ជាតិ
រដ្ឋសភា ប្រជុំ​អនុម័ត​សមាសភាព​គណៈរដ្ឋមន្ត្រី
30, Mar 2020 , 8:41 am        
រូបភាព
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​ការស្នើសុំ​រុះរើ​គណៈរដ្ឋមន្ត្រី របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៣០ មីនា​។


 
​បើតាម​លិខិត​មួយ​របស់​សម្ដេច ហ៊ុន សែន ផ្ញើ​ទៅ​ប្រធានរដ្ឋសភា​សម្ដេច ហេង សំរិន នោះ គឺមាន​រដ្ឋមន្ត្រី​ថ្មី​៤​រូប ដែល​ត្រូវ​បានស្នើ​ឲ្យ​តែងតាំង រួមមាន លោក កើត រិ​ទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំនួស​លោក អង្គ វង្សវឌ្ឍានា​, លោក ព្រុំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ជំនួស​លោក ពេជ្រ ប៊ុនធិន​, លោក ជា វ៉ាន់​ដេ​ត ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជំនួស​លោក ត្រាំ អ៊ីវតឹក​, និង លោក ឈិ​ត សុខុន ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ជំនួស​លោក ហ៊ឹម ឆែម​។ 
 
​ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ទាំង​៤​រូប ដែល​នឹងត្រូវ​ប្តូរ​ចេញ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ទាំងអស់គ្នា​។ លិខិត​តែងតាំង និង​កែសម្រួល​សមាភាព​គណៈរ​ដ្ឋ​មន្ត្រី​នេះ ត្រូវបាន​បង្ហោះ​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​
 
​មូល​ហេតុដែល​សម្ដេចនាយក​រដ្ឋមន្ត្រី បានសម្រេច​កែសម្រួល​ស​មាស​ភាព​រាជរដ្ឋាភិបាល ក្រោយពី​សម្ដេច សង្កេតឃើញ​រដ្ឋមន្ត្រីក្រសួង​ខ្លះ​បំពេញការងារ​យឺតយ៉ាវ មិន​ឆ្លើយតប​តាម​គោលនយោបាយ​រដ្ឋាភិបាល​។​មុខ​រដ្ឋាភិបាល ធ្លាប់​ប្រកាស​កាលពី​ថ្ងៃទី​២៤ កុម្ភៈ​ថា​៖«​វា​មិន​ដល់​ថ្នាក់​រំលាយ​រដ្ឋាភិបាល​ទេ យើង​គ្រាន់តែ​ឃើញ​ភាពស្ពឹក​ស្រពន់​នៅ​កន្លែង​ខ្លះ ហើយ​កន្លែង​ខ្លះ​ប្រសិទ្ធភាព​វា​តិច ដែល​មិនទាន់​ឆ្លើយតប​តាម​ការចង់បាន​របស់​យើង​»​។​
 
​កន្លងមក​អ្នកវិភាគ ក៏​ធ្លាប់​ស្នើឱ្យ​រដ្ឋាភិបាល ជម្រុះ​មន្ត្រី​ចាស់​ណា ដែល​បំពេញការងារ​គ្មាន​ប្រសិទ្ធភាព ហើយ​ចាក់​បញ្ចូល​មន្ត្រី​ថ្មី ដែល​ពោរពេញ​ទៅដោយ​គុណភាព និង​គំនិត​ច្នៃប្រឌិត​ថ្មី ក្នុង​ការបម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ពិតប្រាកដ​។ មិនតែប៉ុណ្ណោះ​ពួកគេ ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល បង្រួម​ក្រសួង​មួយចំនួន​វិញ​ផងដែរ ដោយសារតែ​ក្រសួង​ខ្លះ បំពេញការងារ​ជាន់គ្នា ហើយ​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ​។ ក្នុងនោះ​រួមមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ , ក្រសួង​ធនធានទឹក​, ក្រសួង​អភិវឌ្ឍន៍ជនបទ​ជាដើម​។ ចំណែក​ក្រសួង​រ៉ែ និង​ថាមពល ,​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម (​បច្ចុប្បន្ន​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​)​ក៏​រួមបញ្ចូល​គ្នា​វិញ​ដែរ​៕

Tag:
 ហ៊ុន សែន​
  គណៈរដ្ឋមន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com