រ៉​ន រិ​ទ្ធិ បែបណាខ្លះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​


 
​វាសនា​របស់​មនុ​ស្សពិត​ជា​មិនអាច​មើលឃើញ​ឡើយ​។ អ្នកខ្លះ​បច្ចុប្បន្ន​ក្រខ្សត់ តែ​អនាគត​អាច​ក្លាយជា​អ្នកមាន ខ្លះទៀត​បច្ចុបន្ន​មានទ្រព្យ​ហូរហៀរ តែ​អនាគត​អាច​ផ្លាស់ប្ដូរ​បាន​គ្រប់ពេល ដែល​យើង​មិនអាច​ដឹង​មុន​។ ឆាកជីវិត​របស់​យុវជន រ៉​ន រិ​ទ្ធិ ក៏បាន​ផ្លាស់ប្ដូរ​ស្ទើរ​មិន​នឹកស្មាន​ដល់​។ រិ​ទ្ធិ ធ្លាប់ធ្វើ​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ តែ​សព្វថ្ងៃ​គេ​ជា​និស្សិត​ដ៏​ពូកែ​ម្នាក់​។​
 
​ឆ្នាំនេះ រិ​ទ្ធិ អាយុ​២៩​ឆ្នាំ តែ​គេ​មិនទាន់​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅឡើយ​។ រិ​ទ្ធិ កំពុង​សិក្សា​ឆ្នាំ​ទី​៤ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ នា​ក្រុង​សៀមរាប និង​ត្រៀម​ទៅ​បន្ដ​ថ្នាក់អនុបណ្ឌិត​ទៀត​នៅ​រា​ជន​ធានី​ភ្នំពេញ​។ យុវជន​អ្នកស្រុក​ស្ទោង ខេត្តកំពង់ធំ​រូបនេះ​ទទួលបាន​អាហារូបករណ៍​ពី​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ សម្រាប់​ការ​រ៉ាប់រង​ទាំងស្រុង​លើ​ការរៀនសូត្រ​នៅ​ក្រុង​សៀមរាប​។ ក្នុង​អង្គការ​នេះ រិ​ទ្ធិ ក៏បាន​ក្លាយជា​ប្រធាន​ផ្នែក​អាហារូបករណ៍ និង​ជា​បុគ្គល​ដ៏​សកម្ម​មួយរូប​ក្នុង​អង្គការ​។​
 
​យុវជន រិ​ទ្ធិ មាន​ស្រុកកំណើត​នៅ​ភូមិ​សៀម​ពាយ ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ខេត្តកំពង់ធំ  បានសម្រេច​បោះបង់​ការ​សិក្សា​នៅពេល​គេ​រៀន​ថ្នាក់​ទី​៦​។ រិ​ទ្ធិ បានចេញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​តាម​ឪពុក និង​តាម​អ្នកភូមិ​ឯទៀត​ដែល​ភាគច្រើន​ចេញពី​ស្រុកកំណើត ក្រោយ​រដូវ​ច្រូតកាត់​រួច​។ នៅ​ទីនោះ រិ​ទ្ធិ​កាលណោះ​ជា​កុមារ​នៅឡើយ ត្រូវ​ស៊ីឈ្នួល​កាប់​អំពៅ ដក​ដំឡូង និង​បេះ​ម្ទេស​ឱ្យ​ថៅកែ​ជនជាតិ​ថៃ​។ រិ​ទ្ធិ រំឭក​ពី​ការងារ​នៅ​ទីនោះ​យ៉ាង​ដូច្នេះ​ថា​៖« ...​ក្មេងៗ​នៅ​ភូមិ​ភាគច្រើន​រៀន​ថ្នាក់​ទី​៧ ទី​៨​ឈប់រៀន​ទៅ​ថៃ ខ្ញុំ​ក៏​ទៅ​ដែរ ពេល​ទៅ​ថៃ​មានការ​លំបាក​រស់នៅក្នុង​ព្រៃ ពេល​ទៅ​ផ្សារ​ម្ដងៗ​យើង​ភ័យខ្លាច​ប៉ូលិស​ចាប់ ព្រោះ​យើង​ជា​ពលករ​ខុសច្បាប់ យើង​ប្រើ​កម្លាំង​កាប់​អំពៅ ដក​ដំឡូង បេះ​ម្ទេស​...»​។​
 
​រិ​ទ្ធិ រំឭក​ទៀតថា​៖« ទៅជា​មួយ​ឪពុក ទៅបាន​មួយខែ​គាត់​ធ្លាក់ខ្លួន​ឈឺ ពេលនោះ​ពឹង​លើ​ខ្ញុំ​ម្នាក់ឯង​រកលុយ កាប់​អំពៅ​មួយ​បាច់​បាន​មួយ​បាត ខ្ញុំ​ប្រឹង​កាប់​ឱ្យបាន​១០០​បាច់ កាប់​មិនបាន ណាមួយ​ពេលនោះ​យើង​នៅ​តូច មួយថ្ងៃ​បានតែ​៥០​ទៅ​៦០​បាច់ ចឹ​ង​លុយ​ទិញ​ម្ហូប​ផង ទិញ​ថ្នាំ​ផង និង​បង់ថ្លៃ​ប៉ូលិស រយៈពេល​៣​ខែ​ខ្ញុំ​សល់​លុយ​តែ​២០០​បាត​ប៉ុណ្ណោះ​»​។​
 
​ឆ្លងកាត់​ការលំបាក​ជាច្រើន​នៅ​ប្រទេស​ថៃ  រិ​ទ្ធិ កើត​គំនិត​ថា មានតែ​ការវិល​ត្រឡប់មក​សិក្សា​វិញ​ទេ ទើប​អាចឱ្យ​ខ្លួន​ចាក​ឆ្ងាយ​ពី​ការលំបាក​ទាំង​ប៉ុន្មាន លែង​ប្រើ​កម្លាំង​សម្រាប់​ធ្វើការ​តទៅទៀត​។ រិ​ទ្ធិ បាន​សុំ​គ្រួសារ​ដើម្បី​ចូលរៀន​វិញ តែដោយសារ​ការខ្វះខាត គ្រួសារ​មិនមាន​លទ្ធភាព​ឱ្យ​រៀនសូត្រ​បាន រិ​ទ្ធិ សម្រេចចិត្ត​បួស និង​ជ្រក​ក្រោម​ម្លប់​ព្រះពុទ្ធសាសនា ដើម្បី​បាន​រៀន​បន្ត​។ «​ខ្ញុំ​ក៏បាន​បួស ហើយ​ចូលរៀន​ថ្នាក់​ទី​៦​ដដែល ពេលនោះ​ខ្ញុំ​អាយុ​១៨​ឆ្នាំ​ទៅហើយ​»​។ រិ​ទ្ធិ រំឭក​។​
 
​បន្ទាប់ពី​បួស​រៀន​ក្នុង​វត្ត​ច្រើន​ឆ្នាំ រិ​ទ្ធិ ក៏បាន​ប្រ​ឡប់​ជាប់​ថ្នាក់​ទី​១២ និង​បានដឹង​ពី​អាហារូបករណ៍​នៅ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ និង​បាន​ប្រឡង​ជាប់​នៅទីនេះ​។ ជីវិត​ធ្លាប់តែ​លំបាក និង​ឆ្លងកាត់​ការតស៊ូ​ជាច្រើន រិ​ទ្ធិ មិន​ធ្លាប់​ស្រមៃ​ទាល់តែសោះ​ថា​ខ្លួន​មាន​ថ្ងៃនេះ​។ «១០​ឆ្នាំមុន ខ្ញុំ​ឃ្វៀលគោ ទៅ​រៀន​ដើរ ហើយ​បច្ចុប្បន្ន​វា​ខុសគ្នា​រហូតដល់​ខ្ញុំ​មានឱកាស​ធ្វើជា​អគ្គរាជទូត​តំណាង​អង្គការ​ទៅធ្វើ​បទ​បង្ហាញ​នៅ​ញូ​ហ្សើ​ឡែ​ន នៅមុខ​មហាជន​៥០០​ទៅ​១​ពាន់​នាក់ ហើយ​កាន់​ក្បាល​មេក្រូ​និយាយ​ជា​ភាសា​អង់គ្លេស វា​ជា​មោទនភាព​មែនទែន តម្លៃ​នៃ​ការអប់រំ​វា​ពិតជា​អស្ចារ្យ​មែនទែន បើសិនជា​គ្មាន​តម្លៃ​អប់រំ​ទេ ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​នេះដែរ​»​។ រិ​ទ្ធិ បន្ថែម​។​
 
​បទពិសោធន៍​ក្នុង​ឆាកជីវិត​កើត​ក្នុង​គ្រួសារ​ក្រីក្រ តាម​ឪពុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ  រិ​ទ្ធិ ចង់ឱ្យ​យុវជន​ជំនាន់​ក្រោយ​រៀន​ពីអ្វី​ដែល​ខ្លួន​ឆ្លងកាត់​កន្លងមក​។ យុវជន​រូបនេះ មាន​ការគិត​វែងឆ្ងាយ ហើយ​ផ្តាំ​ទៅ​ក្មេងៗ​ឯទៀត​ត្រូវ​តោង​ចាប់​ការរៀនសូត្រ ព្រោះថា​មានតែ​ការអប់រំ​ប៉ុណ្ណោះ​ដែល​អាចជួយ​ជីវិត​យើង​ឱ្យ​ល្អប្រសើរ​បាន ហើយ​មិនត្រូវ​ស្ដាប់​ការ​និន្ទា​ពី​គេឯង ព្រោះថា​ការ​ជំនះ​នឹង​ភាព​និន្ទា​ទាំង​នោះទេ ជា​ជោគជ័យ​ពិតប្រាកដ​សម្រាប់​ជីវិត​យើង​ម្នាក់ៗ​៕
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com