អន្តរជាតិ
​បច្ចេកវិទ្យា
តើ​«RADAR»​ជា​អ្វី​? ជា​ដំណើរការ​ដូចម្តេច​?
29, Mar 2020 , 10:30 pm        
រូបភាព
​សព្វថ្ងៃ ប្រព័ន្ធ​រ៉ា​ដា ឬ​«RADAR»​ត្រូវបាន​គេ​ប្រើប្រាស់​លើ​វិស័យ​ជាច្រើន ជាពិសេស​មធ្យោបាយ​ធ្វើដំណើរ និង​យោធា ដែល​នៅ​ក្នុងនោះ​មានដូចជា​ការធ្វើដំណើរ​តាម​អាកាស និង​តាម​សមុទ្រ​។ ដោយសារតែ​ចម្ងាយ​ផ្លូវ ទីតាំង​ធ្វើដំណើរ​ដ៏​ធំធេង និង​ចរាចរ​ធ្វើដំណើរ​កាន់តែ​មាន​ភាព​មមាញឹក​ឡើងៗ ប្រព័ន្ធ​រ៉ា​ដា​ជា​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ពិសេស​មួយ​មាន​នាទី​ក្នុងការ​ជំនួយ​អ្នកបើកបរ​យាន​ទាំងនោះ​។​

 
​ចំពោះ​វិស័យ​អាកាសចរណ៍​ស៊ីវិល​វិញ អ្នកបើកបរ​យន្តហោះ​នឹងមាន​ភាពលំបាក​ខ្លាំង ក្នុងការ​ចុះចត​ដោយ​គ្មាន​ប្រព័ន្ធ​រ៉ា​ដា​ជា​ជំនួយ​។ តើ​ពាក្យ​ថា​«RADAR»​មានន័យ​ពេញ​ដូចម្តេច​? វា​ត្រូវបាន​គេ​ផលិត និង​ប្រើប្រាស់​ដំបូង​នៅពេលណា​? ដោយ​នរណា​? 
 
​រ៉ា​ដា​គឺជា​ផ្នែក​មួយ​នៃ​ការពិនិត្យ​មើល​រប​ស់ម​នុស្ស​ដោយ​ប្រើប្រាស់​មធ្យោបាយ​ពិសេស​មួយ​។ មធ្យោបាយ​ពិសេស​នេះ​គឺជា​ការប្រើប្រាស់​រលក​វិទ្យុ​ខ្លាំង ឬ​ប្រេកង់​ខ្ពស់​។ ក្នុងករណី​ធម្មតា ភ្នែក​មនុស្ស​អាច​មើល​វត្ថុ​អ្វីមួយ​បាន​គឺ​ដោយសារតែ​ពន្លឺ​ដែល​បញ្ចេញ​ពី​ប្រភព​ពន្លឺ (​ឧ​ទារ​ហណ៍​៖​ព្រះអាទិត្យ​) ផ្លាត​ពីលើ​វត្ថុ​នោះ​ចូលមកក្នុង​ភ្នែក​របស់​យើង​។ ហេតុដូចនេះ ទើប​ពេលយប់​មិនសូវ​ជាមាន​ពន្លឺ អ្នក​មិនអាច​មើលឃើញ​អ្វី​បាន​ច្បាស់​ប៉ុន្មាន​នោះទេ​។ ដូច្នេះ អ្នក​ត្រូវ​ប្រើប្រាស់​ពិល​ដែលជា​ប្រភព​ពន្លឺ​ដើម្បី​ជំនួយ​ការមើល​។ 
 
​គេហទំព័រ explainthatstuff.com បាន​ពន្យល់ថា រ៉ា​ដា​ក៏​ដំណើរ​ក្នុង​លំនាំ​ស្រដៀង​គ្នា​ទៅនឹង​និយមន័យ​ខាងលើ​ដែរ​។ តែ​សម្រាប់​រ៉ា​ដា វា​ហាក់បីដូចជា​ពិល​ដែល​ប្រើប្រាស់​រលក​វិទ្យុ ជៀស​ជាង​ថាមពល​ពន្លឺ​។ RADAR មាន​ឃ្លា​ពេញ​ថា «Radio Detection and Ranging» ។ នៅពេលដែល​រលក​ទាំង​នោះ​ត្រូវបាន​បញ្ចេញ វា​នឹងធ្វើ​ដំណើរ​ទៅ​ប៉ះ​ជាមួយនឹង​វត្ថុ​អ្វីមួយ​ដែល​នៅក្បែរ​។ រលក​វិទ្យុ​ដែល​ទៅ​ប៉ះ​នឹង​វត្ថុ​នឹង​ផ្លាក​មក​ឧបករណ៍​រ៉ា​ដា​វិញ បង្ហាញថា​មាន​អ្វីមួយ​នៅ​ចំ​ទិសដៅ​នៃ​រលក​នោះ​។​
 
 ចំណែកឯ​រយៈពេល​ដែល​រលក​នោះ​ធ្វើដំណើរ​ទៅ និង​ត្រលប់​មកវិញ អាច​បង្ហាញ​ពី​ចម្ងាយ​របស់​វត្ថុ​នោះ​ពី​ប្រព័ន្ធ​រ៉ា​ដា​បាន​។ រលក​វិទ្យុ​របស់​ប្រព័ន្ធ​រ៉ា​ដា​គឺជា​ផ្នែក​មួយ​នៃ​រលក​អេ​ឡិច​ត្រូ​មា​ញ៉េ​ទិច​ដែល​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​នៃ​ពន្លឺ​រហូត​ទៅដល់​៣០០​ពាន់​គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី​។ ក្រៅពី​វិស័យ​យោធា ប្រព័ន្ធ​រ៉ា​ដា​ក៏​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុងការ​ពិនិត្យមើល​លំនាំ​អាកាសធាតុ ទឹកភ្លៀង និង​វិធីសាស្ត្រ​វាស់វែង​ធាតុអាកាស​ផ្សេងៗ​ទៀតផង​ដែរ​។ 
 
​ចំពោះ​នាវាមុជទឹក​វិញ ពួកគេ​មិនអាច​ប្រើប្រាស់​រ៉ា​ដា​បានទេ​ដោយសារតែ​ដង់ស៊ីតេ​ដ៏​ក្រាស់​នៃ​ម​ជ្ឍ​ដ្ឋា​ន​ទឹក​។ ដោយឡែក​គេ​អាច​ប្រើប្រាស់​ប្រព័ន្ធ SONAR ឬ «Sound Navigation and Ranging» ដែល​ប្រើប្រាស់​រលក​សម្លេង​ជៀស​ជាង​រលក​វិទ្យុ​។ 
 
​លោក Robert Watson-Watt ជនជាតិ​ស្តុ​ត (១៨៩២-១៩៧៣) ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ជាច្រើនរូប​កំណត់ថា​ជា​បុគ្គល​ដំបូង​ដែល​បាន​បង្កើត​ប្រព័ន្ធ​រ៉ា​ដា​នេះ​ឡើង ក្នុងការ​ពិនិត្យមើល​ធាតុអាកាស​នា​សង្គ្រាមលោក​លើកទីមួយ​។ នៅ​ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី​ពីរ លោក Watson-Watt ជាមួយនឹង​ជំនួយការ​របស់លោក លោក Arnold Wilkins បាន​យក​ប្រព័ន្ធ​រ៉ា​ដា​នេះ​ទៅប្រើ​ប្រាស់​ក្នុងការ​ចាប់យក​វត្តមាន​របស់​យន្តហោះ​សត្រូវ​នៅលើ​អាកាស​ពី​ចម្ងាយ​។ វា​ក៏​ជា​ផ្នែក​មួយ​ដែល​បាន​ជួយ​ឲ្យ​ចក្រភព​អង់គ្លេស​ទទួលបាន​ជ័យជំនះ​ក្នុង​សង្គ្រាមលោកលើកទីពីរ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com