អន្តរជាតិ
កូរ៉េខាងជើង ប្រកាស​ទទួលជោគជ័យ​លើ​ការបាញ់​សាកល្បង​ជើង​ទម្រ​ធុន​យក្ស​
30, Mar 2020 , 2:05 pm        
រូបភាព
ជើងទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះធុនយកុ្សរបស់កូរ៉េខាងជើង។ រូបភាព៖ KCNA
ជើងទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះធុនយកុ្សរបស់កូរ៉េខាងជើង។ រូបភាព៖ KCNA
​កូរ៉េខាងជើង បានប្រកាស​ទទួលជោគជ័យ​យ៉ាង​ធំធេង ​លើ​ការសាកល្បងជើង​ទម្រ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ​ធុន​យក្ស (Super-large multiple rocket launchers) ដែល​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី​ពីរ​គ្រាប់ ​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ខាងកើត​(​ដែនទឹក​របស់​ជប៉ុន​)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA នា​ថ្ងៃទី​៣០ ខែមីនា​។ ការបាញ់​សាកល្បង​នេះ ធ្វើឡើង​ខណៈពេល​ពិភពលោក កំពុងតែ​ប្រយុទ្ធប្រឆាំង​ជាមួយ ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុសប្រភេទថ្មី (COVID-19)​។​


 
​ខណៈពេល​COVID-19 កំពុងតែ​អុកឡុក​នៅ​ជុំវិញ​ពិភពលោក កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់ ​សំដៅទៅ​សមុទ្រ​ខាងត្បូង នា​ថ្ងៃទី​២៩ ខែមីនា​។ បើតាម​ការអះអាង​រប​ស់នាយ​សេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង មី​ស៊ី​លពីរ​គ្រាប់​នេះ បាន​បាញ់​ចេញ​ពីក្រុង​ Wonsan ដោយ​ហោះ​បាន​ចម្ងាយ ២៣០​គីឡូម៉ែត្រ និង​រយៈកម្ពស់ ៣០​គីឡូម៉ែត្រ មុន​ធ្លាក់​ចូលក្នុង​សមុទ្រ​ជប៉ុន​។  
 
​ទាក់ទង​ទៅនឹង​ការសាកល្បង​មី​ស៊ី​ល​ទាំងពីរ​គ្រាប់​នេះ ទីក្រុង​ព្យុងយ៉ាង អះអាងថា ការសាកល្បង ជើង​ទម្រ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ​ធុន​យក្ស​លើក​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ​បញ្ហា​បច្ចេកទេស និង​យុទ្ធសាស្ត្រ​។ ការសាកល្បង​លើក​នេះ ​​ដឹកនាំ​ដោយ​លោក  Ri Pyong Chol អនុប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង នៅ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ការពារជាតិ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​ស្រង់​សម្ដី​លោក Ri ថា៖«​ការបាញ់​សាកល្បង គឺ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​»​។ ម្យ៉ាងវិញទៀត ការសាកល្បង​ជើង​ទម្រង់​បាញ់​គ្រាប់​រ៉ុក្កែត​លើក​នេះ គឺជា​កិច្ចការ​ដ៏​សំខាន់ ក្នុង​ការពង្រឹង​យុទ្ធសាស្ត្រ​ថ្មី និង​ប្រព័ន្ធ​ការពារជាតិ​របស់​ប្រទេស​។ 
 
​មួយរយៈ​ចុងក្រោយ​នេះ កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ជា​បន្តបន្ទាប់ ស្របពេល​ពិភពលោក កំពុង​ជាប់ដៃ​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​រ៉ូ​ណាវី​រុស​។ សរុប​ទាំង​ការសាកល្បង​ពេលនេះ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចំនួន ៤​លើក​ហើយ ចាប់តាំងពី​ថ្ងៃទី​២ ខែមីនា ហើយ​វា​ក៏​ជាការ​បាញ់​លើក​ទី​៤​ដែរ ក្នុង​ឆ្នាំ ២០២០​នេះ​។ 
 
​សូមបញ្ជាក់ថា មកទល់ពេលនេះ ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ព្យុងយ៉ាង មិនទាន់​បានឃើញ​កិច្ចព្រមព្រៀង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ​ជាមួយគ្នា​នៅឡើយ​ទេ បន្ទាប់ពី​អាក់ខាន​ជួបចរចា​គ្នា អស់​រយៈពេល​ជា​យូរ​ខែ​កន្លងមក ៕

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com