COVID-19
ជាតិ
សង្គមជាតិ
ទប់ស្កាត់ការឆ្លងវីរុសCOVID-19 ដល់អតិថិជន!
× ភ្នំពេញ៖ «ទប់ស្កាត់ និងការពារការឆ្លងវីរុសCOVID-19 ដល់អតិថិជន»។ ហាងកាហ្វេ(Coffee Plus) មួយកន្លែង នៅជិតស្តាម៉ាត ក្បែស្តុបបូកគោ រាជធានីភ្នំពេញ បានអនុវត្តវិធានការការពារជំងឺវីរុសCOVID-19 ដល់អតិថិជន តាមរយៈការបោស និងជូតសម្អាតកន្លែងភ្ញៀវអង្គុយ ដោយប្រើទឹកអាល់កុល និងទឹកសម្លាប់មេរោគផ្សេងទៀត ដើម្បីធានាសុវត្ថិភាពសុខមាលភាពដល់ពួកគេ។
«មេ(ថៅកែ)ឱ្យខ្ញុំជូតសម្អាតតុ និងកៅអីអង្គុយ១ម៉ោងម្ដង ប៉ុន្តែខ្ញុំជូន២០នាទី ឬ១០នាទីម្ដង ព្រោះមិនអាចទុកចិត្តវីរុស(COVID-19) នេះ បានទេ»។ នេះជាការបញ្ជាក់របស់អ្នកស្រី សៀក បញ្ញា ដែលជាបុគ្គលិកផ្នែកសម្អាត នៅស្ដាម៉ាត និងហាងកាហ្វេ នាហ្គារ៉ាសសាំងកាល់តិច ជិតស្ដុបបូកគោក។
អ្នកស្រី សៀក បញ្ញា មិនចង់ឱ្យភ្ញៀវចូលហាងកាហ្វេនេះ បារម្ភពីសុវត្ថិភាពអនាម័យ ដោយសារវីរុសCOVID-19 កំពុងរាតត្បាតនៅកម្ពុជា និងក្នុងពិភពលោកឡើយ។ រាល់ពេលដែលភ្ញៀវក្រោកចេញពីតុ និងកៅអីនោះ អ្នកស្រី បញ្ញា ក៏កាន់ទឹកថ្នាំសម្លាប់មេរោគ និងកំណាត់តូចមួយ ដើរសំដៅទៅតុនោះ ដើម្បីជូតសម្អាតឱ្យមានរបៀបរៀបរយ សម្រាប់ភ្ញៀវដទៃទៀត អាចមកអង្គុយពិសារកាហ្វេបាន ដោយភាពកក់ក្ដៅ។
សូមទស្សនាវីដេអូខាងក្រោម៖
ដៃម្ខាងកាន់ទឹកថ្នាំបាញ់លើតុ កៅអី និងដៃម្ខាងទៀតជូតនោះ បុគ្គលិកសម្អាតដែលបម្រើការងារ២ឆ្នាំនៅទីតាំងខាងលើនេះ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«សំខាន់យើងអនាម័យឱ្យបានល្អអ៊ីចឹងទៅ យើងជួយថែសម្អាតទៅ។ និយាយរួមទៅយើងមានគំនិតថា បើសិនជាមានអ្នកណាគេកើតវីរុស(មកកន្លែងញាំកាហ្វេ) យើងបាញ់(ថ្នាំសម្លាប់មេរោគ)ទៅ វាងាប់…អ៊ីចឹងអ្នកមកក្រោយ ក៏អត់មានភ័យរឿងមេរោគដែរ ព្រោះយើង(បាញ់ថ្នាំ)សម្លាប់អស់ហើយ»។
អ្នកស្រី សៀក បញ្ញា ដែលទទួលបានព័ត៌មានពីជំងឺCOVID-19 តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការណែនាំបន្ថែមពីថៅកែខ្លួននោះ ស្នើឱ្យពលរដ្ឋ ក៏ដូចជាអតិថិជនទាំងអស់ រួមគ្នាទប់ស្កាត់ជំងឺCOVID-19នេះ ដើម្បីទប់ស្កាត់ការចម្លងគ្នាទៅវិញទៅមក៕
Tag:
COVID-19
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com