COVID-19
ជាតិ
បុរស​ខ្មែរ​ដំបូង​ដែល​ឆ្លង COVID-19 ជាសះស្បើយ ក្រោយ​ព្យាបាល​ជិត​មួយខែ​
30, Mar 2020 , 10:49 am        
រូបភាព
​សៀមរាប​៖ បុរស​ជនជាតិខ្មែរ​អា​យុ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​ជនជាតិ​ជប៉ុន បានជា​សះស្បើយ​ហើយ បន្ទាប់ពី​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ជិត​មួយខែ​រួចមក​។ បុរស​រូបនេះ ត្រូវបាន​ធ្វើតេស្ដ​រកឃើញ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៧ មីនា​។​

 
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុមគ្រូពេទ្យ​នឹង​អនុញ្ញាត ឱ្យ​បុរស​ជនជាតិខ្មែរ​ដំបូង​គេ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រឡប់​ទៅវិញ​នៅ​រសៀល​ថ្ងៃទី​៣០ មីនា​នេះ​។ លោក​បញ្ជាក់ថា លទ្ធផល​តេស្ដ​បញ្ជាក់​ពី​ភាពអវិជ្ជមាន នៃ​ជំងឺ​ចំនួន​២​លើក​ជាប់​គ្នា គឺ​មានន័យថា បុរស​រូបនេះ​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​ឥ​១៩​នេះហើយ​។ 
 
​លោក ក្រុស សារ៉ាត់ បន្ថែមថា បុរស​វ័យ​៣៨​ឆ្នាំនេះ បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប តាំងពី​ថ្ងៃទី​៥ មីនា គឺ​មកដល់ពេលនេះ​មាន​រយៈពេល​២៤​ថ្ងៃ​។ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​មិនបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​ដែល​ការព្យាបាល​អ្នកជំងឺ​រូបនេះ​មាន​រយៈពេល​យូរ​បែបនេះ​នោះទេ តែ​កន្លងមក​តាម​ការ​បង្ហើ​ប​ពី​ក្រុមគ្រូពេទ្យ អ្នកជំងឺ​រូបនេះ​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​ក្នុង​ខ្លួន ទើប​ធ្វើឱ្យ​មេរោគ​ថមថយ​រៀង​យឺត​៕

© រក្សាសិទ្ធិដោយ thmeythmey.com